Accessibility links

Breaking News

បទវិចារណកថា៖ ការដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​អ៊ូហ្គាន់ដា​សម្រាប់​ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ


មន្ត្រីបោះឆ្នោត​បង្ហាញ​សន្លឹក​ឆ្នោត​មួយ​សន្លឹក បន្ទាប់ពី​ស្ថានីយ៍​បោះឆ្នោត​បិទទ្វារ​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​អ៊ូហ្គាន់ដា នៅ​ថ្ងៃទី១៤ ខែមករា នាំ២០២១។
មន្ត្រីបោះឆ្នោត​បង្ហាញ​សន្លឹក​ឆ្នោត​មួយ​សន្លឹក បន្ទាប់ពី​ស្ថានីយ៍​បោះឆ្នោត​បិទទ្វារ​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​អ៊ូហ្គាន់ដា នៅ​ថ្ងៃទី១៤ ខែមករា នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា លោក​ប្រធានាធិបតី Yoweri Museveni អាយុ ៧៦ ឆ្នាំ ដែល​បាន​កាន់​តំណែង​តាំងពី​ឆ្នាំ ១៩៨៦ មក បាន​ឈ្នះ​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ១៤ ខែ​មករា ​កន្លង​ទៅ​នេះ។

ទោះជា​យ៉ាង​នេះ​ក្ដី សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ដំណើរការ​បោះឆ្នោត​នេះ​ មាន​លក្ខណៈ​មិន​សេរី​និង​មិន​យុត្តិធម៌ និង​បាន​សន្យា​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ទាក់ទិន​នឹង​ការ​បោះឆ្នោត ឬ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ១៦ ខែ​មេសា​កន្លង​ទៅ​នេះ​ថា ទង្វើ​របស់​រដ្ឋាភិបាល​អ៊ូហ្គាន់ដា «តំណាង​ឲ្យ​គន្លង​ធ្លាក់​ចុះ​ជា​បន្ត​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​និង​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​អ៊ូហ្គាន់ដា»។

លោក Blinken បាន​និយាយ​ដូច្នេះ​ថា៖ «បេក្ខជន​គណបក្ស​ប្រឆាំង​តែងតែ​ត្រូវ​បាន​យាយី ចាប់​ខ្លួន និង​ដាក់​ឃុំ​ខុស​ច្បាប់​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់។ កង​កម្លាំង​សន្តិសុខ​អ៊ូហ្គាន់ដា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​និង​ការ​រង​របួស​របស់​មនុស្ស​ស្លូតត្រង់​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រាប់​សិប​នាក់ ក៏ដូចជា​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​កាសែត​ដែល​បាន​កើតឡើង​នៅ​មុន ក្នុង​អំឡុងពេល និង​ក្រោយ​ពេល​បោះឆ្នោត​ផងដែរ»។

លោក Blinken បាន​បន្ត​ថា៖ «អង្គការ​សង្គម​ស៊ីវិល​និង​សកម្មជន​នានា​ដែល​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​ស្ថាប័ន​បោះឆ្នោត​និង​ដំណើរការ​បោះឆ្នោត​ដែល​មាន​តម្លាភាព ត្រូវ​បាន​យាយី គំរាមកំហែង ចាប់​ខ្លួន បញ្ជូន​ចេញ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ដោយ​មិន​សម​ហេតុ​ផល ក៏ដូចជា​ត្រូវ​បាន​រារាំង​លទ្ធភាព​នៅ​ក្នុង​ការ​ប្រើ​គណនី​ធនាគារ​របស់​ពួកគេ​ផងដែរ»។

លោក Blinken បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​អ៊ូហ្គាន់ដា​បាន​ដាក់​កំហិត​ចំពោះ​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ទាំង​ក្នុង​ប្រទេស​និង​អន្តរជាតិ និង​សង្គម​ស៊ីវិល ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាច​សង្កេតការណ៍​ដំណើរការ​បោះឆ្នោត​នេះ​បាន បាន​កត់​សម្គាល់​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​មុន ក្នុង​អំឡុងពេល និង​ក្រោយ​ពេល​បោះឆ្នោត។ ភាព​មិន​ប្រក្រតី​នេះ​បាន​បំផ្លាញ​ដល់​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន​របស់​ការ​បោះឆ្នោត»។

បន្ទាប់មក លោក Blinken បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ដាក់​កំហិត​ទិដ្ឋាការ​លើ​អ្នក​ណា​ដែល​ខ្លួន​ជឿ​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត និង​ក្នុង​អំឡុពេល​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​ផងដែរ។

ករណី​នេះ​មាន​ន័យ​ថា បុគ្គល​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មិន​មាន​សិទ្ធិ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ការ​ដាក់​កំហិត​ទាំង​នេះ​ក៏​ប្រហែលជា​អាច​សំដៅ​ផងដែរ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នោះ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «រដ្ឋាភិបាល​អ៊ូហ្គាន់ដា​ត្រូវតែ​កែ​លម្អ​ប្រវត្តិ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ និង​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​បញ្ហា និង​ដែល​បង្ក​អំពើ​ហិង្សា​និង​ការ​គំរាមកំហែង ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

លោក Blinken បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​ប្រហែលជា​ចាត់​វិធានការ​បន្ថែម​ប្រឆាំង​នឹង​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទស​អ៊ូហ្គាន់ដា ក៏ដូចជា​សមាជិក​ផ្ទាល់​នៃ​ក្រុម​គ្រួសារ​របស់​ពួកគេ​ផងដែរ។

មុន​ការ​បោះឆ្នោត មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​បេក្ខជន​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​ដោយ​សេរី​និង​យុត្តិធម៌។ ជា​អកុសល ដំណើរការ​នោះ​ដែល​ធ្វើ​ឡើង​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អ៊ូហ្គាន់ដា​មិន​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។

ទោះជា​យ៉ាង​នេះ​ក្ដី «សហរដ្ឋ​អាមេរិក​ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ខ្លាំងក្លា​ចំពោះ​ប្រជាពលរដ្ឋ​អ៊ូហ្គាន់ដា ហើយ​សហរដ្ឋ​អាមេរិក​នៅតែ​ប្ដេជ្ញា​ធ្វើការ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​និង​វិបុលភាព​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ»៕

XS
SM
MD
LG