Accessibility links

Breaking News

បទវិចារណកថា៖ ប្រទេស​រុស្ស៊ី​ វាយប្រហារ​លើ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​បទប្បញ្ញត្តិ


មនុស្សម្នា កាន់​ផ្ទាំង​ក្រដាស​ដែល​មាន​សំណេរ​ថា “Stop Putin” ដែល​មានន័យ​ថា «បញ្ឈប់​លោក Putin» ក្នុង​អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន នៅខាង​ក្រៅ​ការិយាល័យ​របស់​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
មនុស្សម្នា កាន់​ផ្ទាំង​ក្រដាស​ដែល​មាន​សំណេរ​ថា “Stop Putin” ដែល​មានន័យ​ថា «បញ្ឈប់​លោក Putin» ក្នុង​អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន នៅខាង​ក្រៅ​ការិយាល័យ​របស់​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី Joe Biden បាន​ខ្វល់​ខ្វាយជាយូរ​មក​ហើយ​អំពីការគំរាមកំហែង​ ​ដល់​បណ្តា​ប្រទេសកាន់​លទ្ធិ​ប្រជាធិបតេយ្យដោយពួក​អត្តាធិបតេយ្យ​ដែល​«ស្វះស្វែងពង្រីកអំណាចពួក​គេ​ផ្ទាល់ នាំចេញ​ទៅក្រៅ​ប្រទេសនិងពង្រីកឥទ្ធិពល​ពួក​គេ​នៅទូទាំង​ពិភពលោក»។ នីតិរដ្ឋ ការគោរព​សិទ្ធិ​មនុស្ស ការបង្កើត​របៀប​ថ្មីៗនិង​ភាព​សំបូរ​រុង​រឿងអាចជួប​ប្រទះ​គ្រោះ​ថ្នាក់។

សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី​ Vladimir Putin ដែលមាន​ការគិត​ទុក​ជា​មុន និង​គ្មាន​ការបង្ក​រឿង ​មិនសមហេតុសមផលនិង​ឃោរឃៅនេះ ជាឧទាហរណ៍​ថ្មីបំផុត​និង​អាក្រក់​បំផុត​នៃគ្រោះ​ថ្នាក់​ដែល​លោក​ប្រធានាធិបតី Biden បាននិយាយ​យោង។ នៅ​មុន​ពេល​មានសង្គ្រាម​នេះ​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេសស.រ.អ. បានមានប្រសាសន៍​អំពី​ការ​ខូចខាត​មួយ​ទៀតដែល​នឹង​កើត​មាន គឺ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​បទប្បញ្ញត្តិ​ដែល​បានធ្វើឱ្យ​មាន​ស្ថិរភាពនៅ​ទូទាំង​ពិភពលោក គឺ«​គោលការណ៍​ដែល​ប្រទេស​មួយ​មិន​អាច​កែប្រែ​ព្រំដែនប្រទេស​មួយ​ទៀត​ដោយ​កម្លាំង។ នេះ​ ជា​គោលការណ៍ដែល​ប្រទេស​មួយ​មិន​អាចសម្រេច​អំពី​ជម្រើស​ ឬ​គោលនយោបាយនៃ​ប្រទេស​មួយទៀត»។

ប្រទេស ​និង​អង្គការ​នានានៅ​ទូទាំង​ពិភពលោក ​បានថ្កោលទោស​ប្រទេស​រុស្ស៊ីចំពោះការ​ឈ្លានពាន​ដោយ​ចំហ និង​ការមិន​គោរព​ដល់​អធិបតេយ្យភាព​នៃប្រទេសអ៊ុយក្រែន​ ហើយ​បានចូល​រូម​ជា​មួយស.រ.អ. ក្នុង​ការដាក់ទណ្ឌកម្ម និងការ​ត្រួតត្រាតឹងរ៉ឹង​លើ​ការ​ដឹកជញ្ជូន​ទំនិញ​រុស្ស៊ីទៅ​លក់ឯ​ប្រទេស​ក្រៅ។

សាធារណរដ្ឋប្រជា​មានិត​ចិន ​ប្រទេស​វ៉េណេស៊ុយអេឡា កូរ៉េ​ខាង​ជើង ​បេឡារុស គុយបា និងប្រទេស​អ៊ីរ៉ង់ដែលសុទ្ធ​តែ​ជារដ្ឋកាន់​អំណាច​ផ្តាច់ការ​ ​មិន​បានចូល​រូម​ជាមួយ​បណ្តា​ប្រទេស​ដែល​បាន​ថ្កោលទោស​រុស្ស៊ីទេ ដោយ​បានជ្រើសរើស​គាំទ្រការ​វាយលុករបស់រុស្ស៊ីទៅ​វិញ។ ​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្តាហ៍ក្រោយលោកប្រធានាធិបតី Putin ​និងប្រធានាធិបតី Xi បានចេញ​ផ្សាយ​សេចក្តី​ថ្លែងការ​រួម​របស់​ពួក​គេ និង​បានប្រកាស​អំពី​ភាពដៃគូ«គ្មានកម្រិត» ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បានប្រកែកមិន​ព្រម​ហៅការ​លុកលុយ​របស់រុស្ស៊ីថា ​ជាការ​ឈ្លានពាន​ទេ។ ផ្ទុយ​ទៅវិញ ប្រទេស​ចិនបានចោទ​ប្រកាន់​ស.រ.អ.​ និងសម្ពន្ធមិត្តព្រមទាំង​ពួក​ដៃគូ​របស់​អាមេរិក​ថា បង្ក​រឿងជាមួយរុស្ស៊ី​ទៅ​វិញ។ ​បន្ថែម​លើ​នេះ សាធារណរដ្ឋប្រជា​មានិត​ចិន បាន​យល់ព្រម​ដឹកជញ្ជូន​ស្រូវ​សាឡីពី​ប្រទេសរុស្ស៊ី​ចូល​ក្នុង​ប្រទេស​នៅ​ពេល​ដែល​ស.រ.អ. និងក្រុម​សម្ពន្ធមិត្តរួបរួម​គ្នា​ដាក់ទណ្ឌកម្ម​នាំ​ឱ្យ​មានការ​ខាតបង់​ខាង​សេដ្ឋកិច្ច​ច្រើនលើរុស្ស៊ី​ដោយសារការលុកលុយ​របស់រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Ned Price អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ស.រ.អ. បានសម្តែងការ​សោកស្តាយ​ដល់​ទំនាក់ទំនង​រវាងប្រទេសរុស្ស៊ី និងប្រទេសចិន​ដែលមានគោលដៅ​ធ្វើឱ្យ​អន្តរាយ​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​បទប្បញ្ញត្តិ​ដែល​ជាចំណុចសំខាន់​នៃ​កម្រិត​ភាពសំបូ​រ​រុងរឿង​ជាង៧០ឆ្នាំ ដែល​មិន​ធ្លាប់​មានពី​មុននៅ​ទូទាំង​ពិភពលោក។

លោក​ Price បាននិយាយថា «ប្រទេសរុស្ស៊ី និង​សាធារណរដ្ឋប្រជា​មានិត​ចិន ចង់ឱ្យ​មានសណ្តាប់ធ្នាប់ពិភពលោក​មួយដែរ តែជា​សណ្តាប់ធ្នាប់​មួយដែល​មិន​សេរី​ទាល់តែសោះ»។

ក្នុង​ការ​ថ្កោលទោសការ​ឈ្លានពាន​របស់​រុស្ស៊ីក្នុង​ប្រទេសអ៊ុយក្រែន ​លោក​ប្រធានាធិបតី Biden​ បានសន្យា​ថា សណ្តាប់ធ្នាប់ពិភពលោកដែលអាជ្ញាធរ​វិមានក្រឹមឡាំង​និង​សម្ពន្ធមិត្ត​របស់​ពួក​គេស្រម៉ៃនោះ ជាសណ្តាប់ធ្នាប់ពិភពលោកមួយ​ដែល«ស.រ.អ.​ និងប្រទេស​ជាតិ​ស្រឡាញ់សេរីភាពនៅ​គ្រប់​ទី​កន្លែងនឹង​ជំទាស់​ជា​មួយ​មធ្យោបាយ​ទាំង​អស់​នៃកម្លាំង​របស់​យើង...នៅក្នុង​ការ​ប្រកួត​ប្រជែងរវាងលទ្ធិ​ប្រជាធិបតេយ្យ​ និងលទ្ធិ​ផ្តាច់ការ​ រវាងអធិបតេយ្យ​ភាពនិងការស្ថិតក្រោមការ​គ្រប់គ្រងរបស់​អ្នកដទៃ ​គ្មានការ​ភ័ន្ត​ច្រឡំឡើយ​ថា​សេរីភាព​នឹង​ឈ្នះ»៕

XS
SM
MD
LG