Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​ជនជាតិ​ប៉ារ៉ាហ្កាយ​៣​នាក់​ពី​បទពុករលួយ


រូបឯកសារ៖ រូបសំណាក​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Albert Gallatin ត្រូវបាន​ដាក់​តាំង​នៅ​ខាងមុខ​ក្រសួង​ហិរញ្ញវត្ថុ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋបាលលោក Biden និង​លោកស្រី Harris ជឿថា​ ការ​ទប់ទល់​នឹង​អំពើ​ពុករលួយ​ជា​ផលប្រយោជន៍​សន្តិសុខ​ជាតិ​សំខាន់​មួយ។ ហេតុដូច្នេះ ទើប​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ប្រឆាំង​នឹង​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ជុំវិញ​ពិភពលោក។

ដើម្បី​ធ្វើឲ្យជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​មាន​ការទទួល​ខុសត្រូវ ​និង​ដើម្បី​ការពារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​កុំឲ្យ​មាន​ការរំលោភ​បំពាន ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេសនៃ​ក្រសួង​ហិរញ្ញវត្ថុ ហៅកាត់ថា OFAC បាន​ដាក់ទណ្ឌកម្ម​លើ​ជនជាតិ​ប៉ារ៉ាហ្កាយបីនាក់៖ Kassem Mohamad Hijazi Khalil Ahmad Hijazi និង Liz Paola Doldan Gonzalez ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​នៅក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ។ OFAC ថែមទាំង​បាន​បញ្ចូលឈ្មោះ​ស្ថាប័ន​៥​ ដែល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ទាំង​៣​ផងដែរ។ «សហរដ្ឋ​អាមេរិក​ប្តេជ្ញា​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​ប៉ារ៉ាហ្កាយ ដើម្បី​កម្ចាត់​អំពើ​ពុករលួយ​និង​ដើម្បី​លើកស្ទួយ​ការទទួល​ខុសត្រូវ​សម្រាប់​ជនណា​ដែល​បង្ខូច​ស្ថាប័ន​រដ្ឋាភិបាល» នេះជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken។

លោក Kassem Mohamad Hijazi ក្តោបក្តាប់​អង្គការ​លាងលុយ​ពិភពលោក​មួយ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Ciudad Del Este ប្រទេស​ប៉ារ៉ាហ្កាយ។ បណ្តាញ​របស់ Kassem ដែល​មាន​ការគាំទ្រ​ដោយ​ការសូកប៉ាន់បណ្តា​មន្ត្រី​រដ្ឋាភិបាល​នោះ យក​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​ជុំវិញ​ពិភពលោក រួមទាំង​សហរដ្ឋ​អាមេរិក​ផងមកពាក់មុខ។

លោក Khalil Ahmad Hijazi ដែល​ត្រូវជា​ដៃគូ ទទួលបន្ទុក​ខាង​ការ​ផ្តល់​ជំនួយជា​ធនធាននិង​សេវា​ឲ្យ Kassem ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់ Kassem។

OFAC ចាត់ទុក​ក្រុមហ៊ុន Espana Informatica, Emprendimientos Inmobiliarios Misiones S.A., Apolo Informatica S.A., and Mundo Informatico​ ជាក្រុមហ៊ុនដែល Khalil ជាម្ចាស់ ​ឬ​ជាអ្នកគ្រប់គ្រង និង​ក្រុមហ៊ុន​ Espana Informatica S.A.ជាក្រុមហ៊ុនដែល Kasem ជាម្ចាស់​ ឬ​ជាអ្នក​គ្រប់គ្រង។

Liz Paola Doldan Gonzalez ជាសហការី​របស់ Kassem។ ក្នុង​តួនាទី​ជាឈ្មួញ​កណ្តាល គាត់​សូកប៉ាន់​ពួក​អ្នក​ធ្វើការ​នៅ​កំពង់ផែ និង​ក្រុមមន្ត្រី​ពន្ធគយ​នៃ​ប្រទេស​ប៉ារ៉ាហ្កាយ ដើម្បី​នាំទំនិញ​ចេញចូល​ឆ្លងកាត់​តាម​ប្រទេស​ប៉ារ៉ាហ្កាយ។ ក្រុមហ៊ុន Mobile Zone International Import-Export របស់​គាត់ ត្រូវបាន OFAC ចាត់ទុក​ថា​ជា​កម្មសិទ្ធ​របស់​ Doldan ឬ​គ្រប់គ្រង​ដោយ Doldan។

លោក Kassem លោក Khalil និង លោក Doldan ត្រូវបាន​ដាក់ទណ្ឌកម្ម​ក្រោម​ច្បាប់​ម៉ានិតស្គី​ដែល​ទទួល​ខុសត្រូវ​ខាង​សិទ្ធិមនុស្ស the Global Magnitsky Human Rights Accountability Act ដែល​សំដៅ​ទៅលើ​ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​រំលោភសិទ្ធិមនុស្ស​និង​អំពើពុករលួយ​ធ្ងន់ធ្ងរ នៅ​ជុំវិញ​ពិភពលោក។

ដោយសារ​ការ​ដាក់ទណ្ឌកម្ម​ទាំង​នេះ ទ្រព្យសម្បត្តិ​ទាំងអស់​របស់​បុគ្គលនិង​ក្រុមហ៊ុន​ទាំងអស់​នេះ​ដែល​ស្ថិតនៅក្នុង​សហរដ្ឋ​អាមេរិក​ ឬ​ស្ថិត​នៅក្នុងដៃ ​ឬ​ការគ្រប់គ្រង​របស់​រូបវន្ត​និង​នីតិបុគ្គល​សហរដ្ឋអាមេរិក​ត្រូវ​បាន​ផ្អិបទុក ហើយ​រូបវន្ត​ និង​នីតិ​បុគ្គល​សហរដ្ឋអាមេរិក​ទាំងនោះ ​ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​ធ្វើ​ជំនួញ​ជាមួយ​បុគ្គល​ដែល​មាន​ចែងឈ្មោះ​ទាំងនោះ។

«ចំណាត់ការ​ក្រោម​កម្មវិធី​ដាក់ទណ្ឌកម្ម​ច្បាប់​ម៉ានិតស្គី​ទាំង​នេះ បង្ហាញ​ថា​ យើង​បេ្តជ្ញា​ដើម្បី​កម្ចាត់​អំពើ​ពុករលួយ​ និង​ដាក់​ឲ្យទទួល​ខុសត្រូវ​សម្រាប់​មន្ត្រី​ណា​ដែល​បំផ្លាញស្ថាប័ន​រដ្ឋាភិបាល» នេះជា​សម្តី​របស់​នាយក OFAC លោកស្រី Andrea M. Gacki។ លោកស្រី​បន្ត​ថា៖ «ក្រសួង​ហិរញ្ញវត្ថុនឹង​ប្រើប្រាស់​អំណាច​របស់ខ្លួន​ជាបន្ត​ដើម្បី​រារាំង​ជនទុច្ចរិត​និង​ក្រុមហ៊ុន​ពាក់មុខ​របស់​ពួកគេ​កុំឲ្យរំលោភ​បំពាន​លើ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ ក្នុងគោលបំណង​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ដែល​គោរព​ច្បាប់​ទទួល​ការរងគ្រោះ៕

XS
SM
MD
LG