Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ​ដោយសារ​ការផ្ទុះ​ភ្នំភ្លើង La Soufrière


បុរសម្នាក់ ជួសជុល​កង់រថយន្ត​មួយគ្រឿង​ដែល​គ្របដណ្ដប់​ដោយ​ផេះ បន្ទាប់ពី​មាន​ការផ្ទុះ​ភ្នំភ្លើង La Soufrière នៅ​ប្រទេស St. Vincent កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
បុរសម្នាក់ ជួសជុល​កង់រថយន្ត​មួយគ្រឿង​ដែល​គ្របដណ្ដប់​ដោយ​ផេះ បន្ទាប់ពី​មាន​ការផ្ទុះ​ភ្នំភ្លើង La Soufrière នៅ​ប្រទេស St. Vincent កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ទី​ភ្នាក់ងារសហរដ្ឋ​អាមេរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ ឬ​ USAID បាន​ប្រកាសពី​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១០០.០០០​ដុល្លារ​ ដល់​ជន​រងគ្រោះ​ពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង ​La Soufrière កាល​ពី​ដើម​ខែមេសា​កន្លង​ទៅ។​ ជំនួយ​ឧបត្ថម្ភ​នេះ ​នឹងជួយ​ដល់ជន​រងគ្រោះ​ប្រមាណ២០.០០០​នាក់នៅ​ក្នុង​ប្រទេស St. Vincent ដែល​ត្រូវ​បាន​អាជ្ញាធរមូលដ្ឋាន​ជម្លៀស​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់ ​ដោយ​មិន​កំណត់​ពេល​វេលាច្បាស់​លាស់ពី​ការ​ត្រឡប់​ទៅ​គេហដ្ឋាន​នោះ​ទេ។​

ភ្នំ​ភ្លើង La Soufrière​ បាន​ចាប់​ផ្តើម​កម្រើក​ឲ្យ​សញ្ញា​ថា ​នឹង​អាចផ្ទុះ​ព្រួស​ភ្លើង​ចេញ​មក​ក្រៅ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ។ នៅ​ថ្ងៃ​ទី​៩​ ខែ​មេសា​កន្លង​ទៅ​នេះ ភ្នំ​ភ្លើង​នេះ​ បាន​ផ្ទុះព្រួស​ភ្លើង​ចេញ​មក​ក្រៅ​ ដោយបាញ់​អណ្តាត​ភ្លើង​ ផ្សែង​និង​ផេះឡើង​ទៅ​លើ​អាកាស​ ក្នុង​កម្ពស់ជា​ច្រើនគីឡូម៉ែត្រ​ ដែល​ធ្វើកម្ទេច​ផេះ​ និង​ធូលី​ធ្លាក់​ចុះ​មក​ផ្ទៃ​ដី​វិញ គ្របដណ្តប់​ពាស​ពេញ​លើ​តំបន់​កោះ​នោះយ៉ាង​ធ្ងន់ធ្ងរ។​ ការ​ផ្ទុះ​នៃ​ភ្នំ​ភ្លើង​មួយ​នេះ​ បាន​បន្ត​អស់​រយៈ​ពេលជាង​មួយ​សប្តាហ៍។​

​ជំនួយ​មនុស្សធម៌របស់​អាមេរិក​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យកាកបាទ​ក្រហម​របស់​ប្រទេស Saint Vincent និង Grenadines ដើម្បី​ធ្វើ​ការ​ចែក​ចាយជា​បន្ទាន់​ទៅ​ដល់​អ្នក​ដែល​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​គ្រោះថ្នាក់។ ជំនួយ​នោះ​រួម​មាន​ដូច​ជា​ស្បៀង​អាហារ​បន្ទាន់​ ទឹកបរិភោគ​ដែល​មាន​សុវត្ថិភាព​ និង​សម្ភារៈសម្រាប់​ទីជម្រក​ជា​ដើម។​ មនុស្សជាង​៦.០០០​នាក់​ បានស្នាក់​នៅ​ក្នុង​ជម្រក​បណ្តោះ​អាសន្ន​ ក្នុង​ទី​តាំង​សង្គ្រោះ​បន្ទាន់ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​ជន​ដែល​ត្រូវ​បាន​ជម្លៀសចេញ​ពី​តំបន់​ដែល​មាន​គ្រោះ​ថ្នាក់​នោះ។​ ​ ទី​ភ្នាក់ងារ USAID កំពុង​សហការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​អាជ្ញាធរនិង​អង្គការក្នុង​ស្រុក​និង​ថ្នាក់​តំបន់​នានា​ ដែលធ្វើ​ការ​លើគ្រោះ​មហន្តរាយ​ ​ដែល​ក្នុង​នោះ​ក៏មានអង្គការគ្រប់គ្រងគ្រោះ​មហន្តរាយ​ជាតិរបស់​រដ្ឋាភិបាលក្នុង​ស្រុក​ ដែល​ដឹកនាំសកម្មភាព​ឆ្លើយ​តប​ទៅ​លើ​គ្រោះ​មហន្តរាយ​នោះ។​

អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​ឲ្យ​ដឹង​ពីសេចក្តី​ត្រូវ​ការ​ជា​អាទិភាព​របស់​ពលរដ្ឋ​ ដែលកំពុង​ស្ថិតនៅ​ក្នុង​ទី​តាំង​ជំរំ​ជន​ដែលត្រូវជម្លៀស​មក​ និង​សហគមន៍រង​គ្រោះ​ផ្សេងៗមួយ​ចំនួន​ទៀត​ ដែល​ក្នុង​នោះ​រួម​មានស្បៀង​អាហារ​ បញ្ហា​សុខភាព​ ទឹកប្រើប្រាស់​ អនាម័យ​ ​និង​ជំនួយខាង​ការ​រក្សា​អនាម័យ​ជា​ដើម។​ បន្ថែម​លើ​នេះ​ ការ​ផ្ទុះ​នៃ​ភ្នំ​ភ្លើង​នេះ​ បាន​បំផ្លាញ​ផ្ទៃ​ដី​កសិកម្ម​ និងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ​ហើយ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ ពុំ​អាច​ដំណើរការ​បាន​ ដោយ​សារ​តែ​ហានិភ័យ​នៃ​សារធាតុ​ពុលក្នុងបរិស្ថាន។​ ​រដ្ឋាភិបាល​របស់ប្រទេស Saint Vincent និង Grenadines កំពុង​សិក្សា​វាយ​តម្លៃពី​ផល​ប៉ះ​ពាល់នៅ​ក្នុង​តំបន់រង​គ្រោះ​ទាំង​នេះ។​ ​

​កម្មវិធី​រួម​គ្នារបស់​ USAID​ និងផ្នែក​ជំនួយ​មហន្តរាយ​ផ្ទុះ​ភ្នំភ្លើង​នៃ​ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក​ (United States Geological Survey)​ ក៏បន្តផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវការ​រញ្ជួយ​ដី​នៃ​សាកល​វិទ្យា​ល័យ​ West Indies ដើម្បីតាមដាន​ត្រួត​ពិនិត្យ​ភ្នំភ្លើង La Soufrière ស្រប​ពេល​ដែល​គេមិន​ដឹង​ថា​ តើភ្នំភ្លើង​មួយ​នេះ​ នឹង​បន្ត​ផ្ទុះ​ឡើងទៀត​នៅ​ពេល​ណានោះ​ទេ។​ ក្រុម​ទាំង​នេះ​ បានបង្កើន​កិច្ច​សហការ​របស់គេ ចាប់​តាំង​ពី​ភ្នំ​ភ្លើង​នេះ​ បានផ្តល់​សញ្ញា​កម្រើកកាល​ពី​ខែធ្នូ ឆ្នាំ​២០២០នោះ ​មុន​ពេល​វា​ផ្ទុះ។​ ​

សហរដ្ឋអាមេរិក​ ​បេ្តជ្ញាធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយអង្គការ​និង​រដ្ឋាភិបាល​នានា​ ក្នុង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​ដោយ​សារការ​ផ្ទុះ​ភ្នំ​ភ្លើង La Soufrière នៅក្នុង​ប្រទេស St. Vincent។

ចំពោះ​ព័ត៌មាន​សម្រាប់អ្នក​ដែល​ចង់​ចូល​រួមជួយ​នោះ​ សូម​ចូល​ទៅ​កាន់​គេហទំព័រដែល​មាន​អាស័យដ្ឋាន៖ ​www.cidi.org៕

XS
SM
MD
LG