បទ​វិចារណកថា៖ ទីភ្នាក់ងារ USAID ទំនុកបម្រុងឲ្យតំបន់មជ្ឈិមបូព៌ាពឹងផ្អែកលើខ្លួនឯង

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

ឧបការី​រដ្ឋបាល​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិមបូព៌ា ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID លោក Michael Harvey បាន​ថ្លែង​ថា៖ «ទីភ្នាក់ងារ USAID មាន​ភាព​សកម្ម​នៅ​ក្នុង​ប្រទេស​រាប់​ចាប់ពី​ប្រទេស​ម៉ារ៉ុក​ រហូត​ដល់​ប្រទេស​អ៊ីរ៉ាក់ និង​ស្ទើរតែ​នៅ​គ្រប់​ប្រទេស​នៃ​តំបន់​មជ្ឈិមបូព៌ា​ទាំង​អស់ អស់​រយៈ​ពេល ​៣០ឆ្នាំ ​ទៅ ៥០​ឆ្នាំ ​មក​ហើយ។

លោក Michael Harvey បាន​ថ្លែង​បន្ត​ថា៖

«វា​ជា​ភាព​ជាដៃគូ​យូរអង្វែង​ប្រកប​ដោយ​និរន្តរភាព​មួយ ដែល​ពិតជា​បាន​ផ្តោត​លើ​ការកសាង​សមត្ថភាព​របស់​ប្រទេស​ទាំងនេះ ដើម្បី​ឲ្យ​ប្រទេស​ទាំងនេះ​អាច​គ្រប់គ្រង​ជោគវាសនា​របស់​ខ្លួនបាន និង​ដើម្បី​កសាង​អនាគត​ដែល​ពួកគេ​កំណត់​សម្រាប់​ខ្លួន​ពួកគេ»។

នៅក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Michael Harvey បាន​កត់សម្គាល់​ថា ប្រាក់ជាច្រើន​ដែល​បាន​មកពី​ការបង់ពន្ធ​របស់​ពលរដ្ឋ​អាមេរិកាំង ​ដែល​ត្រូវបាន​យក​មក​ចំណាយ​នៅ​ក្នុង​តំបន់​នេះ គឺ​ទៅ​លើ​ការបង្កើត​នូវ​អ្វី​ដែល​ពិបាក​នឹង​មើល​ឃើញ​ តែ​មាន​ផល​ដល់​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ ដែល​មាន​ដូចជា ប្រព័ន្ធ​ទឹកស្អាត​ជាដើម។

លោក Michael Harvey ថ្លែង​បន្ត​ទៀត​ថា៖

«ក៏ប៉ុន្តែ អ្វី​ដែល​ប្រហែលជា​សំខាន់​ជាង​នេះ ដែល​ទីភ្នាក់ងារ USAID បាន​ធ្វើក្នុង​រយៈពេល ៣០ ឬ ៥០ឆ្នាំ ​កន្លង​មក​នេះ គឺ​ការកសាង​សមត្ថភាព​មនុស្ស​នៅក្នុង​ប្រទេស​នានា​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា។ ដូច្នេះ​ហើយ ទើប​មាន​ការចំណាយ​ថវិកា ពេល​វេលា និង​ការខិតខំ​ប្រឹងប្រែង​ជាច្រើន ទៅ​លើ​ការបណ្តុះបណ្តាល​ដែល​មាន​ដូចជា ការបណ្តុះបណ្តាល​វេជ្ជបណ្ឌិត ការបណ្តុះបណ្តាល​គ្រូប្រងៀន មន្រ្តី​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ផែនការ​ជាដើម»។

លោក Michael Harvey បាន​ថ្លែង​ទៀត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​មោទនភាព​បំផុត​នោះ គឺ​ការធ្វើ​ដំណើរ​ទៅកាន់​សាកល​វិទ្យាល័យ​ស្ទើរតែ​ទាំងអស់​នៅក្នុង​តំបន់​នេះ​ហើយ​ឃើញ​ថា សាស្រ្តាចារ្យ​ភាគច្រើន​ទទួល​បាន​ការ​បណ្តុះបណ្តាល​នៅ​សហរដ្ឋ​អាមេរិក ដែល​ជាញឹកញាប់ គឺ​តាមរយៈ​អាហារូបករណ៍​របស់​ទីភ្នាក់ងារ USAID។

លោក Michael Harvey បាន​ថ្លែង​បន្ត​ទៀត​ថា៖

«យើង​បាន​ឃើញ​ថា ការវិនិយោគ​ជាច្រើន​ទសវត្សរ៍​មក​នេះ ទៅលើ​ប្រជាពលរដ្ឋ គឺ​ផ្នែក​ធនធាន​មនុស្ស​នោះ កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការធ្វើ​ទំនើបកម្ម និង​នាំ​មក​នូវ​វិធី​ថ្មីៗ​នៃ​ការធ្វើ​ជំនួញ និង​ការរៀបចំ​សណ្តាប់ធ្នាប់​សង្គម​ដល់​បណ្តា​ប្រទេស​ទាំងនេះ»។

លោក Michael Harvey បាន​ចង្អុល​បង្ហាញ​ថា មាន​ការធ្វើ​ទំនើបកម្ម​យ៉ាងខ្លាំង​មួយ នៅក្នុង​ផ្នែក​ភាគច្រើន​នៃ​ពិភព​អារ៉ាប់។ លោក Harvey ថ្លែង​ទៀត​ថា បញ្ហា​ប្រឈម​នោះ គឺថា ល្បឿន​នៃ​ការធ្វើ​ទំនើបកម្ម អាច​មាន​ល្បឿន​យឺត​ជាង​ការរំពឹង​ទុក​របស់​យុវជន​នៅក្នុង​តំបន់​នេះ។

លោក Michael Harvey បាន​ថ្លែង​បន្ថែម​ទៀត​ថា៖

«នោះ​ហើយ​ជាមូលហេតុ​ដែល​យើង​ឃើញ​យុវជន​ចេញ​មក​តវ៉ា​នៅ​តាម​ផ្លូវ​ពី​គ្រប់​ប្រទេស​ទាំងអស់​តាំងពី​ប្រទេស​ម៉ារ៉ុក រហូត​ដល់​ប្រទេស​អ៊ីរ៉ង់។ ពួកគេ​លើក​ឡើង​នូវ​ប្រធានបទ​ដូចៗគ្នា។ ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ការទទួល​ខុសត្រូវ។ ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ភាពស្មោះត្រង់។ ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​តម្លាភាព។ ពួកគេ​ចង់​បញ្ចេញ​មតិ​អំពី​របៀប​ដែល​គ្រប់គ្រង​ទៅ​លើ​ពួកគេ។ ហើយ​ពួកគេ​ចង់​ឃើញ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ត្រូវបាន​ធ្វើ​ទំនើបកម្ម និង​បើក​ទូលាយ។ ពួកគេ​ដឹង​ថា ប្រទេស​ធម្មតា​មួយ​មាន​សភាព​បែប​ណា ដែល​នោះ​គឺ​ប្រទេស​មួយ​ដែល​អ្នក​អាច​ធ្វើដំណើរ​ទៅណា​មកណា​បាន អាច​វិនិយោគ និង​អ្នក​អាច​បង្កើត​អាជីវកម្ម​បាន។ នោះ គឺ​ជា​អនាគត​ដែល​ពួកគេ​ចង់​បាន​សម្រាប់​ខ្លួន​ពួកគេ»។

ដូច​ដែល​បាន​ធ្វើ​ជាច្រើន​ទសវត្សរ៍​មក​ហើយ ទីភ្នាក់ងារ USAID នឹង​បន្ត​គាំទ្រ​សេចក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​មជ្ឈិមបូព៌ា នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​ឆ្ពោះ​ទៅ​រក​អនាគត​ដែល​គេ​ប៉ងប្រាថ្នា​នោះ៕