បទវិចារណកថា៖ ការពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារ៉ែន

ក្នុង​រូប​ដែល​ថត​ពី​វីដេអូ​របស់​ក្រសួង​ការបរទេស​ស.រ.អ លោក Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អ បាន​ថ្លែងសុន្ទរកថា​មួយ​ទៅ​កាន់​សន្និសីទ Manama Dialogue ស្តីពី​សន្តិសុខ​ក្នុង​តំបន់ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង Manama ប្រទេសបារ៉ែន កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារ៉ែន ​មាន​ចំណង​ទាក់ទង​ខ្លាំងក្លា​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ប្រទេស​ទាំង​ពីរ ​បាន​រៀបចំ​កិច្ច​សន្ទនា​បែប​យុទ្ធសាស្ត្រ​ទ្វេភាគី​ជា​លើក​ដំបូង ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​សុន្ទរកថា​តាម​អនឡាញ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo និង​រដ្ឋមន្ត្រី​ការបរទេស​បារ៉ែន​លោក Abdullatif bin Rashid Al Zayani។

លោក​រដ្ឋមន្ត្រី Pompeo បាន​សរសើរ​ប្រទេស​បារ៉ែន​ចំពោះ​ការ​ចុះ​ហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ​លើ​កិច្ច​ព្រមព្រៀង Abraham ដែល​ជា​កិច្ច​ព្រមព្រៀង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីស្រាអែល​វិល​មក​រក​ប្រក្រតីភាព​ឡើង​វិញ។ កិច្ច​ព្រមព្រៀង​នេះ​ បាន​បើក​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ជា​ច្រើន​ដូចជា​វិស័យ​ទេសចរណ៍ ការ​អប់រំ ពាណិជ្ជកម្ម និង​សន្តិសុខ​ជាដើម។ ប្រទេស​បារ៉ែន​ជា​ប្រទេស​ទី​ពីរ​ក្នុង​ចំណោម​ប្រទេស ៤ ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង Abraham នេះ។

លោក Pompeo បាន​និយាយ​ដូច្នេះ​ថា៖ «នេះ​ជា​សញ្ញា​នៃ​ក្តី​សង្ឃឹម​សម្រាប់​តំបន់ [មជ្ឈិមបូព៌ា] នៅ​ពេល​ដែល​វា​ចេញ​ផុតពី​គំនិត​បែប​ទាល់ច្រក​និង​ហួស​សម័យ ដែល​គ្មាន​នរណា​ម្នាក់​ចង់​ត្រឡប់​ទៅ​វិញ​នោះ​ទេ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ប្រទេស​បន្ថែម​ទៀត​នឹង​ធ្វើ​តាម​ភាព​ជា​អ្នក​ដឹកនាំ​របស់​ប្រទេស​បារ៉ែន ដែល​បង្ហាញ​ថា ទំហំ​ទឹកដី​នៃ​ប្រទេស​មួយ​មិន​អាច​ដាក់​កំហិត​លើ​ឥទ្ធិពល​នៃ​ប្រទេស​នោះ​លើ​ឆាក​អន្តរជាតិ​បាន​ឡើយ»។

បន្ថែម​ពី​លើ​នេះ​ទៀត លោក​រដ្ឋមន្ត្រី Pompeo បាន​គូស​បញ្ជាក់​អំពី​តួនាទី​របស់​ប្រទេស​បារ៉ែន​ក្នុង​នាម​ជា​ដៃគូ​ផ្នែក​សន្តិសុខ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។ លោក​បាន​លើកឡើង​អំពី​ការ​ជួយ​ជ្រោមជ្រែង​របស់​ប្រទេស​បារ៉ែន​នៅ​ក្នុង​ការ​យក​ជ័យជម្នះ​លើ​ពួក​អាយស៊ីស (ISIS) តាម​រយៈ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​នេះ។

លោក Pompeo ក៏​បាន​កត់​សម្គាល់​ផងដែរ​អំពី​តួនាទី​របស់​ប្រទេស​បារ៉ែន​នៅ​ក្នុង​ការ​ផ្ដល់​ទីតាំង​សម្រាប់​បញ្ជាការដ្ឋាន​កណ្តាល​នៃ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក និង​ទីស្នាក់ការ​កណ្ដាល​នៃ​កង​នាវា​ចម្បាំង ទី៥ របស់​សហរដ្ឋ​អាមេរិក។

លោក​រដ្ឋមន្ត្រី Pompeo បាន​ថ្លែង​ដូច្នេះ​ថា៖ «ករណី​នេះ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​កិច្ច​សហការ​ជាមួយ​គ្នា​ទាំង​ស្រុង តាំង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​រហូត​ដល់​ការ​ការពារ​ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក្ស ដោយ​គ្មាន​ការ​វាយ​ប្រហារ​តាម​សមុទ្រ​ពី​ប្រទេស​អ៊ីរ៉ង់»។

លោក​រដ្ឋមន្ត្រី Pompeo បាន​កត់​សម្គាល់​ថា របប​ដឹកនាំ​របស់​ប្រទេស​អ៊ីរ៉ង់ «គឺជា​ការ​គំរាម​កំហែង​ខ្លាំង​ជាង​គេ​បំផុត​ចំពោះ​សន្តិសុខ​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស និង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​សន្តិភាព​នៅ​ទូទាំង​តំបន់​នោះ»។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​អរគុណ​ប្រទេស​បារ៉ែន និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​ចំពោះ​ការ​គាំទ្រ​គ្មាន​ងាករេ​លើ​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ឲ្យរដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​នៅ​ឯកោ និង​បាន​កាត់ផ្តាច់​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​សម្រាប់​ឥទ្ធិពល​អាក្រក់​និង​អំពើ​ភេរវកម្ម​របស់​ប្រទេស​អ៊ីរ៉ង់»។

លោក Pompeo បាន​និយាយ​ថា អ្វី​ដែល​ប្រទេស​បារ៉ែន​និង​សហរដ្ឋ​អាមេរិក​មាន​ដូច​គ្នា​នោះ គឺ «គោល​គំនិត​អំពី​គោល​នយោបាយ​ការបរទេស​ដ៏​សំខាន់​មួយ។ យើង​មាន​ភាព​ប្រាកដ​និយម។ យើង​យល់​ឃើញ​អំពី​ពិភពលោក​តាម​ភាព​ជាក់ស្តែង​របស់​វា»។

លោក Pompeo បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ដឹង​អំពី​ភាព​ឃោរឃៅ​នៃ​របប​គ្រប់គ្រង​បដិវត្តន៍​អ៊ីរ៉ង់ ហើយ​យើង​យល់​ថា នៅ​ពេល​ដែល​និយាយ​ដល់​ការ​ទប់ទល់​នឹង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ និង​បញ្ហា​សំខាន់ៗ​ជា​ច្រើន​ទៀត ប្រទេស​អ៊ីស្រាអែល​គឺជា​ដៃគូ​ដ៏​សំខាន់ មិន​មែន​ជា​បញ្ហា​នោះ​ទេ»។

នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ក្រុម​ការងារ​ចំនួន ៥ មកពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​មកពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ផ្សេង​ទៀត នឹង​ជួប​ជាមួយ​សមភាគី​របស់​ពួកគេ​មក​ពី​ប្រទេស​បារ៉ែន ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ដូចជា​ការ​បណ្ដុះបណ្ដាល​យោធា ការ​ជំរុញ​ភាព​ក្លាហាន​ដល់​ស្ត្រី បញ្ហា​សិទ្ធិ​មនុស្ស និង​គ្រោះថ្នាក់​ចំពោះ​បណ្ដាញ​អ៊ីនធឺណិត 5G នៅ​ពេល​អនាគត ដែល​បង្ក​ឡើង​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន។

លោក​រដ្ឋមន្ត្រី Pompeo បាន​និយាយ​ថា លោក​មាន​ទំនុកចិត្ត​ថា ការ​ប្រជុំ​ទាំង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​គ្រឹះ​សម្រាប់​សម្ព័ន្ធភាព​ដ៏​ខ្លាំងក្លា​ជាង​មុន​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​បារ៉ែន៕