បទវិចារណកថា៖ របាយការណ៍​ចុងក្រោយ​របស់​អង្គការ ICAO អំពី​ហេតុការណ៍​រវាង​អាជ្ញាធរ​បេឡារុស​និង​យន្តហោះ​ក្រុមហ៊ុន Ryanair

រូបឯកសារ៖ យន្តហោះ​​​ក្រុមហ៊ុន Ryanair ចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Weeze នៃ​ប្រទេសអាល្លឺម៉ង់។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០២១ អាជ្ញាធរ​នៃ​ប្រទេស​បេឡារុស​បាន​ជូន​ដំណឹង​មិន​ពិត​ដល់​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​ហោះ​កាត់​ដែន​អាកាស​ប្រទេស​បេឡារុស​ថា​ មាន​ការ​គំរាម​កំហែង​ដោយ​គ្រាប់​បែក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ជូន​ដំណឹង​ឱ្យ​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​នោះ​ចុះ​ចត​នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍​ផងដែរ។

នៅ​ពេល​នោះ យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន Ryanair នៃ​ប្រទេស​អៀរឡង់ ដែល​ដឹក​អ្នក​ដំណើរ​ចំនួន ១២៦ នាក់​ និង​អាកាសយានិក​ចំនួន ៦ នាក់ កំពុង​ធ្វើ​ដំណើរ​ពី​រដ្ឋធានី​អាថែន​នៃ​ប្រទេស​ក្រិក​ទៅ​រដ្ឋធានី​វីលនីញូស​នៃ​ប្រទេស​លីទុយអានី។

បន្ទាប់ពី​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​មីនស្កិ៍​មក អាជ្ញាធរ​បេឡារុស​បាន​ចាប់​ខ្លួន​និងឃុំខ្លួន​អ្នក​កាសែត​បេឡារុស​លោក Raman Pratasevich និង​នាង Sofia Sapega ដែល​ជា​គូកន​របស់​លោក។

ស្ទើរតែ​ភ្លាមៗ​នោះ ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (International Civil Aviation Organization (ICAO)) បាន​សង្ស័យ​ថា​ ករណី​នេះ​អាច​ជា​ករណី​បន្លំ​ទុច្ចរិត និង​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២១ បាន​ចាប់ផ្ដើម​ការ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​នេះ។

អង្គការ ICAO នេះ​បាន​បញ្ចប់​រួចរាល់​នូវ​របាយការណ៍​របស់​ខ្លួន​អំពី​ការ​ស៊ើប​អង្កេត​នេះ​កាលពី​ខែ​កក្កដា​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់ពី​ទទួល​បាន​សក្ខីកម្ម​ដែល​មិន​អាច​ប្រកែក​បាន​និង​ភ័ស្តុតាង​ជា​សំឡេង​ពី​អ្នក​ត្រួត​ពិនិត្យ​ចរាចរណ៍​ដែន​អាកាស​ដែល​នៅ​ពេល​នោះ​បាន​ទាក់ទង​ជាមួយ​នឹង​យន្តហោះ​នេះ។

អង្គការ ICAO គឺ​ជា​ទីភ្នាក់ងារ​ជំនាញ​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៤៧ នៅ​ក្រោម​អនុសញ្ញា​ក្រុង Chicago ស្ដីពី​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ។

អង្គការ ICAO មាន​តួនាទី​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​តាម​ជើង​អាកាស​អន្តរជាតិ​ប្រកប​ដោយ​សុវត្ថិភាព សន្តិសុខ និង​ចីរភាព។

កាលពី​ចុង​ខែ​តុលា​កន្លង​ទៅ​នេះ អង្គការ ICAO បាន​បង្ហាញ​ការ​រក​ឃើញ​របស់​ខ្លួន​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក Jeffrey DeLaurentis ទីប្រឹក្សា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ពាក់ព័ន្ធ​នឹង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា៖ «របាយការណ៍​របស់​អង្គការ ICAO បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​បេឡារុស​បាន​ប្រឌិត​ឡើង​នូវ​ការ​គំរាម​រឿង​គ្រាប់​បែក​ដើម្បី​បង្ខំ​ឱ្យ​យន្តហោះ Flight 4978 ចុះ​ចត​នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍​ក្នុង​គោល​បំណង​ចាប់​ឃុំ​ខ្លួន​អ្នក​កាសែត​ប្រឆាំង​ម្នាក់ ដែល​នេះ​គឺ​ជា​ការ​រំលោភ​លើ​កាតព្វកិច្ច​របស់​ប្រទេស​បេឡារុស​នៅ​ក្រោម​អនុសញ្ញា​ក្រុង Chicago»។

លោក DeLaurentis បាន​បញ្ជាក់​ទៀត​ថា៖ «ទង្វើ​នៃ​ការ​ជ្រៀតជ្រែក​ខុស​ច្បាប់​នេះ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ប្រឈម​នឹង​គ្រោះថ្នាក់​និង​បាន​បំផ្លាញ​ដល់​ទំនុកចិត្ត​ជា​មូលដ្ឋាន​រវាង​អ្នក​បើក​យន្តហោះ​និង​អ្នក​ត្រួត​ពិនិត្យ​ចរាចរណ៍​ដែន​អាកាស​នៅ​ក្នុង​របៀប​មួយ​ដែល​អាច​បង្ក​ឱ្យ​មាន​ផល​វិបាក​ដោយ​អចេតនា​ជា​ច្រើន​ផ្នែក​សុវត្ថិភាព​សម្រាប់​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ»។

លោក DeLaurentis បាន​បន្ត​ថា ទង្វើ​របស់​របប​ដឹកនាំ​នៃ​ប្រទេស​បេឡារុស​នៅ​ក្នុង​ការ «បង្វែរ​ដោយ​បង្ខំ​នូវ​យន្តហោះ Ryanair Flight 4978 [ឱ្យ​ចុះ​ចត​នៅ​រដ្ឋធានី​មីនស្កិ៍] ដើម្បី​ចាប់​ឃុំ​ខ្លួន​លោក Raman Pratasevich ដែល​ជា​អ្នក​កាសែត​ឯករាជ្យ​ជនជាតិ​បេឡារុស​ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ និង​នាង Sofia Sapega ដែល​ជា​គូកន​របស់​លោក គឺ​ជា​ការ​រំលោភ​លើ​ច្បាប់​អាកាសចរណ៍​អន្តរជាតិ ជា​ទង្វើ​នៃ​ការ​គាប​សង្កត់​ឆ្លង​ប្រទេស និង​ជា​ការ​គៃ​បន្លំ​លើ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែន​អាកាស​ស៊ីវិល»។

លោក​បាន​បន្ថែម​ថា៖ «អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​ត្រូវតែ​ទទួល​រង​នូវ​ផល​វិបាក»។

លោក DeLaurentis បាន​លើកឡើង​ទៀត​ថា៖ «ទាំង​នេះ​គឺ​មិន​មែន​ជា​ទង្វើ​របស់​តួអង្គ​អន្តរជាតិ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ។ យើង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ទីនេះ​និង​នៅ​ទូទាំង​ប្រព័ន្ធ​ពហុ​និយម ដោយ​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ការពារ​សន្តិភាព​និង​សន្តិសុខ​នៅ​លើ​ពិភពលោក។ ជាង​នេះ​ទៀត យើង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ជំទាស់​ជា​ផ្លូវការ​លើ​ប្រទេស​ណា​ដែល​រំលោភ​យ៉ាង​ជាក់ស្ដែង​លើ​កាតព្វកិច្ច​របស់​ខ្លួន​និង​តម្កល់ផលប្រយោជន៍​បែប​លាក់បាំង​របស់​ខ្លួន​លើស​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ»។

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​របប​ដឹកនាំ​របស់​លោក Lukashenka នៅ​ក្នុង​ប្រទេស​បេឡារុស​ដោះលែង​នាង Sofia Sapega បញ្ឈប់​ការ​គំរាមកំហែង​និង​ការ​យាយី​លើ​លោក Raman Pratasevich ដែល​ជា​អ្នក​កាសែត​ប្រឆាំង និង​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​អ្នក​ទោស​នយោបាយ​ជាង ១.៣០០ នាក់​ដែល​របប​ដឹកនាំ​របស់​លោក Lukashenka កំពុង​ដាក់​ឃុំ​នៅ​ពេល​បច្ចុប្បន្ន»៕