តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬ USAID បានប្រកាសពីការផ្តល់ជំនួយមនុស្សធម៌ ដែលមានទឹកប្រាក់ប្រមាណ១០០.០០០ដុល្លារ ដល់ជនរងគ្រោះពីការផ្ទុះភ្នំភ្លើង La Soufrière កាលពីដើមខែមេសាកន្លងទៅ។ ជំនួយឧបត្ថម្ភនេះ នឹងជួយដល់ជនរងគ្រោះប្រមាណ២០.០០០នាក់នៅក្នុងប្រទេស St. Vincent ដែលត្រូវបានអាជ្ញាធរមូលដ្ឋានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ដោយមិនកំណត់ពេលវេលាច្បាស់លាស់ពីការត្រឡប់ទៅគេហដ្ឋាននោះទេ។
ភ្នំភ្លើង La Soufrière បានចាប់ផ្តើមកម្រើកឲ្យសញ្ញាថា នឹងអាចផ្ទុះព្រួសភ្លើងចេញមកក្រៅកាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ នៅថ្ងៃទី៩ ខែមេសាកន្លងទៅនេះ ភ្នំភ្លើងនេះ បានផ្ទុះព្រួសភ្លើងចេញមកក្រៅ ដោយបាញ់អណ្តាតភ្លើង ផ្សែងនិងផេះឡើងទៅលើអាកាស ក្នុងកម្ពស់ជាច្រើនគីឡូម៉ែត្រ ដែលធ្វើកម្ទេចផេះ និងធូលីធ្លាក់ចុះមកផ្ទៃដីវិញ គ្របដណ្តប់ពាសពេញលើតំបន់កោះនោះយ៉ាងធ្ងន់ធ្ងរ។ ការផ្ទុះនៃភ្នំភ្លើងមួយនេះ បានបន្តអស់រយៈពេលជាងមួយសប្តាហ៍។
ជំនួយមនុស្សធម៌របស់អាមេរិកនេះ នឹងត្រូវបញ្ជូនទៅឲ្យកាកបាទក្រហមរបស់ប្រទេស Saint Vincent និង Grenadines ដើម្បីធ្វើការចែកចាយជាបន្ទាន់ទៅដល់អ្នកដែលត្រូវបានជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់។ ជំនួយនោះរួមមានដូចជាស្បៀងអាហារបន្ទាន់ ទឹកបរិភោគដែលមានសុវត្ថិភាព និងសម្ភារៈសម្រាប់ទីជម្រកជាដើម។ មនុស្សជាង៦.០០០នាក់ បានស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងទីតាំងសង្គ្រោះបន្ទាន់ដែលត្រូវបានរៀបចំសម្រាប់ជនដែលត្រូវបានជម្លៀសចេញពីតំបន់ដែលមានគ្រោះថ្នាក់នោះ។ ទីភ្នាក់ងារ USAID កំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាអាជ្ញាធរនិងអង្គការក្នុងស្រុកនិងថ្នាក់តំបន់នានា ដែលធ្វើការលើគ្រោះមហន្តរាយ ដែលក្នុងនោះក៏មានអង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់រដ្ឋាភិបាលក្នុងស្រុក ដែលដឹកនាំសកម្មភាពឆ្លើយតបទៅលើគ្រោះមហន្តរាយនោះ។
អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងពីសេចក្តីត្រូវការជាអាទិភាពរបស់ពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងទីតាំងជំរំជនដែលត្រូវជម្លៀសមក និងសហគមន៍រងគ្រោះផ្សេងៗមួយចំនួនទៀត ដែលក្នុងនោះរួមមានស្បៀងអាហារ បញ្ហាសុខភាព ទឹកប្រើប្រាស់ អនាម័យ និងជំនួយខាងការរក្សាអនាម័យជាដើម។ បន្ថែមលើនេះ ការផ្ទុះនៃភ្នំភ្លើងនេះ បានបំផ្លាញផ្ទៃដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយប្រព័ន្ធផ្គត់ផ្គង់ទឹកប្រើប្រាស់ ពុំអាចដំណើរការបាន ដោយសារតែហានិភ័យនៃសារធាតុពុលក្នុងបរិស្ថាន។ រដ្ឋាភិបាលរបស់ប្រទេស Saint Vincent និង Grenadines កំពុងសិក្សាវាយតម្លៃពីផលប៉ះពាល់នៅក្នុងតំបន់រងគ្រោះទាំងនេះ។
កម្មវិធីរួមគ្នារបស់ USAID និងផ្នែកជំនួយមហន្តរាយផ្ទុះភ្នំភ្លើងនៃទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (United States Geological Survey) ក៏បន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលស្រាវជ្រាវការរញ្ជួយដីនៃសាកលវិទ្យាល័យ West Indies ដើម្បីតាមដានត្រួតពិនិត្យភ្នំភ្លើង La Soufrière ស្របពេលដែលគេមិនដឹងថា តើភ្នំភ្លើងមួយនេះ នឹងបន្តផ្ទុះឡើងទៀតនៅពេលណានោះទេ។ ក្រុមទាំងនេះ បានបង្កើនកិច្ចសហការរបស់គេ ចាប់តាំងពីភ្នំភ្លើងនេះ បានផ្តល់សញ្ញាកម្រើកកាលពីខែធ្នូ ឆ្នាំ២០២០នោះ មុនពេលវាផ្ទុះ។
សហរដ្ឋអាមេរិក បេ្តជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការនិងរដ្ឋាភិបាលនានា ក្នុងការផ្តល់ជំនួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារការផ្ទុះភ្នំភ្លើង La Soufrière នៅក្នុងប្រទេស St. Vincent។
ចំពោះព័ត៌មានសម្រាប់អ្នកដែលចង់ចូលរួមជួយនោះ សូមចូលទៅកាន់គេហទំព័រដែលមានអាស័យដ្ឋាន៖ www.cidi.org៕