Accessibility links

Breaking News

បទវិចារណកថា៖ ការគំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ទុយនីស៊ី


អ្នកគាំទ្រ​ប្រធានាធិបតី​ទុយនីស៊ី​លោក Kais Saied កាន់​បដា​អំឡុង​ពេល​ការតវ៉ា​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​តុលាការ​កំពូល នៅ​ក្នុង​ទីក្រុងទុយនីស ប្រទេស​ទុយនីស៊ី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកគាំទ្រ​ប្រធានាធិបតី​ទុយនីស៊ី​លោក Kais Saied កាន់​បដា​អំឡុង​ពេល​ការតវ៉ា​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​តុលាការ​កំពូល នៅ​ក្នុង​ទីក្រុងទុយនីស ប្រទេស​ទុយនីស៊ី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស.រ.អ.​ បានសម្តែងកង្វល់យ៉ាងខ្លាំង​អំពី​ការ​អំពាវនាវរបស់​ប្រធានាធិបតី​ទុយនីស៊ី​លោក Kais Saied ឱ្យរំលាយ​ក្រុមប្រឹក្សា​តុលាការ​កំពូល​នៃ​ប្រទេសទុយនីស៊ី​ ដែល​ជាអង្គការឯករាជ្យមួយ​មើលការ​ខុសត្រូវលើ​ការ​តែងតាំងចៅក្រម។​

លោក​ Ned Price អ្នកនាំពាក្យ​ក្រសួងការបរទេសស.រ.អ.​ បាននិយាយថា តុលាការ​ឯករាជ្យ​ជា​ផ្នែកស្នូល​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ មាន​ប្រសិទ្ធភាព និង​តម្លាភាព​។ ជា​ការ​មានសារៈសំខាន់​ដែលរដ្ឋាភិបាល​ទុយនីស៊ី រក្សា​ការ​ប្ដេជ្ញារបស់​ខ្លួនដើម្បី​គោរព​ឯករាជ្យភាពនៃអង្គការតុលាការ​ដូចមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ​ពួក​ប្រេសិតក្រុមប្រទេស G-7 និងសហភាពអឺរ៉ុប​ ក៏​បាននិយាយ​ដែរថា ពួក​គេ«ខ្វល់ខ្វាយ​យ៉ាងខ្លាំង​អំពី​ការ​ប្រកាស​បំណងចង់​រំលាយ​ក្រុមប្រឹក្សា​តុលាការ​កំពូល​ដែលមាន​បេសកកម្មធ្វើឱ្យ​ប្រាកដ​ប្រជា​អំពីដំណើរ​ការ​ល្អ​ប្រសើរនៃប្រព័ន្ធយុត្តិធម៌ ​និងការ​គោរព​ឯករាជ្យភាព​របស់​ប្រព័ន្ធ​នេះ»។

លោកស្រី Michelle Bachelet ឧត្តមស្នងការអ.ស.ប.​ខាង​សិទ្ធិមនុស្ស បានហៅការ​ប៉ុនប៉ង​រំលាយ​ក្រុម​ប្រឹក្សា​នេះ​ថា ជា«ជំហាន​ធំមួយ​ក្នុង​ទិសខុស» ដោយលោក​ស្រី​បានមានប្រសាសន៍បន្ថែម​ថា ​ការធ្វើ​ដូច្នេះ «ជាការរំលោភ​ជាក់​ស្តែង​លើកាតព្វកិច្ច​របស់​ទុយនីស៊ី​នៅក្រោម​ច្បាប់​សិទ្ធិ​មនុស្សអន្តរជាតិ»។

លោក​ប្រធានាធិបតី Saied ​បាន​អះអាង​ថា ក្រុមប្រឹក្សា​តុលាការ​កំពូល ​ពុក​រលួយ។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​វិធានការ​របស់​លោកប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​នេះ ​មានឡើងក្រោយ​សកម្ម​ភាពមួយ​ចំនួន​ចាប់ពី​ខែកក្កដា២០២១ ដែល​ពង្រឹង​អំណាចរបស់លោក​ ដោយ​មានរួមបញ្ចូលការព្យួរ​សភា​ជា​បន្ទាន់ ​ការដក​នាយករដ្ឋមន្ត្រី​ពីតំណែង​ និងការគ្រប់គ្រង​ប្រទេស​ដោយ​ប្រើក្រឹត្យ។ កាល​ពី​ខែ​មករា ឆ្នាំ២០២២ លោក​ប្រធានាធិបតី Saied បានបើកដំណើរការ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិដែល​រដ្ឋាភិបាលលោកនិយាយ​ថា​ នឹង​យកទៅ​ប្រើ​សម្រាប់​ជួយ​ព្រាងរដ្ឋធម្មនុញ្ញថ្មី​មួយ ហើយ​នាំទៅ​កាន់ការ​បោះឆ្នោតនៅខែធ្នួ ឆ្នាំ២០២២។

នៅពេល​ជា​មួយគ្នា​នេះ ប្រទេសទុយនីស៊ី​ កំពុង​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច​ដោយមាន​រួម​បញ្ចូលការ​ចុះថយផលិតផល​សរុបក្នុង​ប្រទេស​ GDP ​ម្ហូប​អាហារ​ឡើងថ្លៃ និង​បំណុល​សាធារណៈ​ច្រើន។ រដ្ឋាភិបាល​ទុយនីស៊ី ​បានចាប់ផ្តើមធ្វើការចរចា​ជា​មួយមូលនិធិរូបិយវត្ថុ​អន្តរជាតិ​ដើម្បីសុំឱ្យ​មានកញ្ចប់​ជួយ​សង្គ្រោះ។​

លោក​ Ned Price បានអំពាវនាវ​ឱ្យ​ប្រទេស​ទុនីស៊ី ​«ផ្តល់អាទិភាព​ដល់កំណែទម្រង់​សេដ្ឋកិច្ច​ដែលត្រូវការឱ្យ​មាន​សម្រាប់​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ និង​ដោះស្រាយឧបសគ្គសេដ្ឋកិច្ច​កើន​ច្រើនឡើង​របស់ប្រទេស​ទុយនីស៊ី»។​

​ក្រោយពី​មានសេចក្តី​សង្ឃឹម​ និងចលាចលនៃ​ព្រឹត្តិការណ៍​រដូវផ្កា​រីកអារ៉ាប់​កាលដើម​ទសវត្សរ៍ឆ្នាំ២០១០ គឺប្រទេសទុយនីស៊ី​ ជា​កន្លែងដែល​បាតុកម្មពហុជាតិប្រឆាំង​នឹងអំពើ​ពុករលួយ និង​រប​បផ្តាច់ការ​ បាន​ចាប់ផ្តើម​ ដែលបានលេច​ឡើង​ជា​លទ្ធិប្រជាធិបតេយ្យ​មួយ​ជាប់លាប់។ ការគំរាមកំហែង​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នោះ​ ជាការធ្វើឱ្យ​ខូចខាត​ដល់​ពលិកម្ម​ និងសមិទ្ធិផល​របស់ប្រជារាស្ត្រ​ទុយនីស៊ី។

លោក​ Ned Price បានថ្លែង​ថា «ស.រ.អ. ​អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​មានការបង្កើន​កំណែទម្រង់នយោបាយដែល​ឆ្លើយ​តប​នឹងបំណង​ប្រាថ្នា​របស់ប្រជារាស្ត្រ​ទុយនីស៊ីតាម​រយៈ​ការរួម​បញ្ចូល​សំឡេងផ្សេងៗគ្នាតំណាង​គណបក្ស​នយោបាយ​ សង្គម​ស៊ីវិល និង​សហជីព​ ជា​ពិសេសនៅ​ក្នុង​ការពិគ្រោះយោបល់​ថ្នាក់​ជាតិដែល​កំពុងមាន​ធ្វើ និង​ដែលធ្វើឱ្យ​ប្រាកដ​អំពីការគោរព​សិទ្ធិមនុស្សរបស់ទុយនីស៊ី​ត​ទៅ​ទៀត»៕​

XS
SM
MD
LG