Accessibility links

Breaking News

បទវិចារណកថា៖ ការបោះឆ្នោត​ដ៏​វិជ្ជមាន​នៅក្នុង​ប្រទេស​ហ្គំប៊ី


ប្រធានាធិបតី​ប្រទេស​ហ្គំប៊ី​លោក Adama Barrow ប្រារព្ធ​ពិធី បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Banjul ប្រទេស​ហ្គំប៊ី កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។
ប្រធានាធិបតី​ប្រទេស​ហ្គំប៊ី​លោក Adama Barrow ប្រារព្ធ​ពិធី បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Banjul ប្រទេស​ហ្គំប៊ី កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​អបអរសាទរ​លោក​ប្រធានាធិបតី Adama Barrow នៃ​ប្រទេស​ហ្គំប៊ី សម្រាប់​ជ័យជម្នះ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក ​អបអរសាទរ​ប្រជាពលរដ្ឋ​ហ្គំប៊ី​សម្រាប់​ការ​ចូលរួម​របស់​ពួកគេ​នៅក្នុង​ការ​បោះឆ្នោត​នេះ។ ...ប្រជាពលរដ្ឋ​ហ្គំប៊ី​ដែល​មាន​សិទ្ធិ​បោះឆ្នោត បាន​ចេញ​មក​បោះឆ្នោត​ជិត ៩០% នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌ ដែល​បាន​ធ្វើឡើង​ដោយ​សន្តិវិធី»។

ស្ថានទូត​សហរដ្ឋ​អាមេរិក ក៏ដូចជា​អ្នក​សង្កេតការណ៍​របស់​សហភាព​អឺរ៉ុប​ និង​របស់​សហភាព​អាហ្វ្រិក​ផងដែរ បាន​រកឃើញ​ថា ការ​បោះឆ្នោត​នេះ​ បាន​ធ្វើឡើង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

លោក Price បាន​និយាយ​ថា គេ​បាន​កត់សម្គាល់​ឃើញ​មាន «ភាព​មិន​ប្រក្រតី​តិចតួច​បែប​នីតិវិធី» និង​តម្រូវការ​ឱ្យ​មាន​នូវ«កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ឱ្យ​បាន​ទូលំទូលាយ​ជាង​នេះ​ចំពោះ​ដំណើរការ​បោះឆ្នោត»។

អាណត្តិ​នេះ ​គឺជា​អាណត្តិ​ទី​ពីរ​របស់​លោក​ប្រធានាធិបតី Barrow។ កាលពី​អាណត្តិ​ទី​មួយ លោក​បាន​ឈ្នះ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ ២០១៦ ដោយ​យក​ឈ្នះ​លើ​លោក​ប្រធានាធិបតី Yahya Jammeh។ នៅ​ពេល​នោះ ការ​កាន់​អំណាច​រាប់​ទសវត្សរ៍​របស់​លោក Jammeh ពោរពេញ​ទៅដោយ​អំពើ​ពុករលួយ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

នៅ​ក្នុង​ឆ្នាំ ២០១៧ រដ្ឋាភិបាល​ហ្គំប៊ី ​បាន​បង្កើត​គណៈកម្មការ​សច្ចភាព ការ​ផ្សះផ្សា និង​សំណង ដើម្បី​ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​បាន​កើតឡើង​នៅក្រោម​ការ​ដឹកនាំ​របស់​លោក Jammeh។

របាយការណ៍​នៃ​ការ​ស៊ើបអង្កេត​នេះ ​ត្រូវ​បាន​បញ្ចប់​រួចរាល់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ និង​ត្រូវ​បាន​ផ្ដល់​ជូន​លោក​ប្រធានាធិបតី Barrow ប៉ុន្តែ​មិនទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​ទេ។ លោក Barrow មាន​ពេល ៦ ខែ ដើម្បី​ចាត់​វិធានការ​តាម​ការ​រកឃើញ​របស់​គណៈកម្មការ​នេះ។

នៅក្នុង​ការ​អបអរសាទរ​លោក​ប្រធានាធិបតី Barrow និង​នៅក្នុង​ការ​ទទួលស្គាល់​នូវ​ដំណើរ​វិវឌ្ឍន៍​ដ៏​សំខាន់​ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ហ្គំប៊ី​តាំងពី​ឆ្នាំ ២០១៧ មក លោក Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ឱ្យ​មាន​ភាព​រឹងប៉ឹង​ឡើងវិញ​នៅក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក Barrow នូវ​កិច្ច​ប្រឹងប្រែង​កំណែ​ទម្រង់​ជាច្រើន​ដែល​បាន​សន្យា​កាលពី​ឆ្នាំ ២០១៦ និង​ដែល​មិនទាន់​បាន​បំពេញ​រួចរាល់»។

លោក Price បាន​បន្ត​ថា៖ «កិច្ច​ប្រឹងប្រែង​កំណែ​ទម្រង់​ទាំងនោះ​មាន​ដូចជា កំណែ​ទម្រង់​ដើម្បី​លុប​បំបាត់​នូវ​រចនាសម្ព័ន្ធ​និង​មធ្យោបាយ​នានា​នៃ​ការ​ជិះជាន់​គាប​សង្កត់ និង​ការ​កសាង​ឱ្យ​បាន​រឹងមាំ​នូវ​គ្រឹះ​មួយ​ដែល​ផ្អែកលើ​សិទ្ធិ​មនុស្ស លទ្ធភាព​ទទួល​បាន​យុត្តិធម៌ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ មាន​តម្លាភាព ​និង​មាន​ការ​ទទួល​ខុសត្រូវ។ ទាំង​នេះ​ គឺ​រួម​មាន​ទាំង​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​និង​កំណែ​ទម្រង់​ការ​បោះឆ្នោត ក៏​ដូចជា​ការ​ទទួល​ខុសត្រូវ​តាមរយៈ​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​គណៈកម្មការ​សច្ចភាព ការ​ផ្សះផ្សា និង​សំណង​ផងដែរ»។

លោក Price បាន​ប្រកាស​ថា៖ «សម្រាប់​ករណី​នៅក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ ប្រជាពលរដ្ឋ​ហ្គំប៊ី​ជាថ្មី​ម្ដងទៀត​បាន​ដើរតួ​ជា​អ្នក​បំផុស​ទឹកចិត្ត​នៅក្នុង​ការ​ប្រឹងប្រែង​សម្រេច​ឱ្យ​បាន​ដោយ​សន្តិវិធី​នូវ​អភិបាលកិច្ច​ដែល​មាន​អ្នក​តំណាង​និង​ការ​ចូលរួម​របស់​ពលរដ្ឋ​នៅក្នុង​ដំណើរការ​នយោបាយ»៕

XS
SM
MD
LG