តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកជាប្រទេសផ្តល់ជំនួយផ្នែកសុខាភិបាលនិងមនុស្សធម៌ដល់ប្រជាពលរដ្ឋជុំវិញពិភពលោកច្រើនជាងគេបង្អស់ នៅក្នុងពិភពលោក អស់រយៈពេលជាយូរមកហើយ។ ជំនួយនេះត្រូវបានផ្តល់ដោយមានការគាំទ្រពីសំណាក់ពលរដ្ឋអាមេរិកាំង ដែលជាអ្នកបង់ពន្ធ ជាមួយនឹងការរំពឹងទុកដោយសមហេតុសមផលថា ជំនួយនេះនឹងបំពេញគោលបំណងមានប្រយោជន៍ និងបានទៅដល់ដៃអ្នកដែលត្រូវការ។
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គួរឲ្យសោកស្តាយណាស់ដែលអង្គការសុខភាពពិភពលោក WHO បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយមិនបានធ្វើតាមការរំពឹងទុកទាំងនោះ មិនត្រឹមតែក្នុងការឆ្លើយតបរបស់ខ្លួនចំពោះវិបត្តិជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះវិបត្តិសុខភាពផ្សេងទៀតផងដែរ នៅក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។ លើសពីនេះទៅទៀត អង្គការ WHO បានបដិសេធមិនព្រមអនុវត្តការកែទម្រង់ចំបាច់ភ្លាមៗ ដែលចាប់ផ្តើមពីការបង្ហាញនូវភាពឯករាជ្យរបស់ខ្លួនពីគណបក្សកុម្មុយនីស្តចិន»។
ដោយសាររឿងនេះ សហរដ្ឋអាមេរិកបានប្រកាសថា នឹងដកខ្លួនចេញជាផ្លូវការពីអង្គការ WHO នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ។
ការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះការផ្តល់ជំនួយផ្នែកសុខាភិបាលសម្រាប់បរទេសនៅតែរឹងមាំដដែល។ នៅមុនការដកខ្លួនចេញពីអង្គការ WHO រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិនិត្យមើលវិធីផ្សេងៗ ដើម្បីប្រើប្រាស់ជំនាញរបស់ក្រសួងនិងទីភ្នាក់ងារសំខាន់ៗរបស់ខ្លួន និងវិស័យឯកជន ដើម្បីផ្តល់ការគាំទ្រសំខាន់ចាំបាច់ឲ្យបានទៅដល់ប្រទេសឯទៀត ដោយមិនបង្អង់យូរ ក្នុងគោលបំណងបង្ការ ស្វែងរក និងឆ្លើយតបចំពោះការផ្ទុះឡើងនូវជំងឺឆ្លងនានា នៅកន្លែងប្រភពដើម និងនៅកន្លែងដែលត្រូវការជំនួយមនុស្សធម៌។
តាំងពីឆ្នាំ ២០០១ មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើវិភាគទានជាង ១៤២ ពាន់លានដុល្លារ ដើម្បីជួយបង្ការ ស្វែងរក និងព្យាបាលជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺអេបូឡា និងជំងឺដ៏មានគ្រោះថ្នាក់ផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត Alma Golden ឧបការីរដ្ឋបាលនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ទទួលបន្ទុកផ្នែកសុខភាពពិភពលោក បានថ្លែងថា៖ «យើងផ្តល់ជំនួយប្រមាណ ១០ ពាន់លានដុល្លារជាមធ្យមក្នុងមួយឆ្នាំ សម្រាប់ផ្នែកសុខាភិបាលនៅលើពិភពលោក ហើយនៅក្នុងឆ្នាំនេះ យើងនឹងបង្កើនទ្វេដង នៅពេលដែលយើងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក»។
សហរដ្ឋអាមេរិកតាំងចិត្តដើម្បីធានាថា ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក នឹងមិនប៉ះពាល់ដល់កម្រិតជំនួយផ្នែកសុខាភិបាលរបស់ខ្លួនទាំងមូល សម្រាប់អ្នកដែលងាយរងគ្រោះបំផុតនោះទេ។
លោកវេជ្ជបណ្ឌិត Golden បានបន្ថែមថា៖ «សហរដ្ឋអាមេរិកនាំមុខគេក្នុងពិភពលោកក្នុងការផ្តល់ជំនួយផ្នែកសុខាភិបាលនិងមនុស្សធម៌ តាមរយៈកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកទាំងស្រុង ហើយយើងប្តេជ្ញាធានាថា ភាពសប្បុរសរបស់យើង នឹងបានទៅដល់ដៃរបស់មនុស្សនៅជុំវិញពិភពលោកដោយផ្ទាល់»៕