តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នអាមេរិកាំង
នៅពេលមួយរវាងថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ១៦២១ ក្រុមបុរស ស្ត្រីនិងកុមារអង់គ្លេស៥៣នាក់ បានត្រូវចូលរួមដោយក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិកជាអ្នកស្រុកប្រមាណ៩០នាក់ នៅពិធីជប់លៀងធំមួយដើម្បីអរគុណព្រះ ចំពោះការច្រូតកាត់ដំបូងរបស់ពួកគេនៅក្នុងប្រទេសថ្មីរបស់ពួកគេ គឺដែនដីអាណានិគម Plymouth នៅក្នុងរដ្ឋ Massachusetts សព្វថ្ងៃនេះ។
ពួកគេមានហេតុការណ៍ច្រើន ត្រូវអរគុណព្រះ។ កាលពីមួយឆ្នាំមុនពេលនោះ គឺនៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ១៦២០ ពួកគេជាផ្នែកមួយនៃក្រុមនិគមជន១០២នាក់ និងក្រុមនាវិក៣០នាក់ ដែលបានធ្វើដំណើរមកដល់ឆ្នេរសមុទ្រនៃទ្វីបអាមេរិកខាងជើងនៅលើសំពៅមួយគ្រឿងមានឈ្មោះ Mayflower។ ពួកគេជាក្រុម Puritans ជាក្រុមបំបែកខ្លួនខាងសាសនា ដែលបានត្រូវចាត់ទុកថា ជាពួកជ្រុលនិយម ហើយរដ្ឋាភិបាលនៃប្រទេសអង់គ្លេសដែលជាប្រទេសកំណើតរបស់ពួកគេ ក៏បានចាត់ទុកពួកគេថា ជាក្រុមមិនត្រឹមត្រូវតាមច្បាប់ផងដែរ។
ដោយធុញទ្រាន់នឹងការធ្វើទុក្ខបុកម្នេញក្នុងទ្វីបអឺរ៉ុប ក្រុមជនទាំងនេះ បានធ្វើដំណើរសំដៅទៅដែនដីអាណានិគម Virginia។ ក៏ប៉ុន្តែ ធាតុអាកាសនៅរដូវធ្លាក់ទឹកកក បានបង្ខំពួកអ្នកដំណើរទាំងនេះឲ្យបោះយុថ្កានៅតំបន់ Cape Cod ចម្ងាយជាង៣៥០គ.ម ទិសឦសាននៃគោលដៅដែលពួកគេបានជ្រើសរើស។
យ៉ាងណាក៏ដោយ ក៏ពួកនិគមជនទាំងនេះ បានសម្រេចចិត្តតាំងលំនៅដ្ឋាននៅលើដីគោកស្ថិតនៅម្ខាងទៀតនៃឆកសមុទ្រពីកន្លែងបោះយុថ្កាដំបូងរបស់ពួកគេនៅ Cape Cod ហើយបានចាប់ផ្តើមបង្កើតសហគមន៍មួយ ដែលនៅទីនោះពួកគេអាចរស់នៅតាមជំនឿសាសនារបស់ពួកគេផ្ទាល់។
រយៈពេលឆ្នាំទីមួយពួកគេជួបការលំបាកច្រើន ហើយហៀបតែបញ្ចប់សហគមន៍អាណានិគមនេះ នៅមុនពេលវាចាក់ឫសគល់។ ក្នុងពេលមួយឆ្នាំ ចំនួនជិតពាក់កណ្តាលនៃក្រុមនិគមជន១០២នាក់ បានស្លាប់ដោយសារទុរ្ភិក្ស ជំងឺ និងធាតុអាកាសអាក្រក់ខ្លាំង។ ក៏ប៉ុន្តែមានការច្រូតកាត់ផលដំណាំល្អក្នុងរដូវក្តៅ ហើយក្នុងរដូវស្លឹកឈើជ្រុះ បុរស២២នាក់ ស្ត្រី៤នាក់ និងយុវជនជំទង់៩នាក់ យុវនារីជំទង់៥នាក់ និងកុមារ ១៣នាក់ បានអង្គុយរួមគ្នាអបអរសាទរប្រារព្ធភោគផលល្អជាមួយក្រុមជនជាតិដើមអាមេរិកអំបូរ Wampanoag ជាអ្នកស្រុកដើម ជាអ្នកជិតខាងពួកគេ។
រដ្ឋ Massachusetts មិនមែនជាកន្លែងទីមួយដែលអះអាងថា រដ្ឋរបស់ពួកគេជារដ្ឋដំបូងដែលបានប្រារព្ធបុណ្យរំឭកគុណ Thanksgiving។ ឯកសារប្រវត្តិសាស្ត្រជាច្រើនបញ្ជាក់ថា ក្រុមអ្នករុករកកំណើតអេស្ប៉ាញ និងនិគមជនអង់គ្លេសឯទៀតៗបានប្រារព្ធពិធីរំឭកគុណខាងសាសនាបែប Thanksgiving នេះ នៅក្នុងរដ្ឋ Florida Texas រដ្ឋ Maine និងរដ្ឋ Virginia នៅមុនឆ្នាំ១៦២០។ ប៉ុន្តែការប្រារព្ធទាំងនោះ មានធ្វើដាច់ពីគ្នាតាមមូលដ្ឋានដែលរសាត់បាត់តាមពេលវេលា។ ដូច្នេះ ដោយសារមានការជ្រោមជ្រែងឱ្យមានការគាំទ្រច្រើនដោយរដ្ឋ Massachusetts ពិធីបុណ្យរំឭកគុណ Thanksgiving សម័យទំនើប បានត្រូវបង្កើតដំបូងជាផ្លូវការនៅក្នុងរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ១៨៦៣ ដោយសេចក្តីប្រកាសប្រធានាធិបតីរបស់លោក Abraham Lincoln។ លោកប្រធានាធិបតី Franklin Roosevelt បានប្តូរការប្រារព្ធពិធីបុណ្យនេះ ទៅសប្តាហ៍ទីបួននៃខែវិច្ឆិកា។
ពិធីបុណ្យ Thanksgiving បានចាប់ផ្តើមជាពិធីសូត្រធម៌សម្តែងអំណរគុណដល់ព្រះ ដោយក្រុមជនចំណាកស្រុក ដែលប្រសិនបើគ្មានការជួយពីក្រុមអ្នកជិតខាងពួកគេដែលជាអ្នកស្រុកដើមទេនោះ ពួកគេទំនងជាមិនអាចនៅរស់រានបានទេក្នុងរយៈពេលមួយឆ្នាំដំបូងរបស់ពួកគេក្នុងផ្នែកខាងជើងនៃប្រទេសអាមេរិក។
នៅពេលសព្វថ្ងៃនេះ ទោះណាជាបុណ្យ Thanksgiving ជាការជួបជុំគ្រួសារ និងមិត្តភក្តិតាមប្រពៃណីក៏ដោយ ក៏ការគំរាមកំហែងដល់ជិវិត និងសុខភាពដោយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នាំឱ្យមនុស្សជាច្រើននាក់ ប្រារព្ធបុណ្យនេះនៅក្នុងផ្ទះតែឯង ដោយសម្តែងអំណរគុណរបស់ពួកគេចំពោះឱកាសនៃអនាគតមួយដែលនឹងត្រចះត្រចង់៕