Accessibility links

Breaking News

ពិធី​បុណ្យ​រំឭកគុណ Thanksgiving ឆ្នាំ​២០២២


ថ្ងៃ​បុណ្យ​រំឭកគុណ Thanksgiving
ថ្ងៃ​បុណ្យ​រំឭកគុណ Thanksgiving

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​ និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​ទី​៤ក្នុង​ខែ​វិច្ឆិកា​ ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​បា្ររព្ធ​ពិធី​បុណ្យ​រំឭកគុណ Thanksgiving។ ពិធី​បុណ្យ​នេះ​ ត្រូវ​បាន​ធ្វើ​មុន​ដំបូង​បង្អស់​ដោយ​ក្រុម​អ្នក​មក​តាំង​ទី​លំនៅ​ថ្មីនៅក្នុងទឹកដី​សហរដ្ឋ​អាមេរិក​ ហើយ​មិន​មាន​លក្ខណៈ​ខុសគ្នា​ប៉ុន្មាន​ពីពិធីបុណ្យ​ប្រមូល​ផលតាម​ប្រពៃណី​ ដែល​ពួក​គេធ្លាប់​បាន​ធ្វើ​ពេល​ធំ​ដឹង​ក្តី​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នោះ​ឡើយ។ ប៉ុន្តែ​ពេល​មក​ដល់​ដែនដី​ថ្មីនៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើងចំ​ពេលរដូវ​ត្រជាក់ចូល​មក​ដល់នោះ​ ​ក្រុម​ជនមក​តាំង​ទី​លំនៅ​ថ្មី​ទាំង​នេះ​ មិន​បាន​ត្រៀម​ខ្លួន​ជាមុន សម្រាប់​អាកាស​ធាតុ​ដ៏​ត្រជាក់​ខ្លាំងក្នុង​រដូវ​រងា។ ជន​ដែល​មកតាំង​ទី​លំនៅ​ថ្មី​ស្ទើរ​តែ​ជិត​ពាក់កណ្តាល បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​មក​ដល់​របស់​ពួកគេ។​ ភោគផលក្នុង​ពិធី​ជប់លៀង​ដែល​គេ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​រំឭកគុណ​ជា​លើក​ដំបូង​នោះ​ មាន​អត្ថន័យ​ជា​ពិសេស ព្រោះ​វាកើត​ឡើង​ដោយ​ការ​ខិតខំ​តស៊ូ​ដ៏​លំបាក​របស់​ពួក​គេ។​ ​

បុណ្យThanksgiving ដែល​ពលរដ្ឋ​អាមេរិកកាំង​ប្រារព្ធ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ មានការ​ផ្លាស់ប្តូរ​ខ្លះៗ​ ដូច​ជា​នៅក្នុង​រដ្ឋ Massachusetts ពិធី​នេះត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅក្នុង​រវាង​ពី​ថ្ងៃ​ទី​២១ ខែកញ្ញា​ និងថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា កាល​ពី​ឆ្នាំ​១៦២១។​ ដូច​មាន​រឿង​និទាន​មួយ​ដំណាល​ថា​ មាន​បុរស​ជនជាតិ​ដើម​អាមេរិកកាំង​ប្រមាណ​៩០​នាក់​ បាន​ចូល​រួម​ជា​មួយ​ក្រុមបុរស​ ស្ត្រី​ និង​កុមារ​អង់គ្លេស​ចំនួន​៥៣​នាក់ នៅក្នុង​ពិធី​ជប់លៀង​មួយ​ ដើម្បី​ជា​ការ​ដឹងគុណ​ដល់​ការ​ប្រមូល​ផល​ជា​លើក​ទី​១​របស់​ពួក​គេ​នៅ​លើ​ទឹកដី​ថ្មី។​ ​

ពួកគេ​ចង់សម្តែង​ការ​ដឹងគុណ​របស់​ពួក​គេ​ទៅ​លើ​រឿង​ជា​ច្រើន។​ នៅ​មួយ​ឆ្នាំ​មុន​នោះ​ គឺនៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​១៦២០ ពួក​គេជា​សមាជិក​នៃ​ក្រុម​ដែល​ទើប​មកតាំង​ទី​លំនៅ​ចំនួន​១០២នាក់​ ជា​មួយ​នឹង​ក្រុម​នាវឹក​ចំនួន​៣០​នាក់​ ដែលបាន​មក​ដល់​ឆ្នេរទ្វីប​អាមេរិកខាង​ជើង​ តាម​កប៉ាល់​មួយ​ដែល​មាន​ឈ្មោះថា Mayflower។ ពួក​គេ​ទាំង​នេះ​គឺ​ជាក្រុម​ Puritan ដែល​ជា​អ្នក​បំបែក​ខ្លួន​ដោយសារ​បញ្ហាសាសនាហើយ​ធ្វើ​ដំណើរ​ដើម្បីស្វែង​រក​ទីកន្លែងមួយ​ដើម្បីគោរព​នឹង​អនុវត្ត​ជំនឿ​សាសនារបស់​ពួកគេ។​ ​

នៅក្នុង​ការ​ប្រារព្ធពិធីបុណ្យ Thanksgiving លើក​ដំបូង ពួក​គេ​ចំនួន​ពាក់កណ្តាល​បានស្លាប់​ដោយ​សារគ្រោះទុរភិក្ស​ ជំងឺ​ និង​ដោយ​សារ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ពេក។ សំណាងល្អ ជនជាតិ​ដើម Wampanoag ដែល​នៅ​ជិត​ខាង បាន​អាណិត​អាសូរ​ពួកគេ។ ពួក​ជនជាតិ​ដើម បាន​ជួយ​ក្រុម ​Puritan ដែល​មក​តាំង​ទីលំនៅ​ថ្មី​ទាំងនេះ ឱ្យ​នៅ​រស់រាន​មាន​ជីវិត​ជា​បន្ត​ដោយ​ផ្តល់​ជំនួយ​ស្បៀងអាហារ​ និង​បង្រៀនក្រុម​ Puritan ឱ្យ​ចេះ​រក​អនុផល​ធម្មជាតិដើម្បីប្រើប្រាស់​ចិញ្ចឹម​ជីវិត។​ ការ​ប្រារព្ធពិធី​នេះ​ជា​លើក​ទី​១​ជា​ការ​បង្ហាញ​នូវ​ការ​ដឹងគុណ​ដ៏​ស្មោះស្ម័គ្រ​របស់​ក្រុមមកតាំងទី​លំនៅ​ជា​លើក​ដំបូង​ ដែល​បាន​តស៊ូហើយ​នៅរស់។​ ​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden ថ្លែង​ថា៖ ​«ដូច​កាលពី​៤០០​ឆ្នាំ​កន្លង​ទៅ​នេះ​ នៅពេល​ដែល​ក្រុម​មក​តាំង​ទី​លំនៅ​ជា​លើក​ដំបូង អាច​ប្រមូល​ផល​ជាលើកទី១​ដោយសារ សន្ដានចិត្ត​និង​ការគាំទ្រ​របស់​ក្រុម​ជនជាតិ​ដើម​ Wampanoag ដែរ​នោះ នៅ​ពេល​នេះ យើង​សូម​សម្តែង​នូវ​ការ​ដឹងគុណចំពោះ​អ្នកទាំងឡាយ ដែល​បាន​ជួយ​យើងឱ្យ​បាន​ឆ្លង​ផុត​ពេលវេលា​ដ៏​លំបាក​ក្នុង​ឆ្នាំ​កន្លងទៅ»។​

លោក​ប្រធានាធិបតី​ បន្ថែម​ទៀត​ថា​ «ពិធី​បុណ្យ Thanksgiving ផ្តល់​ឱ្យ​យើង​នូវ​ពេល​វេលា​ដើម្បី​ពិចារណា​អំពី​ភ័ព្វ​សំណាង​ជាច្រើន​របស់​យើង ដែល​បាន​មក​ពី​ព្រះជាម្ចាស់ ពី​ប្រទេស​របស់​យើង​ និង​ពី​យើង​ទៅ​វិញ​ទៅ​មក។​ ​យើង​ដឹងគុណ​ចំពោះ​ភ័ព្វសំណាង​ទាំងនេះ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​យើង​ជួប​ការលំបាក​យ៉ាង​ខ្លាំង»៕

XS
SM
MD
LG