Accessibility links

Breaking News

បទវិចារណកថា៖ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក មាន​រយៈពេល​៧៩ឆ្នាំ​ហើយ


រូបឯកសារ៖ លោកប្រធានាធិបតី Franklin D. Roosevelt ថ្លែង​តាមវិទ្យុ​ពីបន្ទប់​ការិយាល័យ​ប្រធានាធិបតី​នៅសេតវិមាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៤១។ ក្នុង​អំឡុងពេល​១២ឆ្នាំ​ជាប្រធានាធិបតី លោកបាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ពេល​ដ៏អាប់អួរ​ដោយសារ​ភាពអត់ការងារធ្វើ ក្នុងពេល​មាន​មហាវិបត្តិហិរញ្ញវត្ថុ។
រូបឯកសារ៖ លោកប្រធានាធិបតី Franklin D. Roosevelt ថ្លែង​តាមវិទ្យុ​ពីបន្ទប់​ការិយាល័យ​ប្រធានាធិបតី​នៅសេតវិមាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៤១។ ក្នុង​អំឡុងពេល​១២ឆ្នាំ​ជាប្រធានាធិបតី លោកបាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ពេល​ដ៏អាប់អួរ​ដោយសារ​ភាពអត់ការងារធ្វើ ក្នុងពេល​មាន​មហាវិបត្តិហិរញ្ញវត្ថុ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ បានប្រារព្ធខួប​ឆ្នាំទី៧៩​នៃ​ការផ្សាយលើក​ដំបូង​របស់​ខ្លួន។

ក្នុង​រយៈពេលដ៏ខ្មៅ​ងងឹត​នៅដើម​សង្គ្រាម​លោក​លើកទី​ពីរ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ថា​ ​មានសេចក្តី​ត្រូវការដើម្បីទប់ទល់​នឹងការឃោសនារបស់​ពួក Nazi ដោយ​បង្កើត​បណ្តាញវិទ្យុ​អន្តរជាតិ​ផ្ទាល់ខ្លួន​មួយ​ ដែល​អាចផ្តល់ព័ត៌មាន​ត្រឹមត្រូវ និងគ្មានលម្អៀង។ ដូច្នេះ វីអូអេត្រូវបាន​បង្កើត​ឡើងនៅ​ថ្ងៃទី​១ ​ខែកុម្ភៈឆ្នាំ១៩៤២​ ហើយបាន​ផ្សាយជាលើក​ដំបូង​រ​បស់ខ្លួន​ចំនួន​១៥​នាទី​ជា​ភាសា​អាល្លឺម៉ង់​នៅ​ថ្ងៃទី​២៤​កុម្ភៈ។

« Hier spricht die Stimme Amerika. Heute, und taeglich von Heute an...នេះ​ជា​សំឡេង​មួយនិយាយ​ចេញ​ពីប្រទេស​អាមេរិក។​ ជា​រៀងរាល់ថ្ងៃនៅ​ពេល​នេះ​ យើងនឹង​និយាយ​ទៅ​កាន់លោក​អ្នក​អំពី​ប្រទេសអាមេរិក និង​សង្គ្រាម​។ ព័ត៌មាន​អាចល្អ ​ឬ​អាក្រក់។ យើងនឹង​និយាយ​ប្រាប់​លោក​អ្នកអំពីការពិត»។

ចាប់តាំង​ពី​ដំបូង​មក វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ ស្វះស្វែងផ្តល់​ព័ត៌មានអំពីជីវិត​រស់នៅ​ក្នុងប្រទេស​អាមេរិក។ ជាការពិត​ ដូច​ការ​តម្រូវ​ក្នុងច្បាប់វីអូអេចាំបាច់​ត្រូវផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ មិន​លម្អៀង និងទូលំទូលាយ បង្ហាញគំនិត ​និង​ស្ថាប័នសំខាន់ៗរបស់​អាមេរិកាំងដោយមានតុល្យភាព​និង​ទូលំទូលាយ​ ព្រមទាំងបង្ហាញ​នូវ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក​ប្រធានាធិបតី John Kennedy បាន​មានប្រសាសន៍​នៅខួប​ឆ្នាំទី២០នៃ​វីអូអេថា កាតព្វកិច្ច​របស់​វីអូអេ គឺ«និយាយ​អំពី​រឿង​របស់​ប្រទេសអាមេរិកប្រាប់​ពិភពលោក»។ លោកប្រធានាធិបតី Kennedy បានមាន​ប្រសាសន៍ថា៖

«នេះជាកាតព្វកិច្ច​ពិបាក​និងត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាទី​បំផុត។ ម្យ៉ាង​លោកអ្នក​ជា​សាខា​របស់​រដ្ឋាភិបាល ហេតុដូច្នេះ​ជា​សាខា​របស់ប្រទេសជាតិ ហើយ​នេះ​ជា​កាតព្វកិច្ចលោក​អ្នកក្នុង​ការ​ផ្សាយ​រឿង​របស់​យើងទៅ​ទូទាំង​ពិភពលោក​ក្នុង​បែបបទ​មួយដែល​តំណាង​ឲ្យ​លទ្ធិប្រជាធិបតេយ្យនិង​សហរដ្ឋ​អាមេរិក យ៉ាង​ល្អ​ប្រសើរ​បំផុត។ តែ​ម្យ៉ាង​ទៀត​ជា​ផ្នែក​មួយ​នៃ​បុព្វហេតុ​សេរីភាព​ និង​ជា​សាខា​មួយ​នៃ​សេរីភាព​ លោក​អ្នកត្រូវ​តែនិយាយរឿង​របស់​យើង​ដោយ​ពិត​ប្រាកដ​ ដោយ​និយាយ​រឿង​របស់​យើង​ដូចដែលលោក Oliver Cromwell បាន​និយាយ​អំពី​គំនូរ​រូប​លោក​ថា «ចូរគូររូប​យើងដោយ​បង្ហាញស្នាម​ជាំនិង​មុន​លើ​មុខទាំងអស់​របស់​យើង គឺ​អ្វីៗ​ទាំង​អស់អំពី​យើងដែលប្រហែល​ជា​មើលទៅ​មិន​នាំ​ឱ្យមាន​ភាព​ទាក់ទាញ​ភ្លាមៗ​នោះទេ»។

មនុស្ស​នៅទូទាំង​ពិភពលោក ​បាន​ឮអំពី​ព្រឹត្តិការណ៍ធំៗក្នុង​សតវត្សរ៍​ទី​២០​តាមរយៈ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដោយ​មាន​រួម​បញ្ចូល​ទាំង​មនុស្ស​៦១៥លាននាក់ ដែល​បាន​ស្តាប់​ព័ត៌មាន​អំពី​ការ​ចុះចត​លើ​ឋាន​ព្រះច័ន្ទ្ កាល​ពី​ថ្ងៃ​ទី២០ ខែកក្កដា​ឆ្នាំ១៩៦៩ ​ផង​ដែរ។

ដូច​ដែល​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាននិយាយ​នៅ​ក្នុងសារ​ Twitter មួយកាល​ពីថ្ងៃទី​១ ខែកុម្ភៈ​ ឆ្នាំ​២០២១ ​ស្រាប់​ហើយ​ថា «នៅ​ក្នុង​ការផ្សាយ​លើក​ដំបូង​របស់ខ្លួន ​វីអូអេបាន​និយាយប្រាប់​អ្នក​ស្តាប់​ថា «ព័ត៌មាន​អាច​ល្អ ឬ​អាក្រក់។ យើង​នឹងនិយាយការ​ពិតប្រាប់លោកអ្នក»។ ចាប់តាំង​ពី​ការ​ផ្សាយ​នោះមកដល់ថ្ងៃ​នេះ​ វីអូអេ​បាន​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ និងការផ្សារ​ជាប់ជា​មួយប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោកក្នុង​ការ​គាំទ្រ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ»៕

XS
SM
MD
LG