Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ថ្កោលទោស​ល្បិច​បន្ត​អាណត្តិ​នៅ​សូម៉ាលី


កងកម្លាំង​សន្តិសុខ បាន​បិទផ្លូវ​ដោយ​ដាក់​រថយន្ត​ពាសដែក​ក្នុង​អំឡុង​ពេល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល និង​ការពន្យាពេល​នៃ​ការបោះឆ្នោត​របស់​ប្រទេស​នៅក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​នៃ​ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
កងកម្លាំង​សន្តិសុខ បាន​បិទផ្លូវ​ដោយ​ដាក់​រថយន្ត​ពាសដែក​ក្នុង​អំឡុង​ពេល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល និង​ការពន្យាពេល​នៃ​ការបោះឆ្នោត​របស់​ប្រទេស​នៅក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​នៃ​ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​កាន់​តំណែង​រយៈពេល ៤ ឆ្នាំ របស់​ប្រធានាធិបតី​ស៊ូម៉ាលី​លោក Mohamed Abdullahi Mohamed ដែល​គេ​ស្គាល់​ថា​ ឈ្មោះ Farmaajo បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ប៉ុន្តែ លោក​នៅតែ​បន្ត​កាន់​តំណែង​ដដែល ដោយសារតែ​ភាព​ជាប់​គាំង​អូស​បន្លាយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​តាម​រដ្ឋ​នីមួយៗ​នៅ​ក្នុង​ប្រទេស​ទាក់ទិន​នឹង​របៀប​រៀបចំ​ការ​បោះឆ្នោត។

កាលពី​ថ្ងៃ​ទី១២ ខែ​មេសា រដ្ឋសភា​ប្រទេស​សូម៉ាលី​ បាន​បោះឆ្នោត​អនុម័ត​បន្ត​អាណត្តិ​រដ្ឋាភិបាល​សហព័ន្ធ និង​អាណត្តិ​របស់​រដ្ឋសភា​ពីរ​ឆ្នាំ​ទៀត ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​និង​ការ​រៀបចំ​ការ​បោះឆ្នោត​បន្ទាន់។ មួយ​ថ្ងៃ​ក្រោយ​មក លោក​ប្រធានាធិបតី Farmaajo បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​នេះ​ឲ្យ​ក្លាយទៅជា​ច្បាប់។

សហគមន៍​អន្តរជាតិ ដែល​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ ប្រឆាំង​ទៅ​នឹង​ការ​បន្ត​អាណត្តិ​បន្ថែម​ទៀត​នេះ ដោយ​បាន​ហៅ​ការ​ធ្វើ​ដូច្នេះ​ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៃ​ប្រទេស​សូម៉ាលី​និង​ប្រទេស​ជិត​ខាង និង​បាន​ព្រមាន​ថា ក្រុម​ភេរវកម្ម​អាល់សាបាប់ (al-Shabaab) អាច​កេង​ប្រយោជន៍​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​នេះ។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ក៏​ព្រមាន​ផងដែរ​ថា ការ​បន្ត​អាណត្តិ​បន្ថែម​នេះ និង​ភាព​ជាប់​គាំង​នយោបាយ​ជា​បន្ត​នឹង​រារាំង​ដល់​លទ្ធភាព​របស់​ប្រទេស​សូម៉ាលី​នៅ​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ថា៖ «យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​ការ​បន្ត​អាណត្តិ​បន្ថែម​ដោយ​គ្មាន​ការ​គាំទ្រ​ទូលំទូលាយ​ពី​ភាគី​ពាក់ព័ន្ធ​នយោបាយ​នានា​នៅ​ក្នុង​ប្រទេស​សូម៉ាលី​នោះ​ទេ។ សហរដ្ឋ​អាមេរិក​ក៏​មិន​គាំទ្រ​ដំណើរការ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​ស្រប​គ្នា ឬ​ធ្វើ​ឡើង​មួយ​ផ្នែក​នោះ​ដែរ»។

លោក Blinken បាន​បន្ថែម​ថា៖ «ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ធ្ងន់ធ្ងរ បំផ្លាញ​ដំណើរការ​សហព័ន្ធ​និង​ការ​កែ​ទម្រង់​នយោបាយ ដែល​ជា​ស្នូល​នៃ​ដំណើរ​វិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស [សូម៉ាលី] ជាមួយ​នឹង​សហគមន៍​អន្តរជាតិ និង​បង្វែរ​ចំណាប់​អារម្មណ៍​ចេញ​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អាល់សាបាប់។ ការ​ធ្វើ​ដូច្នេះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ពន្យារ​បន្ថែម​ផងដែរ​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​តាម​ការ​សន្យា ដែល​ប្រជាពលរដ្ឋ​សូម៉ាលី​បាន​រង់ចាំ»។

លោក​រដ្ឋមន្ត្រី Blinken បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក​ប្រហែលជា​ដាក់​ទណ្ឌកម្ម​និង​ដាក់​កំហិត​ទិដ្ឋាការ។ សហរដ្ឋ​អាមេរិក​ក៏​ប្រហែលជា​វាយតម្លៃ​ឡើង​វិញ​ផងដែរ​លើ​ជំនួយ​របស់​ខ្លួន​សម្រាប់​ប្រទេស​សូម៉ាលី ដែល​ជា​ប្រទេស​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយ​ពី​ខាង​ក្រៅ​សម្រាប់​តម្រូវការ​ចាំបាច់​នានា​ដូចជា​ម្ហូប​អាហារ​ជាដើម និង​សម្រាប់​ការ​បណ្ដុះបណ្ដាល​និង​ផ្គត់ផ្គង់​ឧបករណ៍​នានា​ដល់​កង​កម្លាំង​សន្តិសុខ​របស់​ខ្លួន​ផងដែរ។

លោក​រដ្ឋមន្ត្រី Blinken បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​និង​មេដឹកនាំ​នៃ​បណ្ដា​រដ្ឋ​នានា​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ឲ្យ​ត្រឡប់​មក​កាន់​តុ​ចរចា​ឡើង​វិញ​ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ​វិបត្តិ​នៃ​ការ​បោះឆ្នោត​នេះ។

លោក Blinken បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ជំរុញ​ភាគី​ទាំង​អស់​ឲ្យ​ធ្វើការ​អត់ធ្មត់​ឲ្យ​បាន​ជា​អតិបរមា បន្ត​ការ​ចរចា និង​ជៀងវាង​សកម្មភាព​ឯកតោ​ភាគី​ណា​មួយ​បន្ថែម​ទៀត​ដែល​បញ្ឆេះ​បន្ថែម​នូវ​ភាព​តានតឹង​និង​បំផ្លាញ​ដល់​ដំណើរការ​និង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ប្រទេស​សូម៉ាលី»៕

XS
SM
MD
LG