តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពី ៧.៣០០ ឆ្នាំមុន ការផ្លាស់ប្តូរហ្សែនតែមួយគត់សម្រាប់អេម៉ូក្លូប៊ីន ដែលជាសមាធាតុមួយនៅក្នុងឈាម បានកើតឡើងក្នុងចំណោមមនុស្សរស់នៅក្នុងតំបន់ម៉ែឌីទែរ៉ាណេ និងទ្វីបអាហ្វ្រិក នៅតាមតំបន់ដែលពោរពេញទៅដោយជំងឺគ្រុនចាញ់។ បុគ្គលដែលមានហ្សែនផ្លាស់ប្តូរនេះ ភាគច្រើនអាចទប់ទល់នឹងជំងឺគ្រុនចាញ់បាន។ នេះ គឺជាការបន្សាំដែលបានជួយការពារជីវិតមនុស្សកុំឲ្យបាត់បង់។
ប៉ុន្តែសម្រាប់មនុស្សដែលកើតមកមានហ្សែនបែបនេះដល់ទៅពីរ ដែលមួយទទួលបានពីឪពុក និងមួយទៀតទទួលបានពីម្តាយនោះ នឹងកើតជំងឺកោសិកាឈាម។
លោក Brett Giroir វេជ្ជបណ្ឌិតផ្នែកកុមារ និងជាឧត្តមនាវីឯកនៃផ្នែកសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានតួនាទីជាឧបការីរដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បានពន្យល់ថា៖ «កោសិកាឈាមក្រហមរបស់អ្នកផ្គុំគ្នាបង្កើតជាទម្រង់មានរាងដូចអក្សរ C នៅក្នុងចរន្តឈាមរបស់អ្នក។ វាអាចបណ្ដាលមកពីស្ថានការណ៍ជាក់លាក់មួយចំនួនដែលជារឿយៗមិនអាចដឹងជាមុនបាន ហើយវាបណ្ដាលឲ្យមានបញ្ហាជាច្រើន»។
លោក Brett Giroir បានថ្លែងដូច្នេះថា៖ «បញ្ហាមួយចំនួនដែលអ្នកឃើញកើតមានចំពោះវ័យកុមារភាព គឺថាកុមារមានអាការៈឈឺចាប់ខ្លាំងនៅក្នុងឆ្អឹង ឬនៅក្នុងពោះ ឬនៅកន្លែងផ្សេងៗទៀត។ អ្នកអាចកើតជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលបាន។ វាក៏អាចបណ្តាលឲ្យខូចសរីរាង្គនិងប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរ។ ការបំផ្លាញដល់ប្រព័ន្ធភាពស៊ាំនេះកើតឡើងតាំងពីពេលវ័យក្មេងម្ល៉េះ។ ដូច្នេះចំពោះកុមារដែលមិនទទួលបានការមើលថែល្អ ពួកគេអាចស្លាប់ភ្លាមៗបានដោយសារការឆ្លងបាក់តេរី»។
៧៥% នៃករណីទាំងនេះ កើតឡើងនៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក។ នៅទីនោះ ជារៀងរាល់ឆ្នាំ មានកុមារប្រមាណ ៣ សែននាក់ ដែលកើតមកមានជំងឺជាប់មកជាមួយ។ ៨០% នៃកុមារទាំងនោះ បានស្លាប់នៅមុនអាយុ ៥ ឆ្នាំ។
ទោះជាយ៉ាងនេះក្ដី លោកឧត្តមនាវីឯក Giroir បានថ្លែងថា ក្ដីសង្ឃឹមនៅតែមាន ដោយគ្រាន់តែត្រូវការវិធានការសាមញ្ញពីរបីប៉ុណ្ណោះ។
លោកថ្លែងដូច្នេះថា៖ «ប្រសិនបើយើងយកទារកដែលទើបនឹងកើតទៅពិនិត្យរកជំងឺកោសិកាឈាមនេះពីកំណើត និងគ្រាន់តែអនុវត្តតាមវិធីថែទាំសុខភាពសាមញ្ញជាមូលដ្ឋាន នោះយើងអាចសង្គ្រោះជីវិតកុមារបាន ៩ លាននាក់នៅជុំវិញពិភពលោកត្រឹមឆ្នាំ ២០៥០»។
នេះ គឺជាជំហានទីមួយ។ ជំហានទីពីរគឺថា កុមារត្រូវការការថែទាំសុខភាពឲ្យបានល្អ រួមទាំងការចាក់វ៉ាក់សាំង និងការប្រើថ្នាំប៉េនីស៊ីលីនដើម្បីបង្កាកុំឲ្យឆ្លងមេរោគផងដែរ។
ជំហានទីបីគឺថា ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺកោសិកាឈាមនេះ អ្នកជំងឺចាំបាច់ត្រូវទទួលការព្យាបាលដោយប្រើថ្នាំ hydroxyurea ដែលមានតម្លៃថោក ប៉ុន្តែមានប្រសិទ្ធភាព។
ហើយជំហានចុងក្រោយគឺ កុមារត្រូវទទួលបានការព្យាបាលសម្រាប់រាល់ការឈឺចាប់ទាំងអស់។
លោកឧត្តមនាវីឯក Giroir បានថ្លែងបន្តថា៖ «ជំងឺនេះនឹងមិនបាត់ដោយខ្លួនឯងនោះទេ។ ប្រសិនបើយើងព្រងើយកន្តើយមិនចាត់វិធានការ នោះនឹងគ្មានការផ្លាស់ប្តូរទេ។ ប៉ុន្តែ ប្រសិនបើយើងផ្តោតលើអ្វីដែលចាំបាច់ត្រូវធ្វើ និងអ្វីដែលមនុស្សសមទទួលបាន នោះយើងអាចផ្លាស់ប្តូរពិភពលោកក្នុងរយៈពេលដ៏ខ្លីមួយបាន»៕