តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ប្ដេជ្ញាគាំទ្របណ្ដាប្រទេសនៅផ្នែកខាងលិចនៃតំបន់បាល់កង់ចំពោះការឈានឆ្ពោះរបស់ពួកគេទៅរកការធ្វើសមាហរណកម្មជាមួយនឹងទ្វីបអឺរ៉ុប និងការធ្វើជាសមាជិកនៅក្នុងស្ថាប័នអឺរ៉ុប និងស្ថាប័នអឺរ៉ុបអាត្លង់ទិកនានា។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងកំពុងធ្វើការជាមួយនឹងបណ្ដាប្រទេសនៅភាគខាងលិចតំបន់បាល់កង់ និងជាមួយនឹងដៃគូនានារបស់យើងនៅទ្វីបអឺរ៉ុប ដើម្បីជំរុញទៅមុខនូវអភិបាលកិច្ច នីតិរដ្ឋ និងកំណែទម្រង់ប្រឆាំងអំពើពុករលួយ ក៏ដូចជាលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលដ៏រស់រវើកផងដែរ»។
ករណីនេះនឹងជំរុញទៅមុខនូវគោលបំណងជាយូរមកហើយដែលចង់ឲ្យទ្វីបអឺរ៉ុបមានភាពពេញលេញ សេរីភាព និងសន្តិភាព។
សហរដ្ឋអាមេរិក ប្ដេជ្ញាជួយបណ្ដាប្រទេសនៅភាគខាងលិចនៃតំបន់បាល់កង់ឲ្យពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ផ្ទាល់របស់ពួកគេ សម្រេចឲ្យបាននូវគោលបំណងផ្នែកអាកាសធាតុ ទប់ទល់នឹងការបង្ខិតបង្ខំរបស់ប្រទេសរុស្ស៊ីលើផ្នែកថាមពលតាមរយៈការធ្វើឲ្យមានថាមពលច្រើនប្រភេទ និងការអភិវឌ្ឍថាមពលស្អាត និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងឧក្រិដ្ឋកម្មរៀបចំទុកជាមុន។
លោក Price បានបញ្ជាក់ថា៖ «យើងក៏ចង់ជួយតំបន់ទាំងមូលផងដែរឲ្យរីកចម្រើននិងរុងរឿង ហើយស្របពេលនោះដែរ ការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងឧស្សាហកម្មនានាប្រឆាំងនឹងការអនុវត្តអាក្រក់របស់ប្រទេសចិន»។
បន្ថែមទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចខ្លាំងក្លារបស់ខ្លួនជាមួយនឹងតំបន់នោះ សហរដ្ឋអាមេរិកផ្ដល់តម្លៃលើភាពជាដៃគូរបស់ខ្លួននៅក្នុងផ្នែកការពារនិងសន្តិសុខ ដែលក្នុងនោះមានទាំងភាពជាដៃគូជាមួយនឹងប្រទេសម៉ុងតេណេហ្គ្រោ និងប្រទេសម៉ាសេដ្វានខាងជើង ដែលជាសម្ព័ន្ធមិត្តថ្មីរបស់អង្គការអូតង់ (NATO) ផងដែរ។
លោក Price បាននិយាយថា៖ «យើងស្វាគមន៍ដំណើរវិវឌ្ឍទៅមុខដែលប្រទេសអាល់បានី និងប្រទេសម៉ាសេដ្វានខាងជើងបានធ្វើលើកំណែទម្រង់សំខាន់ៗ និងបន្តគាំទ្រការបើកឲ្យមានការចរចាចូលជាសមាជិកសហភាពអឺរ៉ុបជាមួយប្រទេសទាំងពីរនៅខែមិថុនាខាងមុខ»។
សហរដ្ឋអាមេរិកប្រុងប្រៀបរួចជាស្រេចនៅក្នុងការគាំទ្រកិច្ចការឆ្ពោះទៅរកកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងឡើងវិញដ៏ទូលំទូលាយ និងមិនអាចចាត់ទុកជាមោឃៈបានរវាងប្រទេសកូសូវ៉ូនិងស៊ែប៊ី ផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមក ដែលជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ និងវិបុលភាពដ៏យូរអង្វែង។
លោក Price បាននិយាយថា៖ «យើងគាំទ្រការសន្ទនាដែលសម្របសម្រួលដោយសហភាពអឺរ៉ុប និងលើកទឹកចិត្តដៃគូនានាឲ្យចូលរួមឡើងវិញជាបន្ទាន់នៅក្នុងដំណើរការនេះដើម្បីដោះស្រាយទាំងបញ្ហាបច្ចេកទេសនិងបញ្ហានយោបាយ»។
សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយនឹងសហគមន៍អន្តរជាតិដើម្បីគាំទ្រប្រទេសបូស្នីនៅក្នុងការបន្តសម្រេចឲ្យបាននូវកំណែទម្រង់នានា រួមទាំងកំណែទម្រង់ការបោះឆ្នោតផងដែរ ដែលនឹងអនុញ្ញាតឲ្យប្រទេសនេះ រីកចម្រើននិងបានចូលជាសមាជិករបស់សហភាពអឺរ៉ុប។
ការិយាល័យអ្នកតំណាងជាន់ខ្ពស់ (OHR) ដែលបានបង្កើតឡើងកាលពី ២៥ ឆ្នាំមុន នៅក្រោមកិច្ចព្រមព្រៀងសន្តិភាព Dayton បានរួមចំណែកយ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពនៅទីនោះ។
លោក Price បានព្រមានថា ការប៉ាន់ស្មានគ្មានហេតុផលកាលពីពេលថ្មីៗនេះ អំពីការផ្លាស់ប្ដូរព្រំដែននៅក្នុងតំបន់បាល់កង់តាមក្រុមជាតិសាសន៍ ប្រឈមនឹងហានិភ័យនៃការបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់ និងធ្វើឲ្យនឹកឃើញឡើងវិញនូវភាពតានតឹងពីអតីតកាល។
លោក Price ថ្លែងដូច្នេះថា៖ «អនាគតស្ថិតស្ថេរនិងរីកចម្រើនសម្រាប់ផ្នែកភាគខាងលិចនៃតំបន់បាល់កង់ត្រូវតែផ្អែកលើអភិបាលកិច្ចល្អ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យពហុជាតិសាសន៍ និងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា»៕