Accessibility links

Breaking News

បទវិចារណកថា៖ បញ្ហា​នៃ​ការ​នាំ​ចេញ​ពលករ​របស់​ចិន​ទៅ​ក្រៅ​ប្រទេស


រូបឯកសារ៖ កម្មកររោងចក្រអេត្យូពីកំពុងផលិតស្បែកជើងនៅរោងចក្ររបស់ចិនឈ្មោះ Huajian នៅតំបន់សេដ្ឋកិច្ចឧស្សាហកម្ម Lebu ក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ កម្មកររោងចក្រអេត្យូពីកំពុងផលិតស្បែកជើងនៅរោងចក្ររបស់ចិនឈ្មោះ Huajian នៅតំបន់សេដ្ឋកិច្ចឧស្សាហកម្ម Lebu ក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រជាជន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​សប្បាយ​រីករាយ ​នៅ​ពេល​ដែល​មន្រ្តី​របស់​ពួក​គេ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ចិន​និង​ក្រុមហ៊ុន​ចិន ​ដែល​ច្រើន​តែ​ជា​រឿង​ដដែលៗ​ គឺ​ការ​សាងសង់​រោងចក្រ ​និង​កំពង់ផែ ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេង​ទៀត ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ។​

លោក​ Robert Destro ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​និង​ពលកម្ម​ បាន​កត់​សម្គាល់​ថា ​ប៉ុន្តែ​ក្តី​សុបិន​របស់ប្រជាជន​ក្នុង​មូលដ្ឋាន​អំពី​ការងារ​ថ្មី​ដែល​កើត​ឡើង​ពី​ប្រតិបត្តិការ​ទាំង​នេះ​ ជា​រឿយៗ​មិន​ក្លាយ​ជា​ការពិត​ទេ។

លោក​បាន​លើក​ឡើង​ថា៖ ​«ឧទាហរណ៍​នៅ​ប្រទេស​អេត្យូពី ពួក​គេ​នាំ​យក​កម្មករ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​អេត្យូពី​ ហើយ​បន្ទាប់​មក​ ប្រើ​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​អន់ថយ​ទីផ្សារ​ការងារ​ សម្រាប់​ប្រទេស​អេត្យូពី»។​

ស្ថានភាព​ដូចគ្នា​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ មាន​តាំងពី​ប្រទេស​វៀតណាម​ ដល់ប្រទេស​ហ្សាម៉ាអ៊ីក (Jamaica) ដែល​ប្រទេស​ចិន​បាន​ដាក់​កម្មករ​របស់​ខ្លួន​រាប់​សែន​នាក់។

​ប៉ុន្តែ ​វា​មិន​ត្រឹមតែ​កម្មករ​ក្នុង​ស្រុក​ទេ​ដែល​រងគ្រោះ​ដោយសារ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ចិន។​ ពលករ​ចិន​ខ្លួន​ឯង ​ក៏​ជា​ជន​រង​គ្រោះ​ជា​ញឹកញាប់​ដែរ​ ដោយ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ក្នុង​លក្ខខណ្ឌ​ការងារ​វេទនា​ និង​គ្មាន​សុវត្ថិភាព។​

ជា​ញឹកញាប់​ ពួក​គេ​ត្រូវបង់​ថ្លៃ​សេវា ​ឬ​តម្កល់​ប្រាក់​ធានា ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រងគ្រោះ​ពី​ការ​បង្ខិតបង្ខំ​ដោយ​ផ្អែក​លើ​បំណុល។ ​ពេល​វេលា​ធ្វើ​ការ​របស់​ពួក​គេ​ច្រើន​ម៉ោង​ ហើយ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ច្រើន​តែ​ទាប​ ហើយ​បើកយឺតយ៉ាវ​ហួសហេតុ។​

លោក​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស ​Destro​ បាន​បន្ថែម​ថា ​កម្មករ​ចិន ​«ត្រូវ​គេ​ឲ្យ​តម្លៃ​ប្រៀប​ដូច​ទំនិញ​ មិន​ដូច​ជា​មនុស្ស​ទេ»។​

ករណី​មួយ​នៅ​សហរដ្ឋ​អាមេរិក​បង្ហាញ​ពី​ការ​រំលោភ​បំពាន​នេះ។ ​កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៩ ​លោក​ Dan Zhong ​អតីត​អ្នក​ការទូត​ចិន​ និង​ជា​ប្រធាន​ប្រតិបត្តិការ​របស់​អាជីវកម្ម​សំណង់​ចិន ​នៅសហរដ្ឋអាមេរិក ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ពាក់ព័ន្ធ​នឹង​ពលកម្ម​ដោយ​បង្ខំ​ និង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធដែល​សម្រេច​ដោយគណៈវិនិច្ឆ័យ​សហព័ន្ធ​មួយ​ នៅបូរី​ញូវយ៉ក។

លោក​ William Sweeney ​នាយក​រង​ស្តីទី​នៃ​ការិយាល័យ​ស៊ើប​អង្កេត​របស់​សហព័ន្ធ​ (FBI)​ បាន​លើក​ឡើង​ថា៖​ «ពួកគេ​គឺ​ជា​មនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ ​៧ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ដោយ​មិន​មាន​ប្រាក់​ឈ្នួល​ ហើយ​ត្រូវ​បង្ខំ​ឲ្យ​រស់​នៅ​ក្នុង​លំនៅដ្ឋាន​ដែល​មិន​សមរម្យ​ ជាមួយ​មនុស្ស​រាប់សិប​នាក់​ទៀត​ ដែល​ជាប់​ក្នុង​ការ​យាមកាម​ដោយ​ឆ្មាំ​ ដែល​នឹង​តាម​ប្រមាញ់​ពួកគេ​ ហើយ​អូស​ពួកគេ​មក​វិញ​ ប្រសិន​បើ​ពួក​គេ​បាន​រត់​គេច​ខ្លួន»។​

លោក​ William Sweeney ​បន្តថា៖«លោក ​Zhong ​និង​អ្នក​ផ្សេង​ទៀត​ប្រហែល​ជា​ជឿជាក់​ថា ​ពួក​គេ​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​មនុស្ស​ និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ នៅ​ក្នុង​ប្រទេស​នេះ​ ដោយសារ​រដ្ឋាភិបាល​ចិន​មិន​គោរព​ច្បាប់​នៅ​កន្លែង​ដែល​គេ​ប្រតិបត្តិការ​នោះ ប៉ុន្តែ​ឥឡូវ​នេះ ​ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​ ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ពួកគេ» ​ក្នុង​ករណី​ទាំង​នេះ។​

ការ​មិន​យក​ចិត្តទុក​ដាក់​ចំពោះ​នីតិរដ្ឋ​ដោយ​រដ្ឋាភិបាល​ចិន​ និង​អ្នក​ធ្វើ​ការ​តាម​បាន​រាលដាល​ឆ្ងាយបាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង ​មិនត្រឹម​តែ​លើ​ពលរដ្ឋ​ចិន​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដ៏​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​រួមទាំង​កម្មករ​ចិន​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជំរុញ​ដើម្បី​ឲ្យតម្លាភាព​និង​ការ​ទទួល​ខុសត្រូវ​ ដើម្បី​ឲ្យ​ការគោរពសិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​ទាំងអស់ ​រួមទាំង​សិទ្ធិ​ការងារ​របស់​ពួកគេ​ផង​ ត្រូវ​បាន​ទទួល​ស្គាល់​និង​ផ្តល់​តម្លៃ៕

XS
SM
MD
LG