តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការកាន់តំណែងរយៈពេល ៤ ឆ្នាំ របស់ប្រធានាធិបតីស៊ូម៉ាលីលោក Mohamed Abdullahi Mohamed ដែលគេស្គាល់ថា ឈ្មោះ Farmaajo បានបញ្ចប់កាលពីថ្ងៃទី ៨ ខែកុម្ភៈកន្លងទៅនេះ ប៉ុន្តែ លោកនៅតែបន្តកាន់តំណែងដដែល ដោយសារតែភាពជាប់គាំងអូសបន្លាយជាមួយនឹងថ្នាក់ដឹកនាំតាមរដ្ឋនីមួយៗនៅក្នុងប្រទេសទាក់ទិននឹងរបៀបរៀបចំការបោះឆ្នោត។
កាលពីថ្ងៃទី១២ ខែមេសា រដ្ឋសភាប្រទេសសូម៉ាលី បានបោះឆ្នោតអនុម័តបន្តអាណត្តិរដ្ឋាភិបាលសហព័ន្ធ និងអាណត្តិរបស់រដ្ឋសភាពីរឆ្នាំទៀត ដោយធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងនៅក្នុងការដោះស្រាយភាពជាប់គាំងនិងការរៀបចំការបោះឆ្នោតបន្ទាន់។ មួយថ្ងៃក្រោយមក លោកប្រធានាធិបតី Farmaajo បានចុះហត្ថលេខាលើសំណើច្បាប់នេះឲ្យក្លាយទៅជាច្បាប់។
សហគមន៍អន្តរជាតិ ដែលក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរ ប្រឆាំងទៅនឹងការបន្តអាណត្តិបន្ថែមទៀតនេះ ដោយបានហៅការធ្វើដូច្នេះថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៃប្រទេសសូម៉ាលីនិងប្រទេសជិតខាង និងបានព្រមានថា ក្រុមភេរវកម្មអាល់សាបាប់ (al-Shabaab) អាចកេងប្រយោជន៍ពីភាពមិនចុះសម្រុងគ្នានេះ។
សហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតនៅក្នុងសហគមន៍អន្តរជាតិក៏ព្រមានផងដែរថា ការបន្តអាណត្តិបន្ថែមនេះ និងភាពជាប់គាំងនយោបាយជាបន្តនឹងរារាំងដល់លទ្ធភាពរបស់ប្រទេសសូម៉ាលីនៅក្នុងការបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនគាំទ្រការបន្តអាណត្តិបន្ថែមដោយគ្មានការគាំទ្រទូលំទូលាយពីភាគីពាក់ព័ន្ធនយោបាយនានានៅក្នុងប្រទេសសូម៉ាលីនោះទេ។ សហរដ្ឋអាមេរិកក៏មិនគាំទ្រដំណើរការបោះឆ្នោតដែលធ្វើឡើងស្របគ្នា ឬធ្វើឡើងមួយផ្នែកនោះដែរ»។
លោក Blinken បានបន្ថែមថា៖ «ការធ្វើដូច្នេះនឹងធ្វើឲ្យមានការបែកបាក់ធ្ងន់ធ្ងរ បំផ្លាញដំណើរការសហព័ន្ធនិងការកែទម្រង់នយោបាយ ដែលជាស្នូលនៃដំណើរវិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេស [សូម៉ាលី] ជាមួយនឹងសហគមន៍អន្តរជាតិ និងបង្វែរចំណាប់អារម្មណ៍ចេញពីការប្រយុទ្ធប្រឆាំងនឹងក្រុមអាល់សាបាប់។ ការធ្វើដូច្នេះក៏ធ្វើឲ្យមានការពន្យារបន្ថែមផងដែរដល់ការរៀបចំការបោះឆ្នោតតាមការសន្យា ដែលប្រជាពលរដ្ឋសូម៉ាលីបានរង់ចាំ»។
លោករដ្ឋមន្ត្រី Blinken បានព្រមានថា សហរដ្ឋអាមេរិកប្រហែលជាដាក់ទណ្ឌកម្មនិងដាក់កំហិតទិដ្ឋាការ។ សហរដ្ឋអាមេរិកក៏ប្រហែលជាវាយតម្លៃឡើងវិញផងដែរលើជំនួយរបស់ខ្លួនសម្រាប់ប្រទេសសូម៉ាលី ដែលជាប្រទេសពឹងផ្អែកខ្លាំងលើជំនួយពីខាងក្រៅសម្រាប់តម្រូវការចាំបាច់នានាដូចជាម្ហូបអាហារជាដើម និងសម្រាប់ការបណ្ដុះបណ្ដាលនិងផ្គត់ផ្គង់ឧបករណ៍នានាដល់កងកម្លាំងសន្តិសុខរបស់ខ្លួនផងដែរ។
លោករដ្ឋមន្ត្រី Blinken បានអំពាវនាវដល់រដ្ឋាភិបាលសហព័ន្ធនិងមេដឹកនាំនៃបណ្ដារដ្ឋនានានៅក្នុងប្រទេសសូម៉ាលីឲ្យត្រឡប់មកកាន់តុចរចាឡើងវិញដើម្បីស្វែងរកវិធីដោះស្រាយវិបត្តិនៃការបោះឆ្នោតនេះ។
លោក Blinken បានថ្លែងដូច្នេះថា៖ «យើងជំរុញភាគីទាំងអស់ឲ្យធ្វើការអត់ធ្មត់ឲ្យបានជាអតិបរមា បន្តការចរចា និងជៀងវាងសកម្មភាពឯកតោភាគីណាមួយបន្ថែមទៀតដែលបញ្ឆេះបន្ថែមនូវភាពតានតឹងនិងបំផ្លាញដល់ដំណើរការនិងស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសសូម៉ាលី»៕