Accessibility links

Breaking News

បទវិចារណកថា៖ ការដាក់​ទណ្ឌកម្ម​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា​ចំពោះ​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ


រូបឯកសារ៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក Nicolas Maduro ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន Miraflores ក្នុង​ទីក្រុង Caracas។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

នៅក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ ប្រធានាធិបតីមិន​ត្រឹមត្រូវ​តាមច្បាប់​លោក Nicolas Maduro និង​ពួក​សមាជិកនៃ​របប​គ្រប់គ្រង​មិន​ត្រឹមត្រូវ​តាមច្បាប់របស់​លោក បានប្តេជ្ញា​ក្តោបក្តាប់​អំណាចតាម​គ្រប់​វិធី​ទាំង​អស់​។ ដើម្បីសម្រេច​គោលដៅ​របស់​ខ្លួន ពួក​គេ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ដំណើរ​ការប្រជាធិបតេយ្យរបស់​ប្រទេស​វេណេហ្ស៊ុយអេឡា។ ផែនការរបស់​លោក Maduro ក្នុង​ការ​កែប្រែការបោះឆ្នោត​សភា​ ដែលគ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៦ខែ​ធ្នូ គឺ​ជា​ឧទាហរណ៍​សក្ដិសម​ជាង​គេ។

កាល​ពី​ថ្ងៃទី១ ខែ​កក្កដា ក្រុម​ប្រឹក្សា​បោះឆ្នោត​ជាតិ​បាន​ប្រកាសថា​ ការ​បោះឆ្នោតនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៦ ខែ​ធ្នូ។ លោក Juan Guaido ប្រធានាធិបតី​ស្តីទី បាន​ពន្យល់​ជា​សាធារណៈ​ថា​ ក្រុម​ប្រឹក្សា​បោះឆ្នោត​នេះ​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ ​ពី​ព្រោះ​ពួក​សមាជិក​នៃក្រុមប្រឹក្សា​នេះ​ បាន​ត្រូវ​ជ្រើសរើសដោយ​ខុស​ច្បាប់ដោយតុលាការ​កំពូលត្រួត​ត្រា​ដោយ​លោក Maduro។​ ដូច្នេះ​ ប្រជារាស្ត្រ​ Venezuela ដែលប្រឆាំង​នឹង​លោក Maduro នឹង​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នេះ​ទេ។ ដោយគាំទ្រគោលជំហរ​របស់​លោក Juan Guaidó គណបក្ស​ប្រឆាំង​ចំនួន ៣៧ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៧ ​ក៏​បាន​ប្រកាសដែរ​ថា​ ពួក​គេនឹង​ធ្វើ​ពហិកាប្រឆាំងនឹង​ដំណើរ​ការ​នេះដោយនិយាយ​ថា ការ​ចូល​រួម​ក្នុង​ការ​បោះឆ្នោតមានការ​គៃ​បន្លំ​ដោយ​លោក​ Maduro គឺ​ស្មើ​នឹង​ «​សហការ​ជា​មួយយុទ្ធសាស្ត្រ​នៃ​របប​គ្រប់គ្រង​ផ្តាច់ការ»។

ជាការ​ឆ្លើយ​តប​នឹង​ការប្រឆាំងខាង​នយោបាយរួម​គ្នានៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ របប​គ្រប់គ្រង​របស់​លោក​ Maduro ដែល​មិនត្រឹម​ត្រូវ​តាម​ច្បាប់ បាន​ដាក់​ជំនួសពួក​មេដឹកនាំនៃគណបក្សជំទាស់ធំៗ​ជា​ច្រើនដោយ​ពួក​អ្នក​គាំទ្រ​លោក​ផ្ទាល់​ ដោយ​ក្លែងបន្លំថា​ ជាពួកសមាជិកនៃ​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​លោក Maduro។ ពួកភ្នាក់ងារគាំទ្រ​លោក Maduro ទាំង​នេះ​ បាន​អះអាងថា ​ជា​មេដឹកនាំគណបក្សបីក្នុង​បណ្តា​បក្សធំៗ​ចំនួនបួន។ នៅ​ក្នុង​ករណីនីមួយៗ តុលាការកំពូលគ្រប់​គ្រង​ដោយ​លោក Maduro បានសម្រេចអនុគ្រោះ​ដល់ពួក​ភ្នាក់ងារ​លោក Maduro។

ពួកមេដឹកនាំនៃគណបក្ស​ប្រឆាំងជា​ច្រើន ​បាន​ត្រូវ​ជំនួស​ដោយពួក​ភ្នាក់ងារនៃ​របប​គ្រប់គ្រង​មិនត្រឹមត្រូវ​តាម​ច្បាប់​នេះ។ ជា​លទ្ធផល​ គណបក្សធំៗ​ទាំង​នេះ ដែល​មិនឈប់​និយាយ​ថា​តំណាង​ឲ្យ​ពលរដ្ឋ​ដែល​ខ្លួន​តំណាងនោះ បែរ​ជា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ហើយ​នៅ​ពេល​នេះ​ បង្កើតប្លុកប្រឆាំង​ក្លែងក្លាយ​មួយ។ គណបក្សប្រឆាំង​ក្លែង​បន្លំទាំង​បី​នេះ នៅ​ពេល​នេះ បាន​បញ្ជាក់​ថា ​ពួកគេនឹង​ចូល​រួមក្នុង​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី៦​ ខែ​ធ្នូ​ ខាង​មុខ​នេះ។

គម្រោងការអាក្រក់​របស់​លោក Maduro ក្នុង​ការ​ប្លន់សិទ្ធិ​របស់​ប្រជារាស្ត្រ​វេណេហ្ស៊ុយអេឡា​ដើម្បីជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោតដោយ​សេរី ​និង​ប្រកប​ដោយ​យុត្តិធម៌ ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក តាម​រយៈ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​លេខ ១៣៦៩២ បាន​ដាក់ទណ្ឌកម្មបណ្ដា​មេដឹកនាំ​នៃគណបក្សប្រឆាំងអាយ៉ងទាំង​នេះ។ ពួក​ជន​ទាំង​នេះ​ មានឈ្មោះ Jose Bernabe Gutierrez Parra បង​ប្អូន​ប្រុស​លោក​ប្រធានាធិបតី​ឈ្មោះ Miguel Antonio Jose Ponente Parra ឈ្មោះ​ Guillermo Antonio Luces Osorio ឈ្មោះ​ Chaim Jose Bucaran Paraguan និង​ឈ្មោះ​ Williams Jose Benavides Rondon។

លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាននិយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ នៅ​តែ​ប្តេជ្ញាធ្វើ​ឱ្យរបប​គ្រប់គ្រងរបស់​លោក Maduro និងពួក​អ្នក​គាំទ្រ​របបនេះ ទទួលខុស​ត្រូវ​ចំពោះ​អំពើ​ពុក​រលួយ​ឥត​លាក់​លៀម​របស់​ពួកគេ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា ប្រជារាស្ត្រ​វេណេហ៊្សុយអេឡា​ មានការបោះឆ្នោតដោយ​សេរី ​និងយុត្តិធម៌​ ដែល​ពួកគេ​សក្តិសម​ទទួល​បាន​»។

សហរដ្ឋអាមេរិក​ឈរ​ជា​មួយ​លោក​ប្រធានាធិបតីស្ដីទី Guaidó និងក្រុម​អ្នក​ឆ្នើមខាង​ប្រជាធិបតេយ្យ​នៃ​ប្រទេស​វេណេហ៊្សុយអេឡា​នៅ​ក្នុងដំណើរការ​របស់​ពួក​គេ ​ដើម្បីស្តារ​ឱ្យមាន​ប្រទេស Venezuela ប្រជាធិបតេយ្យឡើងវិញ៕

XS
SM
MD
LG