Accessibility links

Breaking News

បទវិចារណកថា៖ របប​ដឹកនាំ​របស់​លោក Maduro បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ


រូបឯកសារ៖ សកម្មជន​គណបក្ស​ប្រឆាំង​កាន់បដា​ដែល​សរសេរ​ជា​ភាសា​អេស្ប៉ាញ​ថា «រួមគ្នា​ប្រឆាំងនឹង​ការធ្វើទារុណកម្ម» អំឡុងពេល​តវ៉ា​នៅខាងក្រៅ​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ការ៉ាកាស​កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩។
រូបឯកសារ៖ សកម្មជន​គណបក្ស​ប្រឆាំង​កាន់បដា​ដែល​សរសេរ​ជា​ភាសា​អេស្ប៉ាញ​ថា «រួមគ្នា​ប្រឆាំងនឹង​ការធ្វើទារុណកម្ម» អំឡុងពេល​តវ៉ា​នៅខាងក្រៅ​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ការ៉ាកាស​កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

របាយការណ៍​របស់​បេសកកម្ម​អន្តរជាតិ​ឯករាជ្យ​ស្វែងរក​ការពិត​របស់​អង្គការ​សហប្រជា​ជាតិ​អំពី​ប្រទេស​វ៉េណេស៊ុយអេឡា (United Nations Independent International Fact-Finding Mission on Venezuela) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា បាន​សន្និដ្ឋាន​ថា មាន​ហេតុផល​ត្រឹមត្រូវ​ដែល​ជឿ​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​រួមមាន​ទាំង​ការ​សម្លាប់ ការ​ចាប់​ដាក់​ពន្ធនាគារ ការ​ធ្វើ​ទារុណកម្ម ការ​បាត់​ខ្លួន​ទាំង​បង្ខំ ការ​រំលោភ​សេព​សន្ថវៈ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ក្នុង​ទម្រង់​ផ្សេង​ទៀត ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

គួរ​ឲ្យ​បារម្ភ​ថែម​ទៀត​នោះ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា មាន «ហេតុផល​ត្រឹមត្រូវ​ដែល​ជឿ​ថា ប្រធានាធិបតី​ប្រទេស​វ៉េណេស៊ុយអេឡា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បញ្ជា ឬ​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​របាយ​ការណ៍​នេះ»។ និយាយ​ជា​រួម ការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ​ទាំង​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​ចាប់ពី​ថ្នាក់​កំពូល​មក។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ បាន​បង្កើត​បេសកកម្ម​ស្វែងរក​ការ​ពិត​មួយ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ ២០១៩។ បេសកកម្ម​របស់​ខ្លួន​ គឺ​ដើម្បី​ស៊ើបអង្កត​ទៅ​លើ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​បាត់​ខ្លួន​ដោយ​បង្ខំ ការ​ឃុំឃាំង​និង​ការ​ធ្វើ​ទារុណកម្ម​តាម​ទំនើង​ចិត្ត និង​អំពើ​ឃោរឃៅ​ព្រៃផ្សៃ អមនុស្ស​ធម៌​ផ្សេង​ទៀត ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក ដែល​ជា​ការ​បើក​ផ្លូវ​មួយ​ដើម្បី​ឲ្យ​អ្នក​ប្រព្រឹត្តិ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​មាន​ដំណាក់កាល​អន្តរកាល​មួយ​ប្រកប​ដោយ​ភាព​សេរី​ និង​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសវ៉េណេស៊ុយអេឡា។ នេះ​ជា​វិធី​តែ​មួយ​គត់​ ដើម្បី​បញ្ចប់​ការ​ឈឺចាប់​របស់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​រាប់​លាន​នាក់ នៅ​ក្រោម​ស្នាដៃ​របស់​របប​ដឹកនាំ​ខុស​ច្បាប់​របស់​លោក Nicolas Maduro និង​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ដ៏​សាហាវ​យង់ឃ្នង​របស់​របប​នេះ។

លោក John Barsa ប្រធាន​ស្តីទី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ USAID បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា ដែល​សម​នឹង​ទទួល​បាន​ជីវិត​រស់នៅ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ពី​អំពើ​ហិង្សា​ដែល​ប្រព្រឹត្តិ​ដោយ​អ្នក​ដែល​គួរតែ​ការពារ​និង​បម្រើ​ពួកគេ»។

ប្រធានាធិបតី​ស្តីទី​ប្រទេសវ៉េណេស៊ុយអេឡា​លោក Juan Guaido និង​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​លោក រួម​ទាំង​សមាជិក​រដ្ឋសភា​ជាតិ​ដែល​បាន​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​វ៉េណេស៊ុយអេឡា អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ដើរ​តួ​នាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​រក្សា​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នៅ​រស់រាន​មាន​ជីវិត។

លោក John Barsa បាន​ថ្លែង​ថា៖ «ពួកគេ​ជា​វីរជន​ពិត​ប្រាកដ ហើយ​ខ្ញុំ​ជឿ​ថា ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ»។

សហគមន៍​អន្តរជាតិ​ត្រូវ​រួម​ឯកភាព​គ្នា​នៅ​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​ការ​បោះឆ្នោត​ជ្រើសរើស​សភា​តំណាង​រាស្ត្រ​ដោយ​សេរី​និង​យុត្តិធម៌ និង​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។ សហរដ្ឋ​អាមេរិកទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​មួយ ដែល​ខ្លួន​អាច​ប្រារព្ធ​នូវ​ពិធី​អបអរ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​សេរីភាព និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា៕

XS
SM
MD
LG