Accessibility links

Breaking News

បទវិចារណកថា៖ ដើម្បី​ឲ្យ​ពហុភាគី​និយម​មាន​ជោគជ័យ ប្រទេស​ទាំងអស់​ត្រូវ​ចូលរួម


រូបឯកសារ៖ សម័យ​ប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី៧៤ នៅ​ទីស្នាក់ការ​កណ្តាល​នៅក្នុង​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ សម័យ​ប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី៧៤ នៅ​ទីស្នាក់ការ​កណ្តាល​នៅក្នុង​សហរដ្ឋ​អាមេរិក។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់​ទៅ​ភ្លាមៗ បណ្ដា​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​បាន​ទទួល​ស្គាល់​ថា ជោគជ័យ​របស់​ប្រទេស​ផ្សេង​ទៀត​ គឺ​មាន​សារៈសំខាន់​សម្រាប់​ជោគជ័យ​របស់​ប្រទេស​ពួកគេ។

ដូច្នេះ ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ដែល​ទើបតែ​បង្កើត​ឡើង​ថ្មីថ្មោង​នៅ​ពេល​នោះ ពួកគេ «បាន​អនុវត្ត​គោលការណ៍​មួយ​ចំនួន​ដើម្បី​បង្ការ​ជម្លោះ​និង​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​មនុស្ស​ជាតិ ទទួល​ស្គាល់​ និង​ការពារ​សិទ្ធិ​មនុស្ស ជំរុញ​កិច្ច​សន្ទនា​បន្ត​ដើម្បី​លើក​កម្ពស់​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​មួយ​ដែល​មាន​បំណង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ក្នុង​សុន្ទរកថា​មួយ​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា ​កន្លង​ទៅ​នេះ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា ទោះជា​យ៉ាង​នេះ​ក្ដី «ឥឡូវ​នេះ យើង​ឃើញ​មាន​ចម្ងល់​មួយ​ចំនួន ថា​តើ​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​ អាច​នៅតែ​ទៅ​រួច ​ឬ​ក៏​យ៉ាង​ណា​នោះ»។

លោក​បាន​បន្ថែម​ថា ប៉ុន្តែ «ពហុភាគី​និយម​ គឺ​នៅតែ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​របស់​ពួក​យើង​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​នៅ​លើ​ពិភពលោក»។

ប៉ុន្តែ ដើម្បី​ឲ្យ​ប្រព័ន្ធ​ពហុភាគី​និយម​នេះ​ទទួល​បាន​ជោគជ័យ ប្រទេស​ទាំង​អស់​ត្រូវតែ​គោរព​តាម​និង​អនុវត្ត​ប្រព័ន្ធ​នេះ។

លោក​រដ្ឋមន្ត្រី Blinken ថ្លែង​ដូច្នេះ​ថា៖ «មាន​វិធី ៣ យ៉ាង​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន។ ទី​មួយ ប្រទេស​ទាំង​អស់​គួរ​សម្រេច​ឲ្យ​បាន​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ជា​ពិសេស​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ចង​ដោយ​ច្បាប់​ដូចជា ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សន្ធិសញ្ញា​និង​អនុសញ្ញា សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ច្បាប់​មនុស្សធម៌​អន្តរជាតិ ក៏ដូចជា​ក្បួន​ច្បាប់​និង​បទដ្ឋាន​នានា​ដែល​ប្រទេស​នីមួយៗ​បាន​ឯកភាព​ជាមួយ​គ្នា​ នៅ​ក្រោម​ការ​គាំទ្រ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​អង្គការ​អន្តរជាតិ​នានា​ដែល​កំណត់​ស្ដង់ដារ​ផ្សេងៗ»។

ទី​ពីរ សិទ្ធិ​មនុស្ស​និង​សេចក្ដី​ថ្លៃថ្នូរ ​ត្រូវតែ​ជា​ស្នូល​នៃ​របៀប​រៀបរយ​អន្តរជាតិ។

ទី​បី ប្រទេស​ទាំង​អស់​ត្រូវតែ​ទទួលស្គាល់​ថា អង្គការ​សហប្រជាជាតិ​ ផ្អែក​លើ​គោលការណ៍​នៃ​សមភាព​អធិបតេយ្យ​របស់​ប្រទេស​ជា​សមាជិក​ទាំង​អស់។

លោក Blinken បញ្ជាក់​ដូច្នេះ​ថា៖ «ប្រទេស​មួយ​ មិន​គោរព​តាម​គោលការណ៍ [សមភាព​អធិបតេយ្យ] គឺ​នៅ​ពេល​ណា​ដែល​ប្រទេស​នោះ ​មាន​ចេតនា​គូស​បន្ទាត់​ព្រំដែន​ប្រទេស​មួយ​ផ្សេង​ទៀត​ឡើង​វិញ ឬ​ក៏​មាន​បំណង​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​ការ​ប្រើ​ ឬ​ការ​គំរាមកំហែង​ប្រើ​កម្លាំង ឬ​ក៏​នៅ​ពេល​ណា​ដែល​ប្រទេស​មួយ​អះអាង​ថា ​ខ្លួន​មាន​សិទ្ធិ​ត្រួតត្រា​លើ​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​ដើម្បី​បញ្ជា​ ឬ​បង្ខិតបង្ខំ​ដល់​ជម្រើស ​និង​ការ​សម្រេចចិត្ត​របស់​ប្រទេស​នោះ»។

លោក Blinken បាន​បន្ត​ថា៖ «ប្រទេស​មួយ​បង្ហាញ​អំពី​ការ​មើលងាយ​ចំពោះ​គោលការណ៍​នេះ គឺ​នៅ​ពេល​ណា​ដែល​ប្រទេស​នោះ​ ដៅ​គោលដៅ​លើ​ប្រទេស​មួយ​ផ្សេង​ទៀត​តាម​រយៈ​ព័ត៌មាន​មិន​ពិត ឬ​តាម​រយៈ​ការ​ប្រើ​អំពើ​ពុករលួយ​ជា​អាវុធ ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌ ​និង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ប្រទេស​ផ្សេង ឬ​ក៏​តាម​ចាប់​ខ្លួន​អ្នក​កាសែត​ ឬ​ក៏​អ្នក​ប្រឆាំង​នៅ​បរទេស»។

លោក Blinken បាន​បន្ថែម​ថា នៅ​ទី​បំផុត «ការណ៍​ដែល​គ្រាន់តែ​ការពារ​របៀប​រៀបរយ​ផ្អែក​លើ​ច្បាប់ ដែល​យើង​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ យើង​គួរតែ​ធ្វើ​វា​ឲ្យ​ប្រសើរ​ជាង​មុន​ និង​ប្រើ​វា​ជា​មូលដ្ឋាន»។

លោក​រដ្ឋមន្ត្រី Blinken លើកឡើង​ដូច្នេះ​ថា៖ «នៅ​ពេល​បង្កើត [អង្គការ​សហប្រជាជាតិ] អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Harry Truman បាន​និយាយ​ថា «ធម្មនុញ្ញ​នេះ ​មិន​មែន​ជា​កិច្ចការ​របស់​ប្រទេស​ជាតិ​ណា​មួយ ឬ​ក្រុម​ប្រទេស​ណា​នោះ​ទេ មិន​ថា​តូច ​ឬ​ក៏​ធំ។ វា​ គឺជា​លទ្ធផល​នៃ​ស្មារតី​នៃ​ការ​ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក នៃ​ការ​អនុគ្រោះ​ចំពោះ​ទស្សនៈ​និង​ផល​ប្រយោជន៍​របស់​អ្នក​ដទៃ»។ វា​គឺជា​ភស្តុតាង​ដែល​បង្ហាញ​ថា ប្រទេស​នីមួយៗ​អាច​អះអាង​អំពី​ទស្សនៈ​ខុស​គ្នា​របស់​ពួកគេ ប្រឈម​មុខ​នឹង​ការ​ខ្វែង​គំនិត​គ្នា និង​ស្វែងរក​ចំណុច​រួម»៕

XS
SM
MD
LG