Accessibility links

Breaking News

បទវិចារណកថា៖ លោក​ប្រធានាធិបតី Biden ចូលរួម​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Quad


នៅលើអេក្រង់ទូរទស្សន៍មួយ បង្ហាញពី​ការជួប​ពិភាក្សា​តាមអនឡាញ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នាយករដ្ឋមន្រ្តី​អូស្រ្តាលីលោក Scott Morrison នាយករដ្ឋមន្រ្តី​ជប៉ុនលោក Yoshihide Suga និងនាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi ធ្វើឡើងនៅ​ទីក្រុងតូក្យូ​នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​កិច្ច​ប្រជុំ​ពហុ​ភាគី​លើក​ដំបូង​របស់​លោក លោក​ប្រធានាធិបតី Joseph Biden បាន​ទទួល​ជួប​ពិភាក្សា​តាម​អនឡាញ​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន។ ប្រទេស​ទាំង ៣ នេះ រួម​ទាំង​សហរដ្ឋ​អាមេរិក បាន​បង្កើត​ក្រុម​ការទូត​មិន​ផ្លូវការ​មួយ​ដែល​ហៅ​ថា Quad។

ក្រុម​ប្រទេស Quad បាន​បង្កើត​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៧។ ក្រុម​ប្រទេស​នេះ​ បាន​ពង្រឹង​ខ្លួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នៅ​ពេល​ដែល​មាន​ការ​ប្រឈម​នានា​កើនឡើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​វិធានការ​បែប​គឃ្លើន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ។

នៅ​ឯ​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី Biden បាន​និយាយ​ថា មេដឹកនាំ​ក្រុម​ប្រទេស Quad ទាំង​អស់ បាន​រួម​សាមគ្គី​គ្នា​ជុំវិញ​ក្ដី​កង្វល់​របស់​ពួកគេ​ដែល​ចង់​ឃើញ «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។

លោក Biden បាន​សន្យា​ថា ​នឹង​ធ្វើការ​ជាមួយ​ដៃគូ​នានា​នៃ​ក្រុម​ប្រទេស Quad «និង​សម្ព័ន្ធមិត្ត​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ស្ថិរភាព» និង​ដើម្បី​បង្កើត​នូវ​ដំណោះស្រាយ​នានា​ដែល​អាច​សម្រច​បាន​នូវ​លទ្ធផល​ជាក់ស្ដែង។

របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នេះ​មាន​ដូចជា​វិបត្តិ​ជំងឺ​កូវីដ១៩ និង​វិធានការ​ចំពោះ​វិបត្តិ​នេះ បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​បច្ចេកវិទ្យា​លេច​ឡើង​នានា ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត។

បន្ទាប់ពី​កិច្ច​ប្រជុំ​នេះ​បាន​បញ្ចប់​ទៅ មេដឹកនាំ​ទាំង ៤ រូប ដែល​រួម​មាន​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison និង​លោក​ប្រធានាធិបតី Biden បាន​សរសេរ​អត្ថបទ​បញ្ចេញ​មតិ​មួយ​បោះពុម្ព​នៅ​ក្នុង​កាសែត The Washington Post។

មេដឹកនាំ​ទាំង ៤ រូប​បាន​និយាយ​ថា ពួកគេ «ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ថា តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​តំបន់​បើក​ទូលាយ​និង​ពោរពេញ​ដោយ​ថាមពល ដែល​ឈរ​លើ​ច្បាប់​អន្តរជាតិ​និង​គោលការណ៍​រឹងមាំ​នានា​ដូចជា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ជម្លោះ​ផ្សេងៗ ក៏ដូចជា​ដើម្បី​ធានា​ថា ប្រទេស​ទាំង​អស់​អាច​មាន​ជម្រើស​នយោបាយ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ»។

ពួកគេ​បាន​ឯកភាព «សហការ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​កើតឡើង​ដោយសារ​បច្ចេកវិទ្យា​ថ្មី ក៏ដូចជា​សហការ​លើ​បទដ្ឋាន​និង​ស្ដង់ដារ​នានា​ដែល​គ្រប់គ្រង​លើ​នវានុវត្តន៍​នៃ​អនាគត»។

ដោយ​ទទួល​ស្គាល់​នូវ​ភាព​បន្ទាន់​ជា​សាកល​នៃ​បញ្ហា​ប្រែប្រួល​អាកាសធាតុ មេដឹកនាំ​ទាំង ៤ រូប បាន​សន្យា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិធានការ​របស់​ប្រទេស​ទាំង​អស់​ទាក់ទិន​នឹង​បញ្ហា​អាកាសធាតុ។

មេដឹកនាំ​ទាំង ៤ រូប​ក៏​បាន​សម្ដែង​ការ​តាំងចិត្ត​របស់​ពួកគេ​ផងដែរ​ដើម្បី​បញ្ចប់​វិបត្តិ​ជំងឺ​កូវីដ១៩ និង​បាន​ប្រកាស​ថា ពួកគេ​នឹង​បញ្ចូល​រួម​គ្នា​នូវ «ភាព​ប៉ិនប្រសប់​បែប​វិទ្យាសាស្ត្រ ហិរញ្ញប្បទាន សមត្ថភាព​ផលិតកម្ម​ខ្លាំងក្លា និង​ប្រវត្តិ​ជា​យូរ​មក​ហើយ​នៃ​ភាព​ជា​ដៃគូ​ផ្នែក​សុខភាព​សាកល​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​សង្គ្រោះ​ជីវិត ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ពហុភាគី​នានា ដែល​ក្នុង​នោះ​មាន​ទាំង​អង្គការ​សុខភាព​ពិភពលោក (WHO) និង​កម្មវិធី COVAX របស់​អង្គការ​នេះ​ផងដែរ»។

ដោយ​កត់​សម្គាល​ឃើញ​ថា ពិភពលោក​បាន​ទ្រាំទ្រ​នឹង​ភាព​ឈឺចាប់​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ មេដឹកនាំ​នៃ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាមេរិក បាន​ហៅ «ភាពជា​ដៃគូ» របស់​ពួកគេ​ថា​ជា «ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ដែល​បំភ្លឺ​ផ្លូវ​ទៅ​ខាង​មុខ»។

ពួកគេ​បាន​សរសេរ​ថា៖ «គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​និង​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​ចូលរួម​បាន​ធ្វើ​ឲ្យ​យើង​រួបរួម​គ្នា»។

ពួកគេ​បាន​សរសេរ​បន្ថែម​ថា៖ «យើង​ដឹង​ថា យើង​អាច​ផ្ដល់​សុវត្ថិភាព​និង​វិបុលភាព​ដល់​ប្រជាពលរដ្ឋ​របស់​យើង​នៅ​ក្នុង​ប្រទេស​បាន ដោយ​ការ​តតាំង​រួម​គ្នា​ជាមួយ​នឹង​វិបត្តិ​នានា​នៅ​លើ​ពិភពលោក ពោរពេញ​ដោយ​គោល​បំណង​ជាក់លាក់​និង​ការ​តាំងចិត្ត»៕

XS
SM
MD
LG