តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ខ្វល់ខ្វាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយរដ្ឋប្រហារយោធាក្នុងប្រទេសភូមា។ កងយោធា បានឃុំឃាំងពួកមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាគណបក្សគ្រប់គ្រងប្រទេសនិងថ្នាក់ដឹកនាំស៊ីវិលនៃប្រទេសភូមាដោយមានរួមបញ្ចូលលោកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី U Win Myint សមាជិកគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃតំបន់មួយចំនួន ពួកអ្នកនយោបាយប្រឆាំង ពួកអ្នកនិពន្ធ ពួកអ្នកតំណាងសង្គមស៊ីវិល និងក្រុមសកម្មជនផងដែរ។
សភានៃប្រទេសភូមា មានកំណត់បើកសម័យប្រជុំលើកទីមួយរបស់ខ្លួនចាប់តាំងពីការបោះឆ្នោតរបស់ប្រទេសនេះកាលពីថ្ងៃទី៨ ខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យជាគណបក្សស៊ីវិលនាំមុខគេរបស់ប្រទេស បានឈ្នះ៨៣ភាគរយនៃចំនួនអាសនៈដាក់ឱ្យមានការប្រកួតប្រជែង។ លោកស្រី Aung San Suu Kyi ប្រធាននៃគណបក្ស NLD ជាមេដឹកនាំស៊ីវិលរបស់ប្រទេសចាប់តាំងពីលោកស្រី បានចូលកាន់តំណែងកាលពីឆ្នាំ២០១៥មក។
ពួកមេដឹកនាំយោធាភូមា បានប្រកែកមិនព្រមទទួលលទ្ធផលនៃការបោះឆ្នោតនេះដោយនិយាយថា មានការលួចបន្លំ។ នៅពេលការចោទប្រកាន់របស់ខ្លួនគ្មានការគាំទ្រ ពួកយោធា បានឡោមព័ទ្ធអាគារសភាហើយធ្វើរដ្ឋប្រហារតែម្តង។
ពួកយោធាភូមា បានប្រកាសភាពមានអាសន្នមួយឆ្នាំតាមទូរទស្សន៍ដោយអះអាងថា រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ផ្តល់សិទ្ធិឱ្យពួកយោធាប្រកាសភាពមានអាសន្ននៅទូទាំងប្រទេស។ ពួកយោធា បានត្រួតត្រាហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស កាន់កាប់ក្រសួងភាគច្រើនរបស់រដ្ឋាភិបាល ហើយបានចាប់ផ្តើមយុទ្ធនាការបង្ក្រាបសង្គមស៊ីវិលថែមទៀតផង។
កងយោធា បានប្រគល់អំណាចឱ្យអគ្គមេបញ្ជាការកងទ័ព គឺឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing។ នៅក្នុងរយៈពេលបែងចែកអំណាចជាមួយពួកមន្ត្រីស៊ីវិលជាប់ឆ្នោត កងយោធាមានឥទ្ធិពលច្រើនក្រាស់ក្រែលក្នុងកិច្ចការនយោបាយភូមា។
រដ្ឋធម្មនុញ្ញ ផ្តល់ការត្រួតត្រាក្រសួងការពារប្រទេសនិងក្រសួងមហាផ្ទៃឱ្យទៅពួកយោធា។ ម្យ៉ាងទៀត ពួកយោធា ទទួលការធានាកាន់កាប់អាសនៈក្នុងសភាចំនួនមួយភាគបួន។
លោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាបង្ខំកងយោធាភូមាឱ្យបោះបង់អំណាចដែលខ្លួនក្តាប់យកជាបន្ទាន់ ដោះលែងក្រុមសកម្មជន និងមន្ត្រីដែលពួកគេបានចាប់ឃុំឃាំង លប់ការរឹតត្បិតខាងទូរគមនាគមន៍ទាំងអស់ និងទប់ចិត្តកុំប្រព្រឹត្តអំពើហិង្សាប្រឆាំងក្រុមជនស៊ីវិល។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Anthony Blinken បានអំពាវនាវដល់ពួកមេដឹកនាំយោធាភូមា...ឱ្យគោរពឆន្ទៈរបស់ប្រជារាស្ត្រភូមាដែលបានបង្ហាញឲ្យឃើញក្នុងការបោះឆ្នោតប្រជាធិបតេយ្យកាលពីថ្ងៃទី៨ ខែវិច្ឆិកា។ សហរដ្ឋអាមេរិក រួបរួមជាមួយប្រជារាស្ត្រភូមានៅក្នុងការប្រាថ្នារបស់ពួកគេឱ្យមានលទ្ធិប្រជាធិបតេយ្យ សេរីភាព សន្តិភាព និងការអភិវឌ្ឍន៍។ ពួកយោធាភូមា ត្រូវប្រែក្រឡាស់សកម្មភាពទាំងនេះជាបន្ទាន់»៕