Accessibility links

Breaking News

បទវិចារណកថា៖ ការបង្ហាញ​អំពី​ទុក្ខ​វេទនា​របស់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា


រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ឈរតម្រង់ជួរ​ដើម្បី​ទទួល​ជំនួយ​ស្បៀងអាហារ​នៅ​ជំរុំជនភៀស​ខ្លួន Kutupalongនៅក្នុងCox's Bazar នៃ​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ឈរតម្រង់ជួរ​ដើម្បី​ទទួល​ជំនួយ​ស្បៀងអាហារ​នៅ​ជំរុំជនភៀស​ខ្លួន Kutupalongនៅក្នុងCox's Bazar នៃ​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី ៥ ឆ្នាំ​មុន កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ បាន​ចាប់ផ្ដើម​យុទ្ធនាការ​ហិង្សា និង​ការ​បោស​សម្អាត​ជាតិ​សាសន៍​ប្រឆាំង​នឹង​ជាតិ​សាសន៍​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម ដែល​ជា​ប្រជាពលរដ្ឋ​របស់​ខ្លួន។

ការ​វាយ​ប្រហារ​ខ្លះ​ បាន​កើត​ឡើង​នៅចន្លោះ​ខែ​តុលា ឆ្នាំ ២០១៦ និង​ខែ​មករា ឆ្នាំ ២០១៧។ ការ​វាយ​ប្រហារ​លើក​ទី​ពីរ ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ ២០១៧។ ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ជាង​មួយ​លាន ​នាក់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។

សព្វថ្ងៃ​នេះ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ ៨៦០.០០០ នាក់ រស់នៅ​ក្នុង​ជំរំ​មួយ​នៅ​ក្នុង​តំបន់ Cox’s Bazar ប្រទេស​បង់ក្លាដេស។ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ១៥០.០០០ នាក់​ទៀត រស់នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ដូចជា ប្រទេស​ឥណ្ឌា ថៃ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជាដើម។

ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ប្រមាណ ៦ សែន​នាក់​ នៅ​បន្ត​រស់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឡើយ ហើយ​ប្រឈម​នឹង​ការ​រើសអើង​ជា​ប្រព័ន្ធ​នៅ​ទី​នោះ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មនុស្ស​ជាង ១៣០.០០០ នាក់ គឺជា​ជន​ខ្ចាត់ព្រាត់​នៅ​ក្នុង​ប្រទេស ដែល​ត្រូវ​បាន​ដាក់ឱ្យ​រស់នៅ​ក្នុង​ជំរំ​នានា ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ Rakhine។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​តុលា សហរដ្ឋ​អាមេរិក​ បាន​សហ​រៀបចំ​សន្និសីទ​មួយ​តាម​អនឡាញ​ស្ដី​អំពី «ការ​រក្សា​ការ​គាំទ្រ​របស់​អន្តរជាតិ​សម្រាប់​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា»។

សន្និសីទ​នេះ​ មាន​គោល​បំណង​លើក​ទឹក​ចិត្ត​ប្រទេស​ដទៃ​ឱ្យ​ផ្តល់​ជំនួយ​ដោយ​សប្បុសធ៌ម​ចំពោះ​វិបត្តិ​ដែល​កំពុង​កើត​ឡើង​ជា​បន្ត​នេះ និង​ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា និង​ប្រទេស​បង់ក្លាដេស តាម​រយៈ​ការ​ប្រកាស​ផ្ដល់​ជំនួយ​មនុស្សធម៌​បន្ថែម​ចំនួន​ជិត ២០០ លាន​ដុល្លារ​រហូត​ដល់​ដំណាច់​ឆ្នាំ​សារពើពន្ធ ២០២០។ ជំនួយ​បន្ថែម​នេះ​ធ្វើ​ឲ្យ​ការ​រួម​ចំណែក​សរុប​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​នេះ​មាន​រហូត​ដល់​ជិត ១ ពាន់ ២ រយ​លាន​ដុល្លារ ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ ២០១៧ មក។

លោក Stephen Biegun អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក គឺ​ជា​អ្នក​សហ​រៀបចំ​សន្និសីទ​តាម​អនឡាញ​នេះ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន។ លោក​បាន​និយាយ​ថា សន្និសីទ​នេះ​គូស​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ។

លោក Stephen Biegun មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «វា​ជា​ការ​សំខាន់​សម្រាប់​យើង​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំង​នេះ ស្រប​ពេល​ដែល​យើង​បង្កើន​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​នូវ​កិច្ច​ប្រឹងប្រែង​របស់​យើង​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​រយៈពេល​វែង​ប្រកប​ដោយ​ចីរភាព​សម្រាប់​វិបត្តិ​នេះ»។

លោក Stephen Biegun បាន​លើកឡើង​អំពី​តួនាទី​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ស្ថានភាព​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ដោយ​ស្ម័គ្រ​ចិត្ត ប្រកប​ដោយ​សុវត្ថិភាព សេចក្តី​ថ្លៃថ្នូរ និង​ចីរភាព។

លោក​អនុ​រដ្ឋមន្ត្រី Stephen Biegun បាន​បញ្ជាក់​ថា៖ «ជា​ជំហាន​ដំបូង ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បើក​ឱ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ការ​បង្អាក់​ទៅ​ដល់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។ សហរដ្ឋ​អាមេរិក​នឹង​នៅតែ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ»។

លោក​ក៏​បាន​កត់​សម្គាល់​ផងដែរ​ថា វិធានការ​បន្ថែម​ទៀត​គឺ​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ​ឫសគល់​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ Rakhine ដោយ​រួម​មាន​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​បញ្ចប់​ការ​ជួញដូរ​អាវុធ​និង​គ្រឿង​ញៀន​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​និង​អស្ថិរភាព​នៅ​ក្នុង​រដ្ឋ​នោះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ផងដែរ។

លោក Stephen Biegun លើកឡើង​ដូច្នេះ​ថា៖ «ក្នុង​ឋានៈ​ជា​មេដឹកនាំ សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុកដាក់​លើ​ការ​ឆ្លើយតប​ជា​អន្តរជាតិ​របស់​ខ្លួន​ចំពោះ​ទុក្ខ​វេទនា​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស និង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់ ព្រម​ទាំង​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។

លោក​បាន​បន្ថែម​ថា៖ «យើង​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទាំង​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​សហគមន៍​រ៉ូហ៊ីងយ៉ា ដើម្បី​រៀបចំ​គោល​នយោបាយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​សម្រេចចិត្ត​របស់​សហគមន៍​នេះ​អំពី​អនាគត​របស់​ខ្លួន»៕

XS
SM
MD
LG