តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
«ការរើសអើងធ្ងន់ធ្ងរ ជាប្រព័ន្ធ និងជាស្ថាប័ន» ដែលក្រុមតាលីបង់ (Taliban) បានដាក់កំហិតលើស្ត្រីអាហ្វហ្គានីស្ថានអាចស្មើនឹងការរើសអើសយេនឌ័របែប apartheid។ នេះបើតាមការបញ្ជាក់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលោក Richard Bennett។
លោក Bennett បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «ប្រសិនបើគេយកនិយមន័យនៃពាក្យ «apartheid» ដែលកាលនោះត្រូវបានប្រើសម្រាប់រឿងពូជសាសន៍ មកប្រើនៅក្នុងស្ថានភាពនៅអាហ្វហ្គានីស្ថានហើយប្រើពាក្យ «ភេទ» ជំនួសឱ្យ «ពូជសាសន៍» វិញ នោះវាហាក់ដូចជាត្រូវខ្លាំងចំពោះរឿងនេះ»។
អ្នកតំណាងស្ដីទីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយពិសេសលោក Robert Wood បាននិយាយថា៖ «ជាថ្មីម្ដងទៀត សហរដ្ឋអាមេរិកថ្កោលទោសការរឹតត្បិតរបស់ក្រុមតាលីបង់លើលទ្ធភាពរបស់ស្ត្រីនិងកុមារីនៅក្នុងការអនុវត្តសិទ្ធិរបស់ពួកគេ។ ការរឹតត្បិតនេះគឺគ្មានហេតុផលត្រឹមត្រូវនោះទេ។ គេមិនឃើញមានការរឹតត្បិតបែបនេះនៅកន្លែងផ្សេងនៅលើពិភពលោកនោះឡើយ។ យើងអំពាវនាវឱ្យមានការដកចេញជាបន្ទាន់នូវការរឹតត្បិតទាំងនេះ»។
លោក Wood ថ្លែងដូច្នេះថា៖ «កាលពីខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលេខ ២៦៨១ ដែលជាសេចក្ដីសម្រេចលើកទី ៣ ស្ដីពីអាហ្វហ្គានីស្ថានដែលត្រូវបានអនុម័តជាឯកច្ឆន្ទនៅក្នុងឆ្នាំនេះ។ សមាជិកអង្គការសហប្រជាជាតិជាង ៩០ ប្រទេសបានរួមគ្នាផ្ដួចផ្ដើមសេចក្ដីសម្រេចនេះ។ សេចក្ដីសម្រេចនេះបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ក្រុមតាលីបង់ ទៅកាន់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន និងទៅកាន់ពិភពលោកថា យើងនឹងមិនគាំទ្រការជិះជាន់សង្កត់សង្កិនរបស់ក្រុមតាលីបង់លើស្ដ្រីនិងកុមារីនោះទេ»។
ជាការពិត ការរឹតត្បិតរបស់ក្រុមតាលីបង់លើស្ត្រីបានធ្វើឱ្យវិបត្តិមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរឡើង។ ការហាមឃាត់របស់ក្រុមតាលីបង់លើស្ត្រីដែលធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលគឺបង្អាក់ដល់ប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ជាងនេះទៀត ក្រុមប្រទេសនិងក្រុមអង្គការផ្ដល់ជំនួយមិនសូវមានឆន្ទៈផ្ដល់ថវិកាសម្រាប់ជំនួយដែលប្រទេសអាហ្វហ្គានីស្ថានត្រូវការជាចាំបាច់ខ្លាំងបំផុតនោះទេ។
លោកឯកអគ្គរដ្ឋទូត Wood បានបញ្ជាក់ថា៖ «សហគមន៍អន្តរជាតិបានបញ្ចៀសមិនឱ្យមានគ្រោះទុរ្ភិក្សកាលពីឆ្នាំ ២០២១ ដោយផ្ទុយពីការទស្សន៍ទាយរបស់ក្រុមអ្នកផ្ដល់ជំនួយ»។
លោកឯកអគ្គរដ្ឋទូត Wood បានថ្លែងថា៖ «ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ យើងអាចឃើញផលប៉ះពាល់នៃការកាត់បន្ថយការគាំទ្ររបស់អន្តរជាតិសម្រាប់ប្រទេសអាហ្វហ្គានីស្ថានរួចទៅហើយ ដោយសារការបិទអង្គការក្រៅរដ្ឋាភិបាលដែលដឹកនាំដោយស្ត្រី ការកាត់បន្ថយការផ្ដល់ស្បៀងអាហារ និងការកាត់បន្ថយចំនួនអ្នកទទួលបានជំនួយស្បៀងអាហារ»។
លោក Wood បានបន្តថា៖ «បើទោះបីជាមានឧបសគ្គនិងអាទិភាពប្រជែងគ្នានៅលើពិភពលោកក៏ដោយ ក៏យើងមិនអាចធ្វើព្រងើយកន្ដើយចំពោះតម្រូវការជំនួយមនុស្សធម៌កើនឡើងរបស់ប្រជាជនអាហ្វហ្គានីស្ថានដែរ។ ក្នុងនាមជាប្រទេសផ្ដល់ជំនួយមនុស្សធម៌ដ៏ច្រើនបំផុតនៅលើពិភពលោក សហរដ្ឋអាមេរិកនឹងបន្តរួមចំណែកដើម្បីគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន»។
លោក Wood បានបន្ថែមថា៖ «យើងក៏នឹងតាមដានមើលដោយយកចិត្តទុកដាក់ផងដែរលើសកម្មភាពរបស់ក្រុមតាលីបង់ទាក់ទិននឹងការប្ដេជ្ញាចិត្តដែលពួកគេបានសន្យាថានឹងគោរពតាម។ យើងនៅបន្តរំពឹងឱ្យក្រុមតាលីបង់អនុញ្ញាតឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ចូលដោយគ្មានការបង្អាក់ ឱ្យមានស្ថានភាពសុវត្ថិភាពសម្រាប់បុគ្គលិកជំនួយមនុស្សធម៌ទាំងបុរសនិងស្ត្រី និងឱ្យមានការផ្ដល់ជំនួយដោយឯករាជ្យនិងមិនលំអៀង។ ក្រុមតាលីបង់ត្រូវតែគោរពសិទ្ធិពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់»។
លោក Wood បានបញ្ជាក់ទៀតថា៖ «យើងនឹងផ្ដោតការយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យក្រុមតាលីបង់បញ្ចូលគោលការណ៍ទាំងនេះទៅក្នុងគោលនយោបាយរបស់ពួកគេនិងបង្ហាញឡើងតាមរយៈសកម្មភាពរបស់ពួកគេ ដូចដែលកិច្ចប្រជុំរបស់ប្រេសិតពិសេសអាហ្វហ្គានីស្ថានបានបង្ហាញ និងដូចដែលប្រទេសទាំងអស់នៅលើពិភពលោកបានបង្ហាញដូច្នេះដែរ»៕