តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកសម្ដែងក្ដីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏មហន្តរាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
សេចក្ដីរាយការណ៍ដំបូងៗបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ១.០០០ នាក់បានស្លាប់ និងមនុស្សរាប់រយនាក់ទៀតបានរងរបួសនៅក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៣ ខែមិថុនាកន្លងទៅនេះនៅក្នុងខេត្ត Paktika និងខេត្ត Khost។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ពលរដ្ឋអាហ្វហ្គានីស្ថានបានឆ្លងកាត់ភាពលំបាកលំបិនមិនធម្មតា ហើយគ្រោះមហន្តរាយធម្មជាតិនេះបានធ្វើឱ្យស្ថានការណ៍មនុស្សធម៌ដែលមានសភាពធ្ងន់ធ្ងររួចស្រេចទៅហើយនោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត»។
លោក Blinken បានបន្ថែមថា៖ «ដៃគូផ្នែកមនុស្សធម៌របស់សហរដ្ឋអាមេរិកបានឆ្លើយតបចំពោះគ្រោះរញ្ជួយដីនេះរួចទៅហើយ ដែលក្នុងនោះរួមមានទាំងការបញ្ជូនក្រុមវេជ្ជសាស្ត្រទៅជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផងដែរ ហើយយើងកំពុងវាយតម្លៃលើជម្រើសឆ្លើយតបផ្សេងទៀត»។
កាលពីថ្ងៃទី ២៨ ខែមិថុនា សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ថវិកាជិត ៥៥ លានដុល្លារដើម្បីជួយបំពេញតម្រូវការផ្នែកមនុស្សធម៌ធ្ងន់ធ្ងរនៅក្រោយគ្រោះរញ្ជួយដីនេះ និងតម្រូវការមនុស្សធម៌ដ៏ទូលំទូលាយជាងនេះនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។
គ្រោះរញ្ជួយដីលើកនេះគឺមិនមែនជាមូលហេតុតែមួយគត់នៃទុក្ខវេទនារបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននោះទេ។
នៅក្នុងការប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះស្ដីពីអាហ្វហ្គានីស្ថាន លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ បានកត់សម្គាល់ថា ការប្រែប្រួលខ្លាំងក្លានៃទិដ្ឋភាពនយោបាយនិងសេដ្ឋកិច្ចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហាឆ្នាំមុនបានធ្វើឱ្យមនុស្សរងទុក្ខវេទនាគ្មានឈប់ឈរ។
ឥឡូវនេះ ពលរដ្ឋ ២៥ លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងរស់នៅក្នុងភាពក្រីក្រ គឺច្រើនជាងពីរដងបើធៀបនឹងឆ្នាំ ២០១១។ បន្ថែមពីលើនេះទៀត ស្ថានភាពសិទ្ធិមនុស្សមានលក្ខណៈកាន់តែយ៉ាប់យ៉ឺនឡើង តាំងពីពេលដែលក្រុមតាលីបង់ (Taliban) បានដណ្ដើមគ្រប់គ្រងរដ្ឋាភិបាលអាហ្វហ្គានីស្ថានមក។
នៅក្នុងសន្និសីទកាសែតមួយ អ្នកស្រី Trina Saha ទីប្រឹក្សាជាន់ខ្ពស់ស្ដីទីរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ បានហៅស្ថានការណ៍បច្ចុប្បន្នថាជា «ស្ថានភាពប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន»។
អ្នកស្រីបាននិយាយថា៖ «...លំហសម្រាប់អ្នកកាសែតនៅក្នុងការបំពេញកិច្ចការរបស់ពួកគេកំពុងរួមកាន់តែតូច។ រីឯការគំរាមកំហែងដែលក្រុមសាសនាភាគតិចនិងក្រុមជាតិសាសន៍ភាគតិចកំពុងប្រឈមកំពុងកើនឡើង»។
អ្នកស្រីបានបន្ថែមថា «ប្រជាពលរដ្ឋសាមញ្ញនៅជុំវិញពិភពលោកបានប្រឆាំងទៅនឹងអនុក្រឹត្យដែលចេញដោយក្រុមតាលីបង់ ដែលអនុក្រឹត្យនោះតម្រូវឱ្យដកហូតសេចក្ដីថ្លៃថ្នូររបស់ស្ត្រីនិងកុមារី» ដែលក្នុងនោះរួមមានទាំងការហាមឃាត់លទ្ធភាពរបស់ពួកគេនៅក្នុងការទទួលបានការអប់រំលើសពីថ្នាក់ទី ៦ ផងដែរ តាមរយៈការដាក់កំហិតបទប្បញ្ញត្តិដ៏តឹងតែងបំផុតលើការស្លៀកពាក់និងការធ្វើដំណើរ។
សហរដ្ឋអាមេរិកគឺជាប្រទេសផ្ដល់ជំនួយផ្នែកមនុស្សធម៌ដ៏ច្រើនជាងគេបំផុតតែមួយគត់ដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ហើយតាំងពីខែសីហាឆ្នាំមុនមក សហរដ្ឋអាមេរិកបានតាំងចិត្តផ្ដល់ជំនួយចំនួនជាង ៧៧៥ លានដុល្លារដល់ប្រទេសអាហ្វហ្គានីស្ថានតាមរយៈដៃគូមនុស្សធម៌នានារបស់ខ្លួន។
អ្នកស្រី Saha បានជំរុញប្រទេសដទៃទៀតនៅក្នុងសហគមន៍អន្តរជាតិឱ្យបង្កើនជំនួយមនុស្សធម៌របស់ខ្លួន។ អ្នកស្រីប្រកាសដូច្នេះថា៖ «សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាគាំទ្រប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន»៕