Accessibility links

Breaking News

បទ​វិចារណកថា៖ ក្រុម​តាលីបង់​ត្រូវតែ​ដោះលែង​ចំណាប់ខ្មាំង​លោក Mark Frerichs


រូប​ឯកសារ៖ លោក Mark Randall Frerichs ត្រូវ​បាន​គេ​​បង្ហាញ​នៅ​លើ​សេចក្តី​ប្រកាស​របស់​​ទី​ភ្នាក់ងារ FBI នៃចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២០។
រូប​ឯកសារ៖ លោក Mark Randall Frerichs ត្រូវ​បាន​គេ​​បង្ហាញ​នៅ​លើ​សេចក្តី​ប្រកាស​របស់​​ទី​ភ្នាក់ងារ FBI នៃចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នាយ​ទាហាន​ជើង​ចាស់​នៃ​កងទ័ព​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​លោក Mark Frerichs ត្រូវ​បាន​ក្រុម​តាលីបង់ (Taliban) ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ។

លោក Frerichs ដែល​ជា​វិស្វករ​សំណង់​ស៊ីវិល​និង​ជា​បុគ្គលិក​កិច្ចសន្យា​មកពី​ភូមិ Lombard រដ្ឋ Illinois សហរដ្ឋ​អាមេរិក បាន​ធ្វើការ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​លើ​គម្រោង​អភិវឌ្ឍន៍​នានា​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន។

លោក​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្លាំង​កាលពី​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។ គេ​ជឿ​ថា លោក Frerichs ត្រូវ​បាន​ក្រុម​តាលីបង់​ចាប់​ឃុំ​ខ្លួន។

នៅ​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​រង្វាន់​សម្រាប់​យុត្តិធម៌​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កំពុង​ផ្ដល់​រង្វាន់​រហូត​ដល់ ៥ លាន​ដុល្លារ សម្រាប់​ព័ត៌មាន​ណា​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ស្គាល់​ទីតាំង ការ​រកឃើញ និង​ការ​វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​របស់​លោក Frerichs។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​ថា៖ «ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​អាមេរិកាំង ឬ​ក៏​ដល់​ជន​ស៊ីវិល​ស្លូតត្រង់​ណា​ម្នាក់ គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត ហើយ​ការ​ចាប់​ខ្លួន​ធ្វើ​ជា​ចំណាប់​ខ្មាំង​គឺ​ជា​ទង្វើ​មួយ​នៃ​ភាព​ឃោរឃៅ​និង​កំសាក»។

លោក​ប្រធានាធិបតី Biden បាន​បន្ថែម​ថា៖ «ក្រុម​តាលីបង់​ត្រូវតែ​ដោះលែង​លោក Mark [Frerichs] ជា​បន្ទាន់ មុនពេល​ក្រុម​នេះ​អាច​រំពឹង​ថា​មាន​ការ​ពិចារណា​ណា​មួយ​អំពី​បំណង​ប្រាថ្នា​របស់​ខ្លួន​នៅក្នុង​ការ​ទទួល​បាន​ភាព​ស្របច្បាប់។ នេះ​មិនមែន​ជា​រឿង​ដែល​អាច​ចរចា​បាន​នោះទេ»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​ជា​ថ្មី​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​បាន​លើកឡើង​អំពី​ករណី​របស់​លោក Mark Frerichsនេះ នៅ​ក្នុង​គ្រប់​ការ​ប្រជុំ​ទាំងអស់​ជាមួយ​នឹង​ក្រុម​តាលីបង់ ហើយ​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ភាព​ស្រប​ច្បាប់​ដែល​ក្រុម​តាលីបង់​ចង់​បាន​គឺ​មិនអាច​ពិចារណា​បាន​នោះទេ នៅពេល​ដែល​ក្រុម​នេះ​ចាប់​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ជា​ចំណាប់​ខ្មាំង។ ការ​ដោះលែង​លោក Mark Frerichs គឺ​ជា​អាទិភាព​ស្នូល​និង​មិន​អាច​ចរចា​បាន​មួយ​របស់​សហរដ្ឋ​អាមេរិក»។

លោក Price បាន​បន្ថែម​ថា៖ «យើង​នឹង​បន្ត​បញ្ជូន​សារ​ច្បាស់ៗ​ទៅកាន់​ថ្នាក់​ដឹកនាំ​ក្រុម​តាលីបង់​ថា ចូរ​ដោះលែង​លោក Mark Frerichs ជា​បន្ទាន់​និង​ដោយ​សុវត្ថិភាព និង​ឈប់​និយាយ​ថា ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ទង្វើ​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង​នេះ»។

លោក​ប្រធានាធិបតី Biden បាន​លើកឡើង​អំពី​ករណី​លោក Mark Frerichs និង​ករណី​ពលរដ្ឋ​អាមេរិកាំង​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវ​បាន​គេ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង ឬ​ក៏​កំពុង​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ​ខុសច្បាប់​នៅ​បរទេស និង​បាន​ថ្លែង​ទៅកាន់​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​របស់​អ្នក​ទាំងនោះ​ដែល​កំពុង​ទ្រាំទ្រ​នឹង​រឿង​តក់ស្លុត​ឈឺចាប់​បែប​នេះ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «សូម​ដឹង​ថា រដ្ឋបាល​របស់​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ដោយ​មុះមុត​រហូត​ទាល់តែ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគេ អាច​វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ»៕

XS
SM
MD
LG