Accessibility links

Breaking News

បទវិចារណកថា៖ លោក Joe Biden និង​ការដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ អំពី​ការដក​កងទ័ព​អាមេរិក​ដែល​នៅ​សេសសល់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ អំពី​ការដក​កងទ័ព​អាមេរិក​ដែល​នៅ​សេសសល់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden​ បាន​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​សេតវិមានក្នុង​ពេល​កន្លង​ទៅ​ថា​ សហរដ្ឋ​អាមេរិក​ នឹងចាប់​ផ្តើមដកកង​ទ័ព​ចុង​ក្រោយ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ ហើយ​នឹង​ត្រូវ​បញ្ចប់នៅ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​។

កាលពី​ជិត​២០​ឆ្នាំ​មុន​ កង​កម្លាំង​សហរដ្ឋ​អាមេរិក​ បាន​ចូល​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​បោសសំអាត​ឫសគល់​នៃ​ក្រុម​ឧទ្ទាម al-Qaida និង​ដើម្បី​ការ​ពារ​កុំ​ឲ្យ​មានការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវ​កម្មក្នុង​ពេល​អនាគត ដែល​ត្រូវ​រៀប​ចំ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នោះ​។​ ​លោក​ប្រធានាធិបតី ​Biden ​បាន​គូស​បញ្ជាក់នៅ​ក្នុង​សុន្ទរកថា​នោះ​ថា​ «គោល​បំណង​របស់​យើង​មាន​ភាព​ច្បាស់​លាស់​ណាស់​។​ បុព្វហេតុ​នេះ​ គឺ​ត្រឹម​ត្រូវ​។ ប៉ុន្តែ​នៅ​ពេល​នេះ «​វា​ដល់​ពេល​វេលា​ហើយ​ ដែល​កងទ័ព​អាមេរិក​កាំង​ទាំង​នោះ​ ត្រូវ​វិល​ចូល​ប្រទេស​វិញ»។​

លោក​បាន​ថ្លែង​បន្ត​ថា​ ៖ «ការ​គំរាម​កំហែង​ដោយ​អំពើ​ភេរវកម្ម​ បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លងទៅនេះ ហេតុដូច្នេះ​ការឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​តែផ្លាស់ប្តូរដែរ»។​

លោក Biden បានថ្លែងទៀត​ថា៖ «ការ​គំរាម​កំហែង​ដោយ​អំពើ​ភេរវកម្ម​ លែង​ស្ថិតនៅ​តែមួយកន្លែង​ទៀតហើយ និង​ផ្លាស់​ប្តូរ​ទី​កន្លែង​នៅ​ជុំវិញ​ពិភព​លោក​ ដែល​ក្នុង​នោះ​ មាន​ក្រុម al-Shabaab ​ក្នុង​ប្រទេស​សូម៉ាលី​ ក្រុម​ឧទ្ទាម al Qaeda ក្នុងតំបន់​ឧបទ្វីប​អារ៉ាប់​ ក្រុម al-Nusra ក្នុង​ប្រទេសស៊ីរី​ ​និង​ក្រុម ISIS ​បាន​ព្យាយាមបង្កើតរដ្ឋ​ឥស្លាម​ ក្នុង​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់​ ដោយ​បង្កើតនូវខ្សែ​បណ្តាញនៅ​ក្នុង​ប្រទេស​ជា​ច្រើន​ ក្នុង​ទ្វីប​អា​ហ្រ្វិក​ និង​អាស៊ីផងដែរ»។

អាស្រ័យ​ហេតុ​នេះ​ សហរដ្ឋ​អាមេរិក​ កំពុង​កែ​សម្រួលយុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​របស់​ខ្លួនឡើង​វិញ។ នេះ​បើតាម​ការ​ពន្យល់​របស់​លោក​ប្រធានាធិបតី Biden។

«យើង​នឹង​រៀប​ចំ​ឡើង​វិញ​នូវ​សមត្ថភាពប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​របស់​យើង​ ក៏​ដូច​ជា​ធនធាន​សំខាន់ៗ​របស់​យើង​នៅ​ក្នុង​តំបន់​ ដើម្បីរារាំង​កុំឲ្យមាន​ការ​ងើប​ឡើង​វិញ​នូវ​ក្រុម​ភេរវកម្ម​ផ្សេងៗ។​ យើង​នឹង​ដាក់ក្រុម​តាលីបង់ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សន្យា​របស់​គេ​ ក្នុង​ការ​មិន​អនុញ្ញាតឲ្យ​ភេរវករ​ណា​មួយ​ ​ធ្វើ​ការ​គំរាម​កំហែង ដល់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​អាមេរិក​ ចេញ​ពីក្នុង​ទឹក​ដី​ប្រទេស​អាហ្វហ្គានី​ស្ថាននោះ​ទេ​ ។​ ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ ក៏​បាន​ធ្វើ​ការ​សន្យា​ដូច​គ្នា​នេះ​ផង​ដែរ​ ចំពោះ​យើង​។ ហើយ​យើង​នឹង​ផ្តោត​ការយកចិត្ត​ទុកដាក់​យ៉ាងពេញលេញ​របស់​យើង​លើ​ការគំរាមកំហែង​ដែល​យើង​ប្រឈម​សព្វថ្ងៃនេះ»។​

លោកប្រធានាធិបតី​ Biden បាន​បង្ហាញ​ពីការ​គោរព​និង​គាំទ្រ​ ដល់​សេចក្តី​ក្លាហាន​ និង​សុចរិត​ភាព​ របស់​កងកម្លាំងប្រដាប់​អាវុធ​អាមេរិក​ទាំង​បុរស​និង​ស្ត្រី ដែល​បាន​បម្រើ​ការ​ងារនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​ លោក​ប្រធានាធិបតី​ ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ នូវ​ការ​រួម​ចំណែកនិង​ការ​ធ្វើ​ពលិកម្មរបស់​ដៃគូ​និង​សម្ព័ន្ធ​មិត្ត​អាមេរិក​ ដែល​បាន​ឈរកៀកស្មា​ជា​មួយអាមេរិក​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​កន្លង​ទៅនេះ​»។

លោក​ប្រធានាធិបតី​អាមេរិក​ ក៏​បាន​បញ្ជាក់​ច្បាស់​ថា​ បើ​ទោះ​បី​ជា​សហរដ្ឋអាមេរិក​ ឈប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​យោធានៅក្នុង​ប្រទេសអាហ្វហ្គានីស្ថានក្តី​ ក៏អាមេរិក​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​នេះ​។​ ​លោកថ្លែងថា៖ «យើង​នឹង​នៅ​តែ​បន្ត​ការ​គាំទ្រដល់​រដ្ឋាភិបាល​ប្រទេស​អាហ្វហ្គានីស្ថាន​។ យើង​នឹង​បន្ត​ផ្តល់​ជំនួយគាំទ្រដល់កង​កម្លាំង​សន្តិសុខ​និង​ការ​ពារ​ជាតិរបស់​អាហ្វហ្គានីស្ថាន។​

លោក​ប្រធា​នាធិបតីលើក​ឡើង​ថា​ ទន្ទឹម​នឹង​នេះដែរ​ សហរដ្ឋ​អាមេរិក​ ក៏​បាន​ស្នើដល់​ប្រទេស​ដទៃ​មួយ​ចំនួន​ក្នុង​តំបន់​ ឲ្យជួយ​គាំ​ទ្រ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ក្នុង​នោះរួម​មាន​ ប្រទេស​ប៉ាគីស្ថាន​ រុស្ស៊ី​ ចិន​ ឥណ្ឌា​ និង​តួកគី​ ដែល​សុទ្ធសឹង​តែ​នឹង​បានទទួល​ផលប្រយោជន៍​នៅ​ក្នុង​អនាគត​ដែល​មាន​ស្ថិរភាព​ សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​ប្រធានាធិបតី Biden ថ្លែង​បញ្ជាក់​ថា៖ «សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ មិន​ដែលមាន​គម្រោង​ថា​ នឹង​ត្រូវ​បន្ត​ដល់​មនុស្ស​ជា​ច្រើន​ជំនាន់​នោះ​ទេ។ យើង​បាន​រង​ការ​វាយ​ប្រហារ។​ យើង​បានធ្វើ​សង្គ្រាម​ដោយ​មាន​គោល​បំណងច្បាស់​លាស់​។ យើង​សម្រេច​បាននូវ​គោល​បំណង​ទាំង​នោះ​ហើយ​។ ​មេភេរវករ Bin Laden ត្រូវ​បាន​សម្លាប់​ ហើយសកម្មភាព​របស់​ក្រុម al Qaeda បាន​ចុះ​ថម​ថយ​ នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​ហើយ »៕

XS
SM
MD
LG