តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Christopher Miller បានប្រកាសកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក មានបំណងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់។ នៅត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ចំនួនកងទ័ពអាមេរិក នឹងត្រូវកាត់បន្ថយនៅត្រឹមចំនួន២.៥០០នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសនិមួយៗ។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិកលោក Christopher Miller បានថ្លែងថា៖ «ការកាត់បន្ថយចំនួនកងទ័ពនេះ គឺស្របជាមួយនឹងគម្រោងផែនការ និងគោលបំណងជាយុទ្ធសាស្រ្តរបស់យើង ដែលត្រូវបានគាំទ្រដោយប្រជាពលរដ្ឋអាមេរិក និងមិនមែនជាការផ្លាស់ប្តូរទិសដៅនិងគោលនយោបាយរបស់សហរដ្ឋអាមេរិកនោះឡើយ»។ លោក Miller បន្ថែមទៀតថា៖ «យើងបានជំពាក់គុណក្នុងខណៈពេលនេះ ចំពោះអ្នកសេ្នហាជាតិជាច្រើន ដែលបានពលីជីវិត ក៏ដូចជាយុទ្ធមិត្តរបស់ពួកគេ ដែលបានបន្តនូវមរតករបស់ពួកគេតទៅមុខទៀត»។
លោក Christopher Miller ថែ្លងថា៖ «យើងទាំងអស់គ្នា ចូលរួមកាន់មរណទុក្ខចំពោះកងទ័ពអាមេរិកជាង៦.៩០០នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់នោះ។ ទន្ទឹមនឹងនេះដែរ យើងនឹងមិនភ្លេចនូវយុទ្ធជនចំនួនជាង៥២.០០០នាក់ ដែលបានទទួលរងរបួសដោយសារភ្លើងសង្គ្រាមនោះ ក៏ដូចជាអ្នកទាំងឡាយណាដែលបានទទួលរងនូវស្លាកស្លាមសង្រ្គាម ទោះបីផ្ទាល់ឬមិនផ្ទាល់ក្តី។
ក្នុងការជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានសម្តែងនូវការដឹងគុណរបស់លោក ចំពោះកងទ័ពអាមេរិកគ្រប់រូប ដែលបានប្រយុទ្ធដើម្បីសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ។ សហរដ្ឋអាមេរិក បន្តគាំទ្រដំណើរការចរចាសន្តិភាព រវាងប្រទេសសាធារណរដ្ឋឥស្លាមមួយនេះ ជាមួយក្រុមតាលីបង់ ដែលការចរចានេះអាចផ្តល់នូវឱកាសដ៏ល្អបំផុតមួយ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនយោបាយ តាមរយៈការចរចាមួយ ដើម្បីបញ្ចប់នូវភ្លើងសង្គ្រាម ដែលបានឆាបឆេះនៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិករូបនេះ ក៏បានកត់សម្គាល់ផងដែរ នូវការត្រៀមខ្លួនបន្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារពលរដ្ឋអាមេរិក និងគាំទ្រដៃគូអាមេរិកនានា។
លោក Christopher Miller ថែ្លងថា៖ «កងកម្លាំងសហរដ្ឋអាមេរិក នៅតែបេ្តជ្ញាចិត្ត ក្នុងការការពារនូវសុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋអាមេរិកទាំងអស់ និងការគាំទ្រនូវសម្ព័ន្ធមិត្តដែលមានចិត្តគំនិតដូចគ្នាជាមួយអាមេរិក ក៏ដូចជាដៃគូអាមេរិកនានានៅជុំវិញពិភពលោកផងដែរ។ ក្នុងករណីដែលមានកម្លាំងភេរវកម្ម អស្ថិភាព បំបែកបំបាក់ និងការស្អប់គុំគួន បង្កើតនូវយុទ្ធនាការដោយមានចេតនាគិតទុកជាមុន ដើម្បីរារាំងនូវកិច្ចខិតខំប្រឹងប្រែងរបស់យើងនោះ យើងនឹងត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តនូវសមត្ថភាពរបស់យើង ដើម្បីបញ្ឈប់នូវសកម្មភាពរបស់ពួកគេ»។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក លោក Christopher Miller ក៏បានប្រកាសផងដែរថា ដោយការនាំកងទ័ពអាមេរិកត្រឡប់មកមាតុភូមិវិញនោះ «យើងនឹងបញ្ចប់នូវសង្គ្រាមដែលកើតមានអស់មួយជំនាន់មកហើយនេះ។ យើងនឹងការពារកូនចៅរបស់យើងពីការទទួលបន្ទុកដ៏ធ្ងន់ធ្ងរ ដែលកើតចេញពីសង្គ្រាមដែលគ្មានទីបញ្ចប់។ ទន្ទឹមនឹងនេះដែរ យើងនឹងផ្តល់កិត្តិយស ដល់ការធ្វើពលីកម្ម ដើម្បីសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រទេសអ៊ីរ៉ាក់ និងនៅជុំវិញពិភពលោក ហើយប្រារព្ធការអបអរសាទរដល់អ្នកទាំងឡាយណា ដែលបានជួយយើង ក្នុងការស្វែងរកសេរីភាព ជម្នះនឹងអំពើគាបសង្កត់ជិះជាន់ផ្សេងៗ៕