តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្លែងនៅក្នុងសន្និសីទស្តីពីប្រទេសអាហ្វហ្គានីស្ថាន ឆ្នាំ២០២០តាមវីដេអូ លោក David Hale អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ បានសន្យាអំពីជំនួយខាងស៊ីវិលរបស់សហរដ្ឋអាមេរិកចំនួន៣០០លានដុល្លារសម្រាប់រយៈពេលមួយឆ្នាំ។ លោកបានថ្លែងថា៖
«គោលដៅរួមគ្នារបស់យើង គឺប្រទេសអាហ្វហ្គានីស្ថានមួយមានសន្តិភាពក្នុងប្រទេស និងជាមួយប្រទេសជិតខាង គោរពសិទ្ធិមនុស្សនៃពលរដ្ឋទាំងអស់របស់ខ្លួន និងមានសមត្ថភាពធ្វើឱ្យប្រាកដថា ពួកភេរវជនលែងអាចប្រើដែនដីអាហ្វហ្គានីស្ថាន ដើម្បីគំរាមកំហែងដល់សន្តិសុខនៃប្រទេសអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។
សហរដ្ឋអាមេរិក ប្តេជ្ញាថែរក្សានិងជំរុញសមិទ្ធិផលដែលសម្រេចបានចាប់តាំងពីឆ្នាំ២០០១មក។ សមិទ្ធិផលទាំងនេះ មានរួមបញ្ចូលការគោរពសិទ្ធិប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ដោយមានរួមបញ្ចូលស្ត្រី យុវជន និងក្រុមជនអំបូរភាគតិច ការប្រកាន់ខ្ជាប់តាមនីតិរដ្ឋ ការធ្វើតាមកាតព្វកិច្ចអន្តរជាតិ និងរដ្ឋាភិបាលមួយដែលមានការចូលរួមពីភាគីទាំងអស់ មានតម្លាភាព និងមានការទទួលខុសត្រូវ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានគូសបញ្ជាក់ថារដ្ឋាភិបាល អាហ្វហ្គានីស្ថាន ត្រូវបំពេញមុខនាទីរបស់ខ្លួនដែរ ក្នុងការធ្វើឱ្យមានស្ថិរភាព និងសន្តិសុខ។
លោកបានថ្លែងថា៖«ខ្ញុំនិយាយអំពីអ្វីៗដូចជាកំណែទម្រង់សេដ្ឋកិច្ច កិច្ចខិតខំប្រឹងប្រែងពិតប្រាកដប្រឆាំងនឹងអំពើពុករលួយ ដោយមានរួមបញ្ចូលការហាមប្រាមរបស់យើងអំពីគ្រឿងញៀន ការគោរពសិទ្ធិមនុស្សដោយមានរួមបញ្ចូលសេរីភាពសាសនា ការស្វាគមន៍ដល់វិស័យឯកជន និងវិធានការឆ្ពោះទៅកាន់ការពឹងផ្អែកលើខ្លួនឯង»។
លោករដ្ឋមន្ត្រី Pompeo បាននិយាយយ៉ាងម៉ឺងម៉ាត់ថា៖
«សេចក្តីសម្រេចក្នុងកិច្ចចរចាសន្តិភាព នឹងមានផលប៉ះពាល់លើទំហំនៃការគាំទ្រនិងជំនួយអន្តរជាតិក្នុងពេលអនាគត»។
លោករដ្ឋមន្ត្រី Pompeo បានថ្លែងថា សហគមន៍អន្តរជាតិក៏មានមុខនាទីមួយត្រូវបំពេញដែរ «ជាពិសេសប្រទេសជិតខាងប្រទេសអាហ្វហ្គានីស្ថាន ក្នុងការជួយប្រទេសនេះ ឆ្ពោះទៅកាន់អនាគតមួយមានសន្តិភាព សន្តិសុខ និងចីរភាពជាងមុន»។
លោកអនុរដ្ឋមន្ត្រី Hale បានពន្យល់ថា សហរដ្ឋអាមេរិក បានប្រកាសអំពីការសន្យារបស់ខ្លួនថា នឹងផ្តល់ជំនួយស៊ីវិល៦០០លានដុល្លារដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ ជាមួយលក្ខខ័ណ្ឌថា ប្រាក់៣០០លានដុល្លារដែលនៅសេសសល់ នឹងផ្តល់ឱ្យប្រទេសនេះ «នៅពេលយើងពិនិត្យមើលអំពីការជឿនលឿនក្នុងដំណើរការសន្តិភាព»។
លោកអនុរដ្ឋមន្ត្រី Hale បានមានប្រសាសន៍ថា «យើងទាំងអស់គ្នាទទួលបានផលប្រយោជន៍ចំពោះអនាគតនៃប្រទេសអាហ្វហ្គានីស្ថាន និងក្នុងការធ្វើឱ្យប្រាកដថា មានអនាគតមួយមានសន្តិភាព សន្តិសុខនិងចីរភាពជាងមុនសម្រាប់ប្រជាពលរដ្ឋនៃប្រទេសនេះ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវបំពេញមុខនាទីខ្លួន។ នេះ ជាអ្វីដែលប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន និងពិភពលោកចង់បាន»៕