Accessibility links

Breaking News

បទវិចារណកថា៖ ការហាមឃាត់​របស់​ក្រុម​តាលីបង់​មិន​ឱ្យ​កុមារី​ចូល​រៀន​ថ្នាក់​មធ្យម​សិក្សា​ត្រូវ​បាន​ថ្កោលទោស


រូបឯកសារ៖ ក្រុម​តាលីបង់​បាន​រារាំង​ក្មេងស្រី​សិស្ស​សាលា​​ដូច​ក្នុង​រូប​នេះ​មិន​ឱ្យ​ចូល​ថ្នាក់រៀន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ ក្រុម​តាលីបង់​បាន​រារាំង​ក្មេងស្រី​សិស្ស​សាលា​​ដូច​ក្នុង​រូប​នេះ​មិន​ឱ្យ​ចូល​ថ្នាក់រៀន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការ​សម្រេច​របស់​ក្រុម​តាលីបង់ (Taliban) នៅក្នុង​ការ​រារាំង​កុមារី​មិន​ឱ្យ​ចូល​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ក្រោយ​ថ្នាក់​ទី ៦ គឺ​ជា​ការ​ធ្វើ​ផ្ទុយ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ថ្នាក់​ដឹកនាំ​ក្រុម​តាលីបង់ និង​ជា​ការ​ធ្វើ​ឱ្យ​កុមារី​រាប់​ពាន់​នាក់​ខកចិត្ត​នៅ​ពេល​ដែល​ពួកគេ​បាន​ទៅ​ដល់​សាលារៀន​នានា​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា​ដោយ​ត្រូវ​បាន​សាលា​បដិសេធ​មិន​ឱ្យ​ពួកគេ​ចូល​រៀន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «ការ​អប់រំ​គឺជា​សិទ្ធិ​មនុស្ស។ សហរដ្ឋ​អាមេរិក​ច្រានចោល​ពាក្យ​ដោះសារ​របស់​ក្រុម​តាលីបង់​នៅក្នុង​ការ​ធ្វើ​ផ្ទុយ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន ដែល​កន្លង​មក​ពួកគេ​ធ្លាប់​បាន​សន្យា​ថា ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំងអស់​អាច​ចូល​រៀន​វិញ​បាន»។

លោក Blinken បាន​បន្ថែម​ថា៖ «យើង​គាំទ្រ​កុមារី​អាហ្វហ្គានីស្ថាន​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ដែល​យល់​ឃើញ​ថា ការ​អប់រំ​គឺ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​ការ​សម្រេច​បាន​នូវ​សក្ដានុពល​ពេលលេញ​របស់​សង្គម​និង​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន»។

អ្នកស្រី Rina Amiri ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ស្ត្រី កុមារី និង​សិទ្ធិ​មនុស្ស​នៅ​អាហ្វហ្គានីស្ថាន បាន​ហៅ​ការ​ហាមឃាត់​នេះ​ថា ​ជា​«ការ​ក្បត់​ក្រុម​គ្រួសារ​អាហ្វហ្គានីស្ថាន»។

អ្នកស្រី​បាន​បន្ថែម​ថា ការ​ហាមឃាត់​មិន​ឱ្យ​កុមារី​ទទួល​បាន​ការ​អប់រំ​គឺ​មិនមែន​ជា​ទំនៀមទម្លាប់​របស់​អាហ្វហ្គានីស្ថាន​នោះទេ និង​ថា ការ​ស្ទង់មតិ​ក្នុង​ចំណោម​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​បង្ហាញ​ថា ​មាន​ការ​គាំទ្រ​ជា​ទូទៅ​ឱ្យ​កុមារី​ទទួល​បាន​ការ​អប់រំ។

ចាប់តាំងពី​ពេល​ដែល​ក្រុម​តាលីបង់​បាន​ដណ្ដើម​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅក្នុង​ខែ​សីហា ឆ្នាំ ២០២១ មក ស្ត្រី​ប្រឈម​នឹង​ការ​បំបែក​ចេញ​និង​ការ​ហាមឃាត់​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ស្លៀកពាក់ អត្តចរិត និង​ការ​ធ្វើ​ដំណើរ។ ស្ថានីយ៍​ទូរទស្សន៍​នានា​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ផ្ដោត​លើ​បញ្ហា​ស្ត្រី ហើយ​អ្នក​ការពារ​សិទ្ធិ​ស្ត្រី​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ឃុំឃាំង​ ឬ​ក៏​បាន​បាត់​ខ្លួន។

វិធានការ​របស់​ក្រុម​តាលីបង់​ដែល​ហាមឃាត់​កុមារី​មិន​ឱ្យ​ទទួល​បាន​ការ​អប់រំ​កម្រិត​មធ្យម​សិក្សា​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ថ្កោលទោស​ជា​ទូទៅ​ពី​អន្តរជាតិ។

អគ្គលេខាធិការដ្ឋាន​អង្គការ​កិច្ច​សហប្រតិបត្តិការ​ឥស្លាម (OIC) «បាន​បង្ហាញ​ការ​ខកចិត្ត​ខ្លាំងក្លា​លើ​ការ​សម្រេច​ដែល​មិន​រំពឹងទុក​នេះ» និង​ថា «ពលរដ្ឋ កុមារា និង​កុមារី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ចាំបាច់​ត្រូវ​មើល​ឃើញ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ដែល​ក្នុង​នោះ​រួម​មាន​ទាំង...ការ​អប់រំ​ផងដែរ ដែល​ត្រូវ​បាន​គោរព​ពេញលេញ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា​របស់​រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​កាណាដា បារាំង អ៊ីតាលី ន័រវែស ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក និង​អ្នក​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប។ សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ថ្កោលទោស​ការ​ហាមឃាត់​របស់​ក្រុម​តាលីបង់​នេះ»។

រដ្ឋមន្ត្រី​ការបរទេស​ទាំងនោះ​និង​អ្នក​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​បាន​សរសេរ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ​ដូច្នេះ​ថា៖ «យើង​អំពាវនាវ​ឱ្យ​ក្រុម​តាលីបង់​កែប្រែ​ឱ្យ​ដូច​ដើម​វិញ​ជា​បន្ទាន់​នូវ​ការ​សម្រេច​នេះ ដោយសារតែ​ការ​សម្រេច​នេះ​នឹង​មាន​ផល​វិបាក​ហួស​ពី​ផល​អាក្រក់​ដែល​វា​មាន​លើ​កុមារី​អាហ្វហ្គានីស្ថាន​ទៅទៀត»។

ពួកគេ​បាន​ប្រកាស​ថា៖ «ប្រសិនបើ​មិន​កែប្រែ​ការ​សម្រេច​នេះ​ឱ្យ​ដូច​ដើម​វិញ​ទេ វា​នឹង​ប៉ះពាល់​ខ្លាំងក្លា​លើ​ក្ដី​រំពឹង​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​សម្រាប់​ភាព​រួមរស់​ជាមួយ​គ្នា​នៅក្នុង​សង្គម​និង​ការ​រីកចម្រើន​សេដ្ឋកិច្ច លើ​មហិច្ឆតា​របស់​អាហហ្គានីស្ថាន​នៅក្នុង​ការ​ក្លាយជា​ជា​សមាជិក​ម្នាក់​ដែល​ត្រូវ​បាន​គេ​គោរព​នៅក្នុង​សហគមន៍​ប្រជាជាតិ និង​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​នៅក្នុង​ការ​ត្រឡប់​មក​ពី​បរទេស​វិញ។ វា​នឹង​មាន​ផល​ប៉ះពាល់​ដែល​ចៀស​មិន​រួច​លើ​ក្ដី​រំពឹង​របស់​ក្រុម​តាលីបង់​នៅក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​និង​ភាព​ស្រប​ច្បាប់​ទាំង​នៅក្នុង​និង​ក្រៅ​ប្រទេស។ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ម្នាក់ៗ កុមារា ​ឬ​ក៏​កុមារី បុរស ​ឬ​ក៏​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​នៅក្នុង​ការ​ទទួល​បាន​ការ​អប់រំ​នៅ​គ្រប់​កម្រិត​ទាំងអស់ គ្រប់​ខេត្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស»៕

XS
SM
MD
LG