Accessibility links

Breaking News

បទវិចារណកថា៖ របៀប​ដោះស្រាយ​រួមគ្នា​មួយ ជា​គន្លឹះ​នៃ​ការជំរុញ​ទៅ​មុខ​ស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាន


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក Heiko Maas នៅឯ​មូលដ្ឋាន​ទ័ព​អាកាស Ramstein នៃ​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ពេលថ្មីៗ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​លោក Heiko Maas រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ បានធ្វើ​ជា​សហប្រធាននៃ​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​មួយ​ស្តីពីប្រទេសអាហ្វហ្គា​នីស្ថាន​ជា​មួយ​ប្រទេស​នានា​នៅ​ទូទាំងពិភពលោក។

លោករដ្ឋមន្ត្រី Blinken បាន​ផ្តោត​ការ​យក​ចិត្តទុដាក់លើវិស័យ​បីដែលនៅ​ក្នុង​នោះ​មានសម្ព័ន្ធភាព ​និង​កិច្ចសហប្រតិបត្តិការមានសារៈសំខាន់​ជា​ពិសេស។

វិស័យទី​មួយ​ គឺ​ធ្វើ​ឱ្យ​ក្រុម​តាលីបង់​ធ្វើ​តាមការសន្យា​របស់​ខ្លួនដោយ​អនុញ្ញាត​ឱ្យក្រុម​ជន​បរទេស អ្នក​មានទិដ្ឋាការ និង​ជនជាតិអាហ្វហ្គានីស្ថាន​ ​ធ្វើ​ដំណើរទៅ​ក្រៅ​ប្រទេសប្រសិន​បើ​ពួក​គេ​ចង់​ចាកចេញ។ ដោយ​តបត​នឹងការជំទាស់​របស់ពួក​តាលីបង់​មិន​ឱ្យមនុស្ស​មានជំនាញចាកចេញ​ពី​ប្រទេស នឹង​បណ្តាលឱ្យ​មាន«ការ​រត់ចោល​ប្រទេស​ដោយក្រុម​ជន​មានការ​ចេះដឹង» លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍​ថា «វិធី​ល្អ​បំផុត​ដើម្បី​ឱ្យ​មនុស្ស​ឋិតនៅ​ក្នុង​ប្រទេស ​គឺ​អនុញ្ញាត​ឱ្យពួក​គេ​ចាកចេញ​ពីអាហ្វហ្គានីស្ថាន និងគោរព​សិទ្ធិជា​មូល​ដ្ឋាន​របស់​ពួក​គេ»។

សហរដ្ឋ​អាមេរិក នឹង​បន្តធ្វើការ​ដើម្បី​ការពារសិទ្ធិ​មនុស្ស​ និងសេរីភាព​ជា​មូលដ្ឋានរបស់​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​គ្រប់​ៗគ្នា។

ទី​ពីរ លោក​រដ្ឋមន្ត្រី Blinken បាន​គូស​បញ្ជាក់ថា សហគមន៍​អន្តរជាតិ​ត្រូវធ្វើឱ្យ​ពួក​តាលីបង់​ធ្វើតាម​ការសន្យារបស់​ពួក​គេ ​គឺ​បញ្ចៀសកុំឱ្យក្រុមភេរវជនប្រើប្រាស់ទឹកដី​អាហ្វហ្គានីស្ថាន​ជាមូល​ដ្ឋាន​មួយសម្រាប់​ធ្វើកិច្ចប្រតិបត្តិការដែលគំរាម​កំហែងប្រទេសណា​មួយ។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា «ជា​ការពិត យើងមិន​អាចគ្រាន់​តែ​ពឹង​ពាក់​លើ​ក្រុម​តាលីបង់ដើម្បី​ធ្វើ​តាម​ការ​សន្យា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​ទេ យើងទាំង​អស់គ្នាត្រូវ​តែប្រុង​ប្រយ័ត្ន​និង​តាម​ឃ្លាំ​មើល​ការ​គំរាម​កំហែង​ ជា​ពិសេសការលេច​ឡើង​វិញ​នៃការ​លប​ធ្វើ​អំពើ​អាក្រក់ពី​ខាងក្រៅ​និង​ដោះស្រាយបញ្ហា​ទាំង​នេះ​ជា​បន្ទាន់​នៅ​ពេល​វា​កើត​មាន។ លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក នឹង​រក្សា​សមត្ថភាពមាំ​ទាំ​ខាង​ការ​ប្រឆាំង​ភេរវកម្មនៅ​ក្នុង​តំបន់ដើម្បី​កម្ចាត់​ការគំរាម​កំហែង​ទាំង​ឡាយ​ ហើយ​យើង​នឹងមិន​រារែកទេ​ក្នុង​ការប្រើ​សមត្ថភាព​ទាំង​នោះ​ប្រសិន​បើ​យើង​ត្រូវតែ​ធ្វើដូច្នេះ​នោះ»។

ទី​បី លោករដ្ឋមន្ត្រី​ការបរទេស Blinken បាន​គូស​បញ្ចាក់សេចក្តី​ត្រូវការឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា ជំនួយមនុស្សធម៌​ស្រោច​ស្រង់​ជីវិតមនុស្ស​នៅ​តែ​មាន​សម្រាប់​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​ដោយធ្វើ​ទៅតាម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹងពួក​ភេរវជន។

លោក​រដ្ឋមន្ត្រី Blinken មានប្រសាសន៍ទៀត​ថា «គោល​ដៅ​ស្នូល​ទាំង​បី​នេះ​ នឹងតម្រូវ​ឱ្យ​មាន​ការ​ទាក់ទង​ជាមួយ​ពួក​តាលីបង់ តែ​មាន​ការចែក​ឱ្យ​ដាច់​ពីគ្នារវាង​ទំនាក់ទំនងដែល​យើង​បានធ្វើ​ នៅ​ពេល​មានការ​ជម្លៀស​មនុស្ស​ដែល​យើង​នឹង​ធ្វើ​ត​ទៅ​ទៀត និង​ការប្រព្រឹត្ត​ទៅ​លើ​ពួកតាលីបង់​ដូច​ដែល​យើង​ធ្វើ​ជា​មួយ​ប្រទេស​ភាគច្រើន​ឯ​ទៀតៗដែរ»។ លោកបាន​កត់​សម្គាល់​ថា ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​ក្រុម​តាលីបង់​បាន​អះអាង​ថា ចង់ឱ្យ​មាន ត្រូវ​តែ​ទទួល​បានជា​មួយការប្តេជ្ញាខ្ជាប់​ខ្ជួនដល់​ការ​រំពឹង​ទុកស្នូលរបស់​សហគមន៍អន្តរជាតិ។ នេះ​មានរួមបញ្ចូលការគោរព​ដល់​សមិទ្ធិផលបាន​មកក្នុង​ពេល​ជាង​២០ឆ្នាំកន្លង​ទៅ​នេះ​ដែលពង្រីក​សិទ្ធិ​ស្ត្រី កុមារ ក្រុមអ្នកកាសែត មនុស្សកាយ​វិកល សមាជិកសហគមន៍មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ​និង​សមាជិក​ក្រុមជន​ភាគ​តិច។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា «​ដើម្បី​ជំរុញផល​ប្រយោជន៍​រួមគ្នារបស់យើង​ ការ​ទាក់ទងរបស់យើង​ជា​មួយ​ពួក​តាលីបង់​ ត្រូវ​តែ​មាន​ជា​ប្រព័ន្ធ​ ភ្លឺ​ស្វាង​ ប្រយ័ត្ន​ប្រយែង ​និង​ជា​សម្ព័ន្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

XS
SM
MD
LG