Accessibility links

Breaking News

បទវិចារណកថា៖ ការកម្ចាត់​ក្រុម​រដ្ឋអ៊ីស្លាម​ទាំងស្រុង


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​អ៊ីរ៉ាក់​ប្រមូល​សាកសព​ដែល​យោង​ទៅតាម​មន្រ្តី​អ៊ីរ៉ាក់​ថា ត្រូវបាន​សម្លាប់​ដោយ​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម​នៅទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​អ៊ីរ៉ាក់​ប្រមូល​សាកសព​ដែល​យោង​ទៅតាម​មន្រ្តី​អ៊ីរ៉ាក់​ថា ត្រូវបាន​សម្លាប់​ដោយ​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម​នៅទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

ត​ទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ចុង​ខែមីនា ឆ្នាំ​២០១៩​ ក្រុមភេរវជន​រដ្ឋ​អ៊ីស្លាម​បាន​បាត់​បង់​ដែនដីចុងក្រោយរបស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី។ ទោះ​ណា​ជាពួក​ភេរវជន​ទាំង​នេះ ​បាន​បាត់បង់ដែនដីដែលខ្លួនធ្លាប់​គ្រប់គ្រង​ដោយ​ទុច្ចរិត​ក៏​ដោយ ក៏​គេ​នៅ​តែត្រូវ​កម្ចាត់​ក្រុម​នេះ​ទាំង​ស្រុង​ដែរ។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍នៅ​ក្នុង​កិច្ច​ប្រជុំ​បណ្ដា​រដ្ឋមន្ត្រីនៃ​ក្រុម​ចម្រុះ​សាកលសម្រាប់​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​ថា៖ ​«ចាប់​តាំង​ពី​ក្រុម​ចម្រុះ​សាកលសម្រាប់កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម ​ត្រូវ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៤​មក...ជនស៊ីវិលរាប់​លាន​នាក់អាច​វិលត្រឡប់ទៅ​ផ្ទះ​ពួក​គេ​វិញ​បាន។

ចលនារបស់​ពួក​យុទ្ធជន​បរទេស​របស់​ពួករដ្ឋ​អ៊ីស្លាម​ចូលទៅ​ក្នុង​ប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់ត្រូវ​បាន​បញ្ឈប់​។ ហើយ​មេដឹកនាំ​សំខាន់ៗរបស់ពួក​រដ្ឋ​អ៊ីស្លាម​ត្រូវ​បាន​ចាប់​ខ្លួន​ ឬត្រូវបាន​សម្លាប់។ សមិទ្ធផល​ទាំង​នេះ​មាន​សារៈសំខាន់​ ហើយ​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​នូវ​អ្វី​ដែល​អាច​ធ្វើ​បាននៅ​ពេលយើង​រួបរួម​គ្នាក្នុង​បុព្វហេតុ​រួម ជាមួយ​នឹង​ការប្តេជ្ញា​ដូចគ្នា។​ លោក​រដ្ឋមន្ត្រី​ Blinken បានបន្ថែម​ថា​ តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​«ក៏​នៅ​មាន​កិច្ចការត្រូវ​ធ្វើ​ថែម​ទៀត»។

ក្រុមភេរវជននេះនិង​សាខា​ពួក​វា​បាន​ប៉ុនប៉ង​ពង្រឹងឥទ្ធិពលរបស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ត​ពង្រីក​សាខា​ក្នុង​តំបន់​ Sahel នៃទ្វីប​អាហ្វ្រិក បង្កើត​សាខានៅ​ក្នុង​ប្រទេស​នានា​ដូច​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ និង​ប្រទេស​ម៉ូសំប៊ិកជា​ដើម។

ក្រុមចម្រុះនេះ​កំពុងបន្តការងារ​ដើម្បីទប់ទល់​នឹង​សមត្ថភាពរបស់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​ក្នុង​ការអង្គាស​ប្រាក់​ចំណូល ការ​ពង្រឹង​ការ​ចែក​ចាយ​ព័ត៌មាន​អំពី​ពួក​ភេរវជន និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឃោសនា​មានពិស​ពុលរបស់​ក្រុម​រដ្ឋ​អ៊ីស្លាម។

លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍​ថា៖ «យើង​ត្រូវ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​របស់​យើង ដោយមាន​រួម​បញ្ចូល​នូវ​ការប្តេជ្ញា​ដល់​កិច្ចប្រតិបត្តិការ​ Operation Inherent Resolve បេសកកម្ម​របស់​អង្គការ​អូតង់ក្នុង​ប្រទេសអ៊ីរ៉ាក់ និង​ការ​កសាង​សមត្ថភាពប្រឆាំង​ភេរវកម្ម​ដឹកនាំដោយ​ពួក​ជន​ស៊ីវិល​ផង​ដែរ​»។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «ទីពីរ យើង​ត្រូវ​ធ្វើ​ឱ្យ​មានជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ក្រុម​ចម្រុះ​ដល់​ជំនួយ​ធ្វើ​ឱ្យ​មាន​ស្ថិរភាពនៅ​ទូទាំងប្រទេសអ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​រដ្ឋ​អ៊ីស្លាម​មិន​លេចឡើង​ជា​ថ្មីក្នុងប្រទេស​ទាំង​នេះ​ទេ»។

ទីបី បណ្ដា​ប្រទេស​ដើម​ត្រូវ​ដោះស្រាយ​បញ្ហា​ក្រុម​យុទ្ធជន​បរទេស​ប្រមាណ១​ម៉ឺន​នាក់និង​គ្រួសាររបស់​ពួកគេ​ដែល​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌលឃុំឃាំង​ និង​ជំរំក្រុម​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង។ លោក​រដ្ឋមន្ត្រី Blinken បានថ្លែង​ថា៖ «ស្ថានភាព​នេះ​ជា​ការ​មិន​អាច​ទ្រាំទ្របានទេ។ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​សុំដល់​បណ្ដា​ប្រទេសដើម ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​ដៃគូក្នុង​ក្រុមចម្រុះ​ផង​ដែរ​ឱ្យ​យក​ពលរដ្ឋខ្លួន​ទៅ​ប្រទេសខ្លួន​វិញ ធ្វើ​នីតិសម្បទា ​និង​បញ្ចូលក្រុម​គ្រួសារពួក​គេក្នុងសង្គមជាតិ​វិញ​ ហើយយក​ពួកយុទ្ធជនបរទេសទៅ​កាត់​ទោស បើ​អាច​ធ្វើ​បាន»។

ជា​ទី​បញ្ចប់​ ក្រុមចម្រុះ​ត្រូវប្រឈមជា​មួយ​ពួក​រដ្ឋ​អ៊ីស្លាម​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កន្លែងណាដែល​កាលពី​ពេល​ថ្មីៗ​នេះ​ពួក​វាបាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ខិតខំ​ប្រឹង​ប្រែងនៅក្រៅ​ប្រទេសអ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី។​ ​លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «យើងត្រូវ​ធ្វើការណ៍​នេះ​ឱ្យ​សម្រេចតាម​គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់»។

សហរដ្ឋ​អាមេរិក​ដឹងគុណ​ដល់​ភាព​ជា​ដៃគូ​ និង​ការ​ប្តេជ្ញា​យក​ជ័យជម្នះ​លើ​ពួក​រដ្ឋ​អ៊ីស្លាម​ក្នុង​ពិភពលោក។ លោក​រដ្ឋមន្ត្រី Blinken បានថ្លែង​ថា៖ «យើង​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខខ្លាំង ដោយ​សារយើងបានធ្វើការជា​មួយ​គ្នា។​ ដូច្នេះយើង​សង្ឃឹម​ថា...​នឹង​បន្ត​ការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុម​ភេរវជន​នេះ​រហូត​ដល់​ពួក​វា​ទទួលបរាជ័យ​ទាំង​ស្រុង»៕

XS
SM
MD
LG