តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ខណៈពេលដែលពួករដ្ឋឥស្លាម (ISIS) ដែលហៅថា ពួកកាលីហ្វាតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ត្រូវបានបង្ក្រាបហើយនោះ សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភអំពីការកើនឡើងនៃពួករដ្ឋឥស្លាម និងបណ្តាសាខាក្រុមនេះ នៅតំបន់ផ្សេងទៀត។
នៅថ្ងៃទី១០ ខែវិច្ឆិកា សហរដ្ឋអាមេរិកនិងប្រទេសនីហ្សេរីយ៉ា បានកោះប្រជុំអនឡាញជាមួយសមាជិកនៃសម្ព័ន្ធសកលដើម្បីកម្ចាត់ពួករដ្ឋឥស្លាមដោយមានតំណាងនៃបណ្តារដ្ឋនៅអាហ្វ្រិកខាងលិច និងអង្គការក្នុងតំបន់ពាក់ព័ន្ធដើម្បីពិភាក្សាអំពីការគំរាមកំហែងរបស់ពួករដ្ឋឥស្លាម។
លោក Nathan Sales ប្រេសិតពិសេសរបស់អាមេរិកប្រចាំសម្ព័ន្ធភាពនេះ បានថ្លែងថា ការប្រជុំនេះ តំណាងឱ្យការបង្វែរទិសដៅដ៏សំខាន់មួយរបស់សម្ព័ន្ធភាពនេះទៅកាន់សមរភូមិដ៏សំខាន់បំផុតនៅក្នុងការប្រយុទ្ធនេះ។ លោកប្រេសិតពិសេស Nathan Sales និយាយថា៖
«ខណៈយើងត្រូវតែផ្តោតការយកចិត្តទុកដាក់លើការការពារកុំឲ្យមានការលេចចេញជាថ្មីនៃក្រុមឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីដែលជាសមរភូមិស្នូលនោះ យើងក៏ត្រូវតែផ្តោតលើគោលដៅរបស់ពួករដ្ឋឥស្លាមប្រើប្រាស់សាខានិងបណ្តាញនៅខាងក្រៅសមរភូមិស្នូលនេះ ធ្វើជាវេទិកាសម្រាបពួកនេះបន្តការប្រយុទ្ធផងដែរ»។
លោកប្រេសិត Sales ថ្លែងថា «គ្មានកន្លែងណាដែលនិន្នាការនេះគួរឱ្យព្រួយបារម្ភដូចនៅអាហ្វ្រិកទេ។ ប្រសិនបើយើងប្តេជ្ញាបង្ក្រាបពួករដ្ឋឥស្លាមបរាជ័យក្នុងសកលលោកដូចដែលយើងកំពុងធ្វើនោះ យើងត្រូវតែប្រឆាំងនឹងពួកនេះនៅទ្វីបអាហ្រ្វិកនិងជាពិសេសនៅអាហ្វ្រិកខាងលិច។
លោកប្រេសិតពិសេស Sales បានចង្អុលបង្ហាញថា ការវាយប្រហារនៅអាហ្រ្វិកខាងលិចដោយក្រុមដែលមានទំនាក់ទំនងជាមួយពួករដ្ឋឥស្លាមនោះ បានកើនឡើងគួរឱ្យកត់សម្គាល់ ទាំងបរិមាណ និងគ្រោះថ្នាក់នៅប៉ុន្មានឆ្នាំកន្លងមក។
ប៉ុន្តែលោកបានថ្លែងថា ដំណឹងល្អគឺថា សម្ព័ន្ធភាពពិភពលោក «បានបង្ហាញថា ខ្លួនអាចសម្របសម្រួល និងមានសមត្ថភាពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងតែប្រែប្រួលនេះ»។
ខណៈពេលលោកបានកត់សម្គាល់ថា រាល់ការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមត្រូវតែធ្វើឡើងនៅលើទឹកដីពួកនេះផ្ទាល់នោះ សម្ព័ន្ធភាពបានបង្កើត«វប្បធម៌នៃការសម្របសម្រួលគ្នាតាមរយៈការប្រឹងប្រែងរបស់បណ្តាញស៊ីវិលនិងយោធា និងគំនិតផ្តួចផ្តើមទ្វេភាគីនិងពហុភាគី» ដែលអាចបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមប្រឆាំងភេរវកម្មដទៃទៀតនៅក្នុងតំបន់។
លោកប្រេសិតពិសេស Sales បានសង្កត់ធ្ងន់ថា «ទោះជាសម្ព័ន្ធភាពពិភពលោកសម្រេចចិត្តចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងធ្វើឲ្យពួករដ្ឋឥស្លាមអន្តរាយតាមវិធីណាក៏ដោយ រឿងសំខាន់ គឺត្រូវធ្វើឱ្យប្រសើរឡើងនូវការគោរពរបស់កងកម្លាំងសន្តិសុខចំពោះសិទ្ធិមនុស្សដែលជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង…»។ លោកកត់សម្គាល់ថា «ការរំលោភសិទ្ធិមនុស្សដោយកងកម្លាំងសន្តិសុខ រួមចំណែកដល់សមត្ថភាពរបស់ភេរវករដើម្បីធ្វើសកម្មភាពជ្រុលនិយម ប្រមូលកម្លាំង និងធ្វើឱ្យខូចដល់ភាពស្របច្បាប់របស់រដ្ឋាភិបាល»។
ចាប់តាំងពីឆ្នាំ២០១៧មក ពលរដ្ឋអាមេរិកាំង បានវិនិយោគប្រាក់ជាង១១៤លានដុល្លារអាមេរិកក្នុងការផ្តល់ជំនួយប្រឆាំងភេរវកម្មនៅក្នុងតំបន់កាន់តែធំដែលរួមបញ្ចូលតំបន់សហប្រតិបត្តិការឈ្មោះ G5 Sahel និងតំបន់អាងបឹង Chad។ លោកប្រេសិតពិសេស បានគូសបញ្ជាក់អំពីផែនការរបស់សហរដ្ឋអាមេរិកដើម្បីចូលរួមវិភាគទានជាង៣០ លានដុល្លារបន្ថែមទៀតនៅឆ្នាំក្រោយ។ លោកបានសង្កត់ធ្ងន់ថា ការប្រយុទ្ធរួមគ្នារបស់យើងប្រឆាំងនឹងការគំរាមកំហែងរបស់ពួករដ្ឋឥស្លាមនៅអាហ្វ្រិកខាងលិច គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយដែលសហរដ្ឋអាមេរិក ប្តេជ្ញាគាំទ្រ៕