Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​ថ្មី​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន


អ្នកស្រី Linda-Thomas Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​ សហប្រជាជាតិ ថ្លែង​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ទាក់ទងនឹង​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន​នៅឯ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស្ថានភាព​មនុស្សធម៌​សម្រាប់​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន មាន​ភាពធ្ងន់ធ្ងរ​ដោយ​មនុស្ស​៦សែន​នាក់​ដែល​ពាក់​កណ្តាល​ជា​កុមារ បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះសំបែង​ដោយសារ​សង្គ្រាម​និង​ការភ័យ​ខ្លាច​អំពើ​ហិង្សា និង​ការស្រេកឃ្លាន​ដែល​បាន​រាលដាល ដោយ​មាន​កុមារ​ជាង​មួយ​លាន​នាក់​ដែល​មាន​អាយុ​តិច​ជាង​៥ឆ្នាំ មាន​គ្រោះថ្នាក់​ដោយសារ​ការអត់​បាយ និង​ប្រព័ន្ធ​សុខាភិបាល​បាន​ដួលរលំ។

ថ្លែង​ទៅ​កាន់​ជំនួប​កម្រិត​ខ្ពស់ទី​មួយអំពី​ស្ថានភាព​មនុស្សធម៌នៅ​អាហ្វហ្គានីស្ថាន​ចាប់តាំង​ពី​ក្រុម​តាលីបង់​បាន​ក្តោបក្តាប់​អំណាច​មក អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonia Guterres បាន​មាន​ប្រសាសន៍​ថា «ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​ត្រូវការជំនួយ​ស្រោចស្រង់​អាយុ​ជីវិត។ ក្រោយពី​សង្គ្រាម​រាប់​ទសវត្សរ៍ ការរង​ទុក្ខ​វេទនានិង​អសន្តិសុខ ប្រជារាស្ត្រ​នេះ ប្រឈម​នឹង​ពេល​វេលាប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត។ ពេល​នេះ ជាពេល​វេលា​មួយ​ដែលសហគមន៍​អន្តរជាតិ​ត្រូវ​ឈរ​ជាមួយ​ពួកគេ»។

អ្នកស្រី Linda-Thomas Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំនៅ​អង្គការសហប្រជាជាតិ បាន​មាន​ប្រសាសន៍«ច្បាស់លាស់»​ប្រាប់​សន្និសីទ​នេះ​ថា «សហរដ្ឋ​អាមេរិក សន្យា​ផ្តល់​ជំនួ​យមនុស្សធម៌​និង​គាំទ្រប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន»។

អ្នកស្រី​បាន​ប្រកាសអំពី​ជំនួយមនុស្សធម៌​ថ្មីជិត​៦៤លាន​ដុល្លារជូន​ដល់​អ.ស.ប. និងអង្គការ​ក្រៅ​រដ្ឋាភិបាលដែល​នឹងបង្កើនជំនួយស.រ.អ.​ដល់​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះដល់ចំនួន​៣៣០​លាន​ដុល្លារ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា «ថវិកា​នេះ នឹង​ជួយ​ផ្តល់​ជំនួយ​ស្រោចស្រង់​ជីវិតខាងស្បៀង​អាហារ។ វា​នឹង​បំពេញ​សេចក្តីត្រូវការ​ខាង​សុខាភិបាលនិង​អាហារូបត្ថម្ភ។ វា​នឹង​ផ្តល់​កិច្ចការពារ​ដល់​ស្ត្រី កុមារ និង​ក្រុម​មនុស្សនៃពូជសាសន៍​ផ្សេង ក្រុម​ជន​ភាគតិច និង​ក្រុម​កាន់​សាសនា​ផ្សេងៗ​ផង​ដែរ។ ហើយ​ជំនួយ​នេះ នឹងជួយ​កុមារ​ច្រើន​ជាង​មុន ដោយ​មានរួម​បញ្ចូល​ក្រុម​កុមារី​ឱ្យវិល​ទៅ​សាលា​រៀន​វិញ។ ហើយ​វា នឹង​ផ្តល់ទឹកស្អាត​សម្រាប់​បរិភោគ​ថែម​ទៀត​ផង»។

តែយ៉ាង​ណា​ក៏​ដោយ ក៏​អ្នកស្រី​ឯកអគ្គរដ្ឋទូត​បាន​និយាយ​ទទូចថា ជំនួយ​នេះមិន​គ្រប់គ្រាន់​ទេសម្រាប់​គាំទ្រប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន​និង​កិច្ចខិតខំ​ប្រឹងប្រែងរបស់​អ.ស.ប.​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ​នោះ។ ប្រជារាស្ត្រ​អាហ្វហ្គានីស្ថានក៏​ត្រូវ​ការប្រទេស​ជិត​ខាង​ឱ្យបើក​ព្រំដែន។ ពួកគេ​ក៏​ត្រូវការក្រុម​អ្នក​ធ្វើការ​មាន​បទពិសោធន៍​ដែរ។ ប្រជារាស្ត្រ​នេះ ក៏​ត្រូវការ​ការ​សន្យា​តាម​ពាក្យ​សម្តីនិង​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ពួក​តាលីបង់អំពីសិទ្ធិ​ប្រតិបត្តិការនៃទីភ្នាក់ងារ​មនុស្សធម៌ និង​អំពី​ការប្រព្រឹត្ត​ទៅ​លើ​និង​សិទ្ធិនៃក្រុម​ជន​ភាគតិច​ ស្ត្រី និង​កុមារី។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Linda-Thomas Greenfield បាន​មាន​ប្រសាសន៍ទៀត​ថា «ពាក្យ​សម្តី​មិន​គ្រប់គ្រាន់​ទេ។ យើង​ត្រូវតែ​ឃើញ​សកម្មភាព»។ អ្នកស្រី​បាន​សម្តែង​ការសោកស្តាយ​ដល់​របាយការណ៍ដែល​ថា ពួក​តាលីបង់​បាន​រារាំង និង​ជ្រៀតជ្រែកដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ការចែកចាយ​ជំនួយ ដោយ​រួមមានទាំង​ការហាមប្រាមមិន​ឱ្យ​ពួក​បុគ្គលិកស្ត្រី​ជួយ​ស្រោចស្រង់​ជីវិតព្រម​ទាំង​បានធ្វើទុក្ខ​បុក​ម្នេញលើពួក​អ្នក​ទទួល និង​អ្នកចែក​ជំនួយ​ផង​ដែរ។ អ្នកស្រី​បាន​និយាយ​ថា «នេះ​ជា​ការគួរឱ្យ​ខ្លាច ហើយ​មិន​អាច​ទទួល​យក​បានទេ»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Linda-Thomas Greenfield បាន​ប្រកាស​ថា «នេះ​ជា​ពេល​វេលា​មួយ​ដែលសហគមន៍អន្តរជាតិត្រូវ​តែ​រួបរួមគ្នា។ ចូរយើង​សន្យា​នៅ​ថ្ងៃ​នេះ​ថា ត្រូវតែបំពេញ​តាម​ការអំពាវនាវសុំ​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ជា​បន្ទាន់​នេះ។ យើង​ត្រូវតែ​សន្យា​ឈរជាមួយ​ក្រុម​អ្នក​ធ្វើការ​ខាង​មនុស្សធម៌​ដែល​ពួក​គេ​ធ្វើ​ការងារសំខាន់​ទាំង​អស់​របស់​ពួក​គេ និង​បង្កើន​សកម្មភាព​មនុស្សធម៌ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានដើម្បីឱ្យ​យើង​អាចជួយ​ជីវិតប្រជារាស្ត្រ​អាហ្វហ្គាស្ថាន​ដែល​មាន​ការខ្វះខាត​ច្រើន»៕

XS
SM
MD
LG