Accessibility links

Breaking News

បទវិចារណកថា៖ ការបញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ស្តីអំពី​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ បាន​បញ្ចប់​បេសកកម្ម​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់ពី​បាន​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នេះ​ អស់​រយៈពេល ២០ ឆ្នាំ​កន្លង​មក។ សង្គ្រាម​នេះ ​គឺជា​សង្គ្រាម​ដ៏​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

មន្ត្រី​ការទូត មន្ត្រី​យោធា និង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ប្រថុយ​ជីវិត​របស់​ពួកគេ​នៅ​ក្នុង​ការ​ជម្លៀស​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​នូវ​ពលរដ្ឋ​អាមេរិក ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ជួយ​អាមេរិកនិង​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ដូចជា ស្ត្រី កុមារ និង​សមាជិក​ក្រុម​ភាគ​តិច​ផ្សេងៗ ពលរដ្ឋ​នៃ​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​របស់​អាមេរិក និង​អ្នក​ដទៃ​ផ្សេង​ទៀត។

នៅ​ក្នុង​ការ​ថ្លែង​ទៅកាន់​ប្រជាជាតិ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា៖ «យើង​បាន​សម្រេច​នូវ​ការ​ជម្លៀស​តាម​យន្ដហោះ​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​មនុស្ស​ជាង ១២០.០០០ នាក់ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព»។

ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នេះ​បាន​បញ្ចប់​ទៅ ដោយ​បាន​ជម្លៀស​ពលរដ្ឋ​អាមេរិក​បាន​ជាង ៥.៥០០ នាក់​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។ ប៉ុន្តែ គេ​បាន​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​អាមេរិក​ប្រហែល ១០០ ទៅ ២០០ នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ។

លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ថា៖ «សម្រាប់​ពលរដ្ឋ​អាមេរិក​ដែល​នៅ​សេសសល់ក្នុង​អាហ្វហ្គានីស្ថាន គ្មាន​កាលបរិច្ឆេទ​កំណត់​នៃការជម្លៀស​នោះ​ទេ»។

លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «យើង​នៅតែ​តាំងចិត្ត​ជម្លៀស​ពួកគេ​ចេញ [ពី​ប្រទេស​អាហ្វហ្គានីស្ថាន] ប្រសិនបើ​ពួកគេ​ចង់។ រដ្ឋមន្ត្រី​ការបរទេស​លោក [Antony] Blinken កំពុង​បន្ត​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ការទូត​ដើម្បី​ធានា​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​អាមេរិក ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ជា​ដៃគូ​របស់​អាមេរិក ឬ​ក៏​ជន​បរទេស​ណា ដែល​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន»។

លោក Biden បាន​បន្ថែម​ថា៖ «កិច្ច​ប្រឹងប្រែង​នេះ ​រួម​មាន​ទាំង​កិច្ច​ប្រឹងប្រែង​ជា​បន្ត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​បើក​ដំណើរការ​អាកាសយានដ្ឋាន​និង​ផ្លូវ​គោក​ឡើង​វិញ​ផងដែរ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាកចេញ​ជា​បន្ត​សម្រាប់​អ្នក​ណា​ដែល​ចង់​ចាកចេញ និង​សម្រាប់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន»។

ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លោចផ្សា​បំផុត ក្រុម​ភេរវករ​អាយស៊ីស-ខេ (ISIS-K) បាន​សម្លាប់​ទាហាន​អាមេរិក ១៣ នាក់ និង​ជន​ស៊ីវិល ១៧០ នាក់ នៅ​ក្នុង​អំឡុង​បេសកកម្ម​ជម្លៀស​មនុស្ស​នេះ។

លោក​ប្រធានាធិបតី Biden បាន​ព្រមាន​ថា សម្រាប់​អ្នក​ណា​ដែល​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​អន្តរាយ «សហរដ្ឋ​អាមេរិក​នឹង​មិន​នៅ​ស្ងៀម​ជាដាច់ខាត។ សហរដ្ឋ​អាមេរិក នឹង​មិន​លើកលែង​ទោស។ សហរដ្ឋ​អាមេរិក​ នឹង​មិន​បំភ្លេច។ សហរដ្ឋ​អាមេរិក ​នឹង​តាម​ប្រមាញ់​អ្នក​ដល់​ដង្ហើម​ចុងក្រោយ ហើយ​សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​ឲ្យ​អ្នក​រង​ផល​វិបាក​ធ្ងន់ធ្ងរ​នៅ​ទីបំផុត»។

លោក​ប្រធានាធិបតី Biden បាន​ប្រកាស​ថា កាតព្វកិច្ច​ជា​មូលដ្ឋាន​របស់​ប្រធានាធិបតី​ គឺ​ដើម្បី​គាំពារ​និង​ការពារ​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ឆ្នាំ ២០២១ នេះ និង​នៅ​ពេល​អនាគត មិន​មែន​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ឆ្នាំ ២០០១ នោះ​ទេ។

លោក Biden ថ្លែង​ដូច្នេះ​ថា៖ «យើង​នឹង​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​ប្រទេស​ផ្សេង​ទៀត។ យើង​មិន​ចាំបាច់​ធ្វើ​សង្គ្រាម​នៅលើដីផ្ទាល់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នោះ​ទេ។ យើង​មាន​វិធី​ផ្សេង គឺ​អ្វី​ដែលហៅ​ថា​ សមត្ថភាព​ត្រៀម​ជា​ស្រេច​សម្រាប់​ពេល​អនាគត។ វីធី​នេះ​មាន​ន័យ​ថា យើង​អាច​វាយ​ប្រហារ​ភេរវករ​និង​គោលដៅ​ផ្សេងៗ​បាន ដោយ​មិន​ចាំបាច់​មាន​វត្តមាន​របស់​អាមេរិក​នៅ​ទីតាំង​ទាំង​នោះ​ផ្ទាល់ ឬ​ក៏​អាច​មាន​វត្តមាន​តិចតួច​ប៉ុណ្ណោះ ប្រសិនបើ​ត្រូវការ»។

លោក Biden បាន​បន្ថែម​ថា៖ «នៅពេល​ដែល​យើង​បញ្ចប់​សង្គ្រាម ការ​វាយ​ប្រហារ ការ​ឈឺចាប់ និង​ការ​លះបង់​ក្នុង​រយៈពេល ២០ ឆ្នាំ កន្លង​មក វា​ដល់​ពេល​ដែល​យើង​ត្រូវ​សម្លឹង​មើល​ទៅ​អនាគត មិន​មែន​អតីតកាល​នោះ​ទេ គឺ​សម្លឹង​មើល​ទៅ​អនាគត​មួយ​ដែល​មាន​សុវត្ថិភាព​ជាង​មុន អនាគត​មួយ​ដែល​មាន​សន្តិសុខ​ជាង​មុន អនាគត​មួយ​ដែល​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បាន​បម្រើ​សហរដ្ឋ​អាមេរិក និង​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ផ្ដល់​នូវ​អ្វី​ដែល​លោក​ប្រធានាធិបតី Lincoln ហៅ​ថា​ ជា«ភក្ដីភាព​ចុងក្រោយ​ដ៏​វិសេសវិសាល​ធំធេង»៕

XS
SM
MD
LG