តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកបានចូលរួមជាមួយនឹងសហគមន៍អន្តរជាតិនៅក្នុងការសម្ដែងការខឹងសម្បា ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវយង់ឃ្នងលើមជ្ឈមណ្ឌលអប់រំ Mumtaz និងសាលារៀន Abdul Rahim Shahid នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន និងបានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ផ្សេងទៀតនៃអ្នកដែលត្រូវបានសម្លាប់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១៩ ខែមេសារបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price។
ការវាយប្រហារមួយចំនួនដែលបានសំដៅលើជនស៊ីវិលនៃក្រុមជាតិសាសន៍ភាគតិច Hazara កាន់សាសនាឥស្លាមនិកាយស៊ា (Shia) កាលពីខែមេសាគឺបានប្រព្រឹត្តិឡើងដោយក្រុមអាយស៊ីស-ខេ (ISIS-K)។
នៅក្នុងការវាយប្រហារមួយដែលមិនមានការអះអាងទទួលខុសត្រូវ ដែលបានសម្លាប់សមាជិកមួយចំនួននៃវិហារឥស្លាមនិកាយស៊ូហ្វី (Sufi) នៅក្នុងទីក្រុងកាប៊ុល ការបំផ្ទុះនៅក្នុងការវាយប្រហារនោះបានកើតឡើងចំវិហារឥស្លាម Khalifa Sahib នៅភាគខាងលិចទីក្រុងកាប៊ុលនៅចំថ្ងៃសុក្រចុងក្រោយនៃពិធីបុណ្យរ៉ាម៉ាឌន (Ramadan)។
ដំបូលនៃវិហារឥស្លាមនោះបានបាក់ចុះសង្កត់ពីលើអ្នកប្រតិបត្តិសាសនានៅទីនោះ។ យ៉ាងហោចណាស់មានមនុស្ស ១០ នាក់ត្រូវបានសម្លាប់ និងមនុស្សរហូតដល់ ១៥ នាក់ទៀតបានរងរបួស។ ប៉ុន្តែមន្ទីរពេទ្យនានានៅមូលដ្ឋានបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ និងរងរបួសគឺមានច្រើនជាងនេះ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ។
អ្នកស្រី Mette Knudsen អ្នកតំណាងរងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា៖ «គ្មានពាក្យណាដែលខ្លាំងគ្រប់គ្រាន់នោះទេនៅក្នុងការថ្កោលទោសទង្វើដ៏គួរឱ្យស្អប់ខ្ពើមដែលធ្វើឡើងសំដៅលើកន្លែងប្រតិបត្តិសាសនា នៅពេលដែលអ្នកកាន់សាសនាឥស្លាមនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានត្រៀមរៀបចំអបអរពិធីបុណ្យស្រាយបួស Eid [al-Fitr]»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីមានការវាយប្រហារកាលពីខែមេសាទាំងនេះ ដោយបានបញ្ជាក់អះអាងជាថ្មីថា៖ «ភេរវកម្មគ្រប់ទម្រង់និងគ្រប់របៀបទាំងអស់គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ»។
អ្នកស្រី Jalina Porter អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្កោលទោសដោយប្រើពាក្យខ្លាំងៗបំផុតលើការវាយប្រហារសំដៅលើសមាជិកក្រុមជាតិសាសន៍ភាគតិចទាំងនេះ និងបាននិយាយថា៖ «សហរដ្ឋអាមេរិកក៏តាំងចិត្តផងដែរចំពោះការគាំទ្រសមត្ថភាពរបស់ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ ដែលក្នុងនោះរួមមានទាំងសមាជិកនៃក្រុមសាសនាភាគតិចផងដែរ នៅក្នុងការគោរពប្រតិបត្តិសាសនារបស់ខ្លួនដោយសេរី ដោយគ្មានការភ័យខ្លាចថា មានអំពើហិង្សាលើពួកគេ។ យើងក៏មានក្ដីបារម្ភខ្លាំងក្លាផងដែរអំពីការកើនឡើងនៃការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអំពាវនាវឱ្យមានការបញ្ឈប់នូវការវាយប្រហារដ៏កំសាកទាំងនេះ និងឱ្យមានការនាំយកអ្នកប្រព្រឹត្តិអំពើទាំងនេះមកទទួលខុសត្រូវចំពោះមុខច្បាប់»៕