Accessibility links

Breaking News

បទវិចារណកថា៖ ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​មាន​សេវា​ថែទាំ​សុខភាព​ជា​សាកល


រូបឯកសារ៖ បុគ្គលិក​យោធា​អាមេរិក និង​បុគ្គលិក​ទូទៅ​នៅខាង​ក្រៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ក្នុង​តំបន់ Landstuhl នៅ​ប្រទេស​អាល្លឺម៉ង់។
រូបឯកសារ៖ បុគ្គលិក​យោធា​អាមេរិក និង​បុគ្គលិក​ទូទៅ​នៅខាង​ក្រៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ក្នុង​តំបន់ Landstuhl នៅ​ប្រទេស​អាល្លឺម៉ង់។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ការផ្តល់​សេវា​ថែទាំ​សុខភាព គឺជា​ការវិនិយោគ​ទៅ​លើ​ធនធាន​មនុស្ស និង​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច។ វា​រួមចំណែក​ដល់​ការលើក​កម្ពស់​និង​ការការពារ​សិទ្ធិ​មនុស្ស​និង​ជួយ​សម្រួល​ដល់​ការសម្រេច​បាន​ពេញលេញ​នូវ​សក្តានុពល​របស់​មនុស្ស។

ខាងលើ​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​នាំឱ្យ​អង្គការ​សហ​ប្រជាជាតិ​រួមបញ្ចូល​សេវា​ថែទាំ​សុខភាព​សម្រាប់​មនុស្ស​ទាំងអស់គ្នា​ទៅ​ក្នុង​ចំណោម​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​នឹង​ត្រូវ​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ២០៣០។ ដើម្បី​ជួយ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នេះ កាលពី​ដើម​ខែតុលា ឆ្នាំ២០២៣​នេះ អង្គការ​សហ​ប្រជាជាតិ​បាន​អនុម័ត​សេចក្តី​ប្រកាស​ស្តីពី​ការបង្ការ​ជំងឺ​រាតត្បាត ការផ្តល់​សេវា​ថែទាំ​សុខភាព​ជា​សកល និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​របេង។

សហរដ្ឋ​អាមេរិក​អបអរសាទរ​ចំពោះ​ការអនុម័ត​សេចក្តី​ប្រកាស​ទាំងបី​នោះ។ អ្នកស្រី Lisa Carty អ្នក​តំណាង​អចិន្ត្រៃយ៍​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក គឺជា​មេដឹកនាំ​ដែល​មាន​មោទនភាព និង​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ដ៏ធំ​បំផុត​ក្នុង​ផ្នែក​សុខភាព​ពិភពលោក ដោយ​ផ្តល់​ជំនួយ​ដែល​គិតជា​ទឹកប្រាក់​មាន​ចំនួន​ជាង ​១០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ‍»។

អ្នកស្រី Lisa Carty ថ្លែង​ថា៖ «‍សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​នូវ​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់ខ្លួន​ក្នុង​ការពង្រឹង​សន្តិសុខ​ផ្នែក​សុខភាព​ពិភពលោក និង​ការទទួល​ស្គាល់​អំពី​តម្រូវការ​ក្នុង​ការ​ដែល​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​ធានា​ថា ដៃគូ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​បាន​ត្រៀមខ្លួន​កាន់តែ​ល្អ​ជាងមុន​ក្នុង​ការដោះស្រាយ​ការគំរាម​កំហែង​ផ្នែក​សុខភាព​នា​ពេល​អនាគត»។

អ្នកស្រី Lisa Carty ថ្លែង​ទៀត​ថា៖ «‍ពិភពលោក​បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​មាន​មនុស្ស​ជិត​មួយ​ពាន់​លាន​នាក់​បាន​ឆ្លង និង​មនុស្ស​ជាង​៧​លាន​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ ហើយ​ក្នុង​នោះ​ផងដែរ វា​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ជីវភាព​រស់នៅ និង​ប្រព័ន្ធ​សុខាភិបាល»។

អ្នកស្រី Lisa Carty បាន​ថ្លែង​បន្ត​ទៀត​ថា៖ «‍ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​បង្ហាញ​ថា ក្នុង​នាម​ជា​សហគមន៍​សាកល យើង​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុនទេ។ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ចន្លោះ​ប្រហោង​ដែល​បាន​លាតត្រដាង​ឡើង​នៅពេល​ដែល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ ហើយ​យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ពេល​អនាគត។ សហរដ្ឋ​អាមេរិក​កំពុង​បញ្ចូល​អ្វី​ដែល​ខ្លួន​បាន​រៀន​ពី​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ ទៅក្នុង​ចំណាត់​ការ​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ធ្វើ​ជា​បន្ត​បន្ទាប់ ហើយ​បន្ត​ធ្វើការ​ដែល​ជា​ចំណែក​របស់​យើង​ដើម្បី​ត្រៀមខ្លួន និង​ឆ្លើយតប​ទៅនឹង​គ្រា​អាសន្ន​ផ្នែក​សុខភាព​នៅ​លើក​ក្រោយ»។

អ្នកស្រី Lisa Carty ថ្លែង​ទៀត​ថា គេ​គួរ​កត់​សម្គាល់​ថា​ វិធានការ​ទាក់ទង​នឹង​«‍ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​របេង កើតឡើង​នៅ​ក្នុង​ពេល​ដ៏​សំខាន់។ ខណៈពេល​ដែល​ពិភពលោក​នៅតែ​បន្ត​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការផ្តល់​សេវា​ថែទាំ​សុខភាព​ជា​សកល និង​ធ្វើការ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាងមុន​ដើម្បី​រារាំង​មិន​ឱ្យ​មាន​ជំងឺ​រាតត្បាត ការត្រៀម​លក្ខណៈ​និង​ការឆ្លើយតប​នោះ ជំងឺ​របេង​ដែល​ជា​ជំងឺ​មាន​អាយុកាល​ដ៏យូរលង់​និង​ដ៏​អាក្រក់​នេះ បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ១ លាន ៦ សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ»។

អ្នកស្រី Lisa Carty ថ្លែង​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​ជា​ម្ចាស់​ជំនួយ​ទ្វេភាគី​ដ៏ធំ​បំផុត​ក្នុង​ការផ្តល់​ជំនួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​បញ្ចប់​ជំងឺ​របេង ដោយ​កិច្ចប្រឹងប្រែង​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាង ៧៥ លាន​នាក់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ដែល​យើង​បាន​ធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​បញ្ចប់​ជំងឺ​របេង​តាមរយៈ​ការ​តាមដាន កម្មវិធី​នានា និង​កិច្ចខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ។ យើង​នឹង​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ទាំងនេះ ដោយ​រួមទាំង​តាមរយៈ​ការរួម​ចំណែក​របស់​យើង​នៅ​ក្នុង​មូលនិធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់‍»។

អ្នកស្រី Lisa Carty ថ្លែង​ទៀត​ថា៖ «ចំពោះ​ការផ្តល់​សេវា​ថែទាំ​សុខភាព​ជា​សកល​វិញ‍ សហរដ្ឋ​អាមេរិក​សាទរ​ចំពោះ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​អាទិភាព​នេះ ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅរក​ការសម្រេច​បាន​នូវ​សមធម៌​ផ្នែក​សុខភាព​សាកល និង​ការពង្រឹង​សន្តិសុខ​ផ្នែក​សុខភាព​សាកល»៕

XS
SM
MD
LG