Accessibility links

Breaking News

បទវិចារណកថា៖ កសាង​ការការពារ​សាកល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ដែល​ជា​ជនជាតិ​អ៊ូហ្គង់ដា​ម្នាក់ រៀបចំ​វ៉ាក់សាំង​សម្រាប់​ការពារ​ជំងឺ​អេបូឡា។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ដែល​ជា​ជនជាតិ​អ៊ូហ្គង់ដា​ម្នាក់ រៀបចំ​វ៉ាក់សាំង​សម្រាប់​ការពារ​ជំងឺ​អេបូឡា។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បញ្ហា​មួយ​ក្នុង​បណ្តាបញ្ហា​នានា​នៃ​ពិភពលោក​មានការទាក់ទងគ្នាច្រើនជាងមុនគឺ​សមត្ថភាព​របស់​មេរោគក្នុង​ការរាលដាលពាសពេញ​ពិភពលោកតាមល្បឿន​នៃ​យន្តហោះ​ដឹក​អ្នកដំណើរ។ ថ្លែងនៅ​ឯមជ្ឈមណ្ឌល​អភិវឌ្ឍន៍សាកលក្នុងរដ្ឋធានី​វ៉ាស៊ីនតោនកាលពីចុង​ខែ​មេសា ​អ្នក​អភិបាលទីភ្នាក់ងារសហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Samantha Power បាននិយាយ​ថា «​កត្តា​ប្រថុយ​ប្រថានដែល​ជួយឱ្យមានជំងឺ​ថ្មីៗ​លេចឡើង​និងរាលដាលឆាប់រហ័សជាងមុន មានច្រើនលើស​ដើម ហើយវានៅ​តែកើន​ច្រើន​ឡើង​ថែមទៀត»។

លោកស្រី​បាន​និយាយ​ថា៖ «នៅពេល​ដែល​មនុស្ស​បំផ្លាញព្រៃឈើ​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង និងធ្វើ​ផ្ទះ​ជា​លំនៅដ្ឋាន​សម្រាប់ប្រជារាស្ត្រ​ដែលកើន​ច្រើនជាងមុន ហើយនៅពេលដែល​សង្គ្រាម​និងមហន្តរាយធាតុអាកាស​ដូចជា​ភ្លើង​ឆេះព្រៃ​និងការរាំង​ស្ងួត​យូរ​បាន​រុញ​ច្រាន​សត្វ​និងមនុស្សចេញ​ពី​កន្លែង​រស់នៅ​របស់ពួក​គេ សត្វ​ព្រៃ​និងមនុស្ស​នៅជិតគ្នា​ជាងមុន នាំ​ឱ្យ​ជំងឺ​ឆ្លងពីសត្វ​ទៅមនុស្សងាយស្រួល​ជាងមុន។ ហើយ​នៅ​ក្នុង​ពិភពលោក​មានភាព​សាកល​កើនឡើង​ ជំងឺ​ទាំង​នេះ​អាច​រាលដាល​លឿននៅ​ទូទាំង​សហគមន៍ ប្រទេស ​និង​ទ្វីប»។

ជាការពិត ការជួបប្រទះកាលពី​ពេល​ថ្មីៗនេះ​ដោយ​ការ​រាលដាល​ជំងឺឆ្លង​ផ្សេងៗ មានរួមការរាតត្បាត​ជំងឺកូវីដ១៩ ជំងឺ​អាសន្នរោគ​នៅក្នុងប្រទេសច្រើន ​និងការមានជំងឺ Ebola ក្នុងប្រទេស​អ៊ូហ្គង់ដា បញ្ជាក់ច្បាស់​ថា​ ការឆ្លើយតប​នឹងភាពអាសន្នខាងសុខភាពសាកល​ មានសេចក្តី​ត្រូវការបន្ទាន់មួយ​ឱ្យ​មាន​ដំណើរការ​កិច្ចប្រតិបត្តិការ​ជា​ស្តង់ដារ​និង​បែប​ប្រមូល​ផ្តុំ។

លោកស្រី​អភិបាល Power បានថ្លែងថា ព្រោះ​ហេតុនេះហើយបានជា​ទីភ្នាក់ងារ​ USAID បានបង្កើត​ប្រព័ន្ធ​គ្រប់គ្រងភាពអាសន្ន​ខាង​សុខភាពសាកល ដែល​ជាការផ្តើមគំនិតថ្មីមួយ​ដែលនឹង«ជួយយើង​ឱ្យ​ដោះស្រាយ​វិបត្តិ​ជា​ច្រើន​ឱ្យ​បានឆាប់រហ័ស នៅពេល​តែ​មួយ»។

លោកស្រី​បានថ្លែងថា៖ «ប្រវត្តិ​យូរយា​មក​ហើយ​របស់​ទីភ្នាក់ងារ USAID ក្នុង​ការចាត់ចែង​ការឆ្លើយតបឆាប់រហ័ស​និងមាន​ប្រសិទ្ធភាព​ដល់វិបត្តិ​មនុស្សធម៌​បានបង្រៀន​យើងថា ​ជោគជ័យក្នុង​គ្រា​មានអាសន្ន​ពឹងពាក់លើ​ការណ៍នេះ។ ការ​ពឹងពាក់មានលើ​ប្រព័ន្ធមួយ​ដើម្បីឱ្យមានប្រាក់កាសច្រើនជាងមុន​និងបុគ្គលិកនិង​សម្របសម្រួលការឆ្លើយ​តបមួយនៅទូទាំងការិយាល័យ​ពាក់ព័ន្ធ​នៃ​ទីភ្នាក់ងារ USAID និងនៅទាំង​រដ្ឋាភិបាលដ៏ធំរបស់យើង។ ការឆ្លើយតប​ថ្មីដល់គ្រាអាសន្ន​ខាង​សុខភាពសាកល​នឹង​ជួយ​យើង​ក្នុង​ការ​ធ្វើការនេះ»។​

ប្រព័ន្ធ​គ្រប់គ្រងភាពអាសន្ន​ខាង​សុខភាពសាកលនឹង​អាចឱ្យទីភ្នាក់ងារ USAID គាំទ្រ​ក្រុមបុគ្គលិកនៅ​ប្រទេសក្រៅ​ដឹងច្បាស់​បាន​រហ័ស​នូវ​ប្រភពប្រាក់កាសខាង​ការថែទាំ​សុខភាព។​ ប្រព័ន្ធ​នេះ​ក៏​នឹង​អនុញ្ញាតឱ្យមានការបញ្ជូនពួកបុគ្គលិកឱ្យ​បានរហ័ស​ទៅកាន់ប្រទេស​មានបញ្ហាដើម្បីបង្កើន​សមត្ថភាពក្នុងប្រទេស​និង​តំបន់ និង​ដើម្បី​សម្របសម្រួល​ការអនុវត្ត​សេចក្តី​សម្រេច​នៅ​ទូទាំង​ទីភ្នាក់ងារ USAID។ ​ជា​ទីបញ្ចប់ ​ប្រព័ន្ធនេះ​នឹង​ជួយ​ពង្រឹង​ការទាក់ទង​ជា​មួយ​ពួកដៃគូអន្តរទីភ្នាក់ងារ។

លោកស្រី​អភិបាល Power ​បានពោលថា៖ «យើង​ត្រូវ​តែកសាងសមត្ថភាព​ពិភពលោកដើម្បី​បញ្ចៀស ដឹង​ជា​មុន​និង​ឆ្លើយ​តបនឹងការរាលដាលជំងឺ​ឆ្លង​ទាំងអស់-ទោះជា​វាបណ្តាលមក​ពី​ប្រភេទ​កូវីដថ្មីៗ ការគំរាមកំហែង​កំពុងមានឬ​ជំងឺ​កំពុងលេចឡើងក៏ដោយ»។

លោកស្រី Power បាន​មានប្រសាសន៍ទៀត​ថា៖ «ការ​រាលដាលជំងឺ​ជា​គ្រោះថ្នាក់​សន្តិសុខជាតិ​បន្ទាន់ ហើយរដ្ឋាភិបាល​នៅ​ទូទាំងពិភពលោកត្រូវតែដោះស្រាយ​បញ្ហា​ទាំងនេះ​តាមវិធីនេះ-គឺ​កសាងការការពារ​រួមគ្នា​របស់យើងប្រឆាំងនឹងការគំរាមកំហែងខាង​ជីវសាស្ត្រ​ទាំង​នេះ»៕

XS
SM
MD
LG