Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ បន្ត​នាំមុខ​ខាង​ការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ បុគ្គលិក​ផ្នែក​ជំនួយ ពិនិត្យមើល​វ៉ាក់សាំង​កូវីដ១៩​ដែល​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​ស៊ូដង់ ដោយ​កម្មវិធី Covax បន្ទាប់ពី​យន្តហោះ Emirates បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​ក្នុង​រដ្ឋធានី​ខាទុំ កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​ផ្នែក​ជំនួយ ពិនិត្យមើល​វ៉ាក់សាំង​កូវីដ១៩​ដែល​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​ស៊ូដង់ ដោយ​កម្មវិធី Covax បន្ទាប់ពី​យន្តហោះ Emirates បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​ក្នុង​រដ្ឋធានី​ខាទុំ កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក ​បន្ត​នាំមុខ​នៅ​ក្នុង​ការ​ឆ្លើយ​តបជា​សាកលនឹង​ជំងឺ​កូវីដ១៩​តាម​រយៈ​សកម្មភាព ដោយ​លោក​បញ្ជាក់​ថា៖ «យើង​បាន​បង្កើន​ការ​ផលិតជា​ទ្រង់ទ្រាយ​ធំ​នូវ​វ៉ាក់សាំង​ និង​ឧបករណ៍​ជួយ​សង្គ្រោះ​ជីវិត​ដើម្បី​រួមវិភាគទាន​គាំទ្រ​ដល់​យន្តការ​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​អន្តរជាតិ​ដូច​ជា​កម្មវិធី COVAX ហើយ​បាន​បរិច្ចាគ​វ៉ាក់សាំង​ជាង​ ២៣៤ លាន​ដូស​ដល់​ប្រទេស និង​សេដ្ឋកិច្ច​ជាង​១០០ ​នៅ​ជុំវិញពិភពលោក។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា ស្រប​ពេល​ដែល​ការ​ខំប្រឹង​ប្រែង​ទាំង​នោះ​ ជា​ជំហាន​ដ៏​សំខាន់ មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ លោក​រដ្ឋមន្ត្រី​ បាន​ប្រកាស​ពី​គម្រោង​ផ្តួចផ្តើម​ថ្មី៣ ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អំពី​ជំងឺ​កូវីដ១៩ (COVID-19 Ministerial) កាលពី​ពេល​ថ្មីៗ​នេះ។

ទី១ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ដូស​វ៉ាក់សាំង ​បាន​ទៅដល់​ពលរដ្ឋ​ដែល​ត្រូវការ​ ក្រុម Global COVID Corps ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ឯកជន​នាំមុខ​ នឹង​ផ្តល់​ជំនាញ ឧបករណ៍ និង​សមត្ថភាព​ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​គាំទ្រ​កិច្ចខំប្រឹងប្រែង​ភស្តុភា​ និង​ការចាក់​វ៉ាក់សាំង​នៅ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម។ ការ​ខំប្រឹងប្រែង​នេះ ដែល​រួម​មាន​ក្រុមហ៊ុន​សាជីវកម្មពហុជាតិ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នឹង​ធ្វើការ​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​ការ​ចាត់ចែង​ការ​ផ្គត់ផ្គង់ ភស្តុភា​ខាងសង្វាក់​ផ្គត់ផ្គង់​ហេដ្ឋារចនា​សម្ព័ន្ធ​បណ្តាញ​ទីកន្លែងវ៉ាក់សាំង​ និងការធ្វើ​ឲ្យ​ប្រសើរនូវ​កន្លែង​វ៉ាក់សាំង។

ទី២ ធ្វើ​ឲ្យ​ជឿនលឿន​គោលដៅ​នៃ​តម្លាភាព ​និង​ការ​ទទួល​ខុសត្រូវ​និង​តាមដាន​ការ​ឆ្លើយតប។ លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ស្វាគមន៍​ការបង្កើត​វេបសាយ​តាមដាន​ Global COVID-19 Access Tracker។ វេបសាយ​នេះ​ មាន​អាស័យដ្ឋាន​COVID19GLOBALTracker.Org ហើយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការសហការ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អង្គការ​សុខភាព​ពិភពលោក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ធនាគារ​ពិភពលោក​ និង ACT Accelerator នឹង​ត្រូវ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​តាមដាន​ការជឿនលឿន​អំពី​ព័ត៌មាន​ចាប់តាំង​ពី​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំងដល់​ការចូល​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ព័ត៌មាន​អំពីដូស​វ៉ាក់សាំង​ដែល​បានត្រូវសន្យា​ផ្តល់​ឲ្យ​និង​ដូស​វ៉ាក់សាំង​ដែល​បាន​ចែកចាយនៅ​កម្រិតសាកល តំបន់ ​និង​ជាតិ។

ទី៣ វ៉ាក់សាំង​ត្រូវ​តែធ្វើ​ឱ្យ​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ជួយសម្រប​សម្រួល​ឲ្យ​មាន​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Johnson & Johnson និង​កម្មវិធី COVAX ដើម្បី​សម្រប​សម្រួល​ការផ្គត់ផ្គង់​លើក​ទី១​នៃ​ដូស​វ៉ាក់សាំង​កូវីដ១៩​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​មាន​ជម្លោះ ​និង​វិបត្តិ​មនុស្សធម៌​ផ្សេងៗ​ទៀត។

ជា​ទីបញ្ចប់​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ដោះស្រាយ​តម្រូវការ​ដើម្បី​ពង្រីក​ផលិតផល​វ៉ាក់សាំង​សាកល​ និង​គ្រឿង​បរិក្ខា​ពេទ្យ​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​សហរដ្ឋ​អាមេរិក បាន​វិនិយោគ ហើយ​នឹង​បន្ត​គាំទ្រក៏ដូចជា​អ្វី​ដែល​ចាំបាច់​ដើម្បី​ពង្រឹង គ្រប់គ្រង ​និង​ទ្រទ្រង់រចនាសម្ព័ន្ធសន្តិសុខ​សុខាភិបាល​សាកល​ប្រកប​ដោយ​ប្រសិទ្ធិភាព។

សហរដ្ឋ​អាមេរិក នឹង​បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ និងការ​ច្នៃប្រឌិត​ថ្មីៗដើម្បី​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ នៅ​គ្រប់​ទីកន្លែង ​និង​សម្រាប់​មនុស្ស​ទាំង​អស់៕

XS
SM
MD
LG