Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក គាំទ្រ​ការលុបចោល​កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោក Stephen Cornish អគ្គនាយក​មជ្ឈមណ្ឌល​ប្រតិបត្តិការ​នៃ​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន (MSF) តវ៉ា​នៅ​ខាងក្រៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ឲ្យ​លើកលែង​សិទ្ធិ​កម្មសិទ្ធិបញ្ញា​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ១៩ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ លោក Stephen Cornish អគ្គនាយក​មជ្ឈមណ្ឌល​ប្រតិបត្តិការ​នៃ​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន (MSF) តវ៉ា​នៅ​ខាងក្រៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ឲ្យ​លើកលែង​សិទ្ធិ​កម្មសិទ្ធិបញ្ញា​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ១៩ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ បាន​សម្តែង​ការ​គាំទ្រដល់​ការ​លុបចោលកម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩ ​នៅ​ឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

គោល​នយោបាយ​នេះ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ Joe Biden និង​អ្នកស្រី​អនុប្រធានាធិបតី Kamala Harris ត្រូវបានប្រកាស​កាល​ពី​ថ្ងៃទី៥ ​ខែឧសភា ​ដោយ​អ្នកស្រី​ឯកអគ្គរដ្ឋទូត Katherine Tai អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

អ្នកស្រី​បាន​សរសេរ​នៅ​ក្នុងសេចក្តីថ្លែង​ការណ៍មួយ​ថា៖

«នេះ​ជា​វិបត្តិ​សុខភាព​សាកល ហើយ​កាលៈទេសៈ​មិន​ធម្មតា​នៃ​ការ​រាតត្បាតជំងឺ​កូវីដ១៩​នេះ អំពាវនាវ​ឱ្យ​មាន​វិធានការ​សំខាន់ៗជា​បន្ទាន់។ រដ្ឋាភិបាល​អាមេរិកាំង​មាន​ជំនឿយ៉ាង​ខ្លាំង​ទៅ​លើ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា តែ​ដើម្បីជួយបញ្ឈប់ការ​រាតត្បាត​នៃ​ជំងឺ​នេះ សហរដ្ឋ​អាមេរិក​គាំទ្រការលុបចោលការ​ការពារទាំង​នេះសម្រាប់​វ៉ាក់សាំង​កូវីដ១៩»។

នៅ​ក្នុង​សេច​ក្តី​ថ្លែង​របស់​អ្នកស្រី អ្នកស្រី​ឯកអគ្គរដ្ឋទូត Tai បាន​មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក «នឹង​ចូល​រួមយ៉ាង​សកម្មក្នុង​កិច្ច​ចរចា​នៅ​ឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក...កិច្ច​ចរចា​ទាំង​នោះ​ នឹង​ចំណាយ​ពេល​ច្រើនដោយ​សារដំណើរការ​ផ្អែក​លើ​ការមូល​មតិ​គ្នា​នៃ​ស្ថាប័ន​នេះ​និង​ភាព​សាំញ៉ាំ​នៃ​បញ្ហា​ទាក់ទិន»។

ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន បាន​ទទួល​វ៉ាក់សាំង​តែ​បន្តិច​បន្តួច​ ហើយ​កំពុងតស៊ូដើម្បី​ឆ្លើយតប​នឹងកំណើន​ខ្លាំង​នៃជំងឺ​កូវីដ១៩ក្នុងចំណោមប្រជាពលរដ្ឋ​ពួក​គេ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​ស្វាគមន៍​សេចក្តី​សម្រេចរបស់​សហរដ្ឋ​អាមេរិក​ដោយ​លោក​បាន​ហៅ​សេចក្តី​សម្រេច​នេះ​ ថា​ជា «ពេលវេលាធំ​ក្រៃលែង» និង​ជា «ឧទាហរណ៍​ខ្លាំងមួយនៃ​ភាព​ជា​មេដឹកនាំរបស់​អាមេរិកដើម្បី​ពុះពារឧបសគ្គសុខាភិបាលសាកល​នេះ»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Tai បាន​និយាយ​ថា៖

«គោលដៅរបស់​រដ្ឋបាល​អាមេរិក គឺ​ធ្វើ​ឱ្យ​មាន​វ៉ាក់សាំង​ប្រកប​ដោយ​សុវត្ថិភាព​ និង​ប្រសិទ្ធភាពសម្រាប់​មនុស្សឱ្យ​បាន​យ៉ាង​ច្រើនបំផុត​តាម​ដែល​អាច​ធ្វើ​បាន។ នៅ​ពេល​ដែលការ​ផ្គត់ផ្គង់​វ៉ាក់សាំងរបស់​យើង​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំងមាន​គ្រប់គ្រាន់​ហើយ​នោះ រដ្ឋបាល​យើង​នឹង​បន្តកិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​វិស័យ​ឯកជននិង​ពួក​ដៃគូទាំង​អស់ដើម្បី​បង្កើន​ការ​ផលិត​និង​ការ​ចែកចាយ​វ៉ាក់សាំង​ទាំង​នេះ។ រដ្ឋបាល​អាមេរិកាំង ​ក៏​នឹងធ្វើ​ការដើម្បី​បង្កើន​វត្ថុធាតុ​ដើម​ដែលត្រូវការ​សម្រាប់​ផលិត​វ៉ាក់សាំង​ទាំង​នោះផង​ដែរ»៕

XS
SM
MD
LG