Accessibility links

Breaking News

បទវិចារណកថា៖ ភាពជាដៃគូ​ខាងផ្នែក​​សុខាភិបាល​​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នីហ្សេរីយ៉ា


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល រុញ​បំពង់​អុកស៊ីសែន​ដែល​ដាក់​លើ​រទេះរុញ​យក​ទៅ​ដាក់​ឲ្យ​អ្នកជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​ដែល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​មួយ​ក្នុង​ទីក្រុង Lagos នៃ​ប្រទេស​នីហ្សេរីយ៉ា។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល រុញ​បំពង់​អុកស៊ីសែន​ដែល​ដាក់​លើ​រទេះរុញ​យក​ទៅ​ដាក់​ឲ្យ​អ្នកជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​ដែល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​មួយ​ក្នុង​ទីក្រុង Lagos នៃ​ប្រទេស​នីហ្សេរីយ៉ា។

ត​ទៅ​នេះ គឺ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

ប្រទេស​នីហ្សារីយ៉ា​និងសហរដ្ឋអាមេរិក​ បានធ្វើជា​ដៃគូ​នឹងគ្នាជា​ច្រើន​ឆ្នាំមក​ហើយ ​ដើម្បី​កែលម្អ​ប្រព័ន្ធ​ថែ​ទាំ​សុខភាព។​ លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក Antony Blinken បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​មេសា​ថា៖ «ការ​ធ្វើ​ការ​រួម​គ្នារបស់​យើង​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​នីហ្សេរីយ៉ា​ជាង​៦០​លាននាក់ ​តាមរយៈ​កម្មវិធី​នានា​ ដូចជា​កម្មវិធី​បណ្តុះបណ្តាល​ក្រុម​បុគ្គលិក​សុខភាព​សាធារណៈ ​វិនិយោគ​នៅ​តាម​មណ្ឌល​សុខភាព​ និង​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​នូវ​ការ​ទទួល​បាន​ថ្នាំ​ពេទ្យ វ៉ាក់សាំង​ និង​ផ្នែក​សុខភាព​បន្តពូជ»។

ថ្លែង​នៅ​ក្នុង​ពិធី​ភាព​ជាដៃ​គូ​ខាង​សុខភាព​រវាង​សហរដ្ឋអាមេរិនិង​ប្រទេស​នីហ្សេរីយ៉ា​ដែល​បាន​ធ្វើ​ឡើង​តាម​អនឡាញ​ លោក​រដ្ឋមន្ត្រី​ Blinken បាន​កត់​សម្គាល់​ថា៖ «មនុស្ស​ជាង១លាន ៣សែន​នាក់​ ដែល​មាន​ផ្ទុក​វីរុស​ HIV កំពុង​ទទួល​ការ​ព្យាបាល​ស្រោចស្រង់​ជីវិត​តាមរយៈ​កម្មវិធី PEPFAR ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក ជា​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​នៅ​ទូទាំង​ពិភពលោក»។

លោក​ Blinken បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «នេះ​ជា​សមិទ្ធិផល​ដ៏​ធំ​មួយ ​ដែល​កម្មវិធី​នេះ​ឈាន​ទៅ​ជិត​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​នេះ​បាន​យ៉ាង​លឿន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​នេះ។​ គម្រោង​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ បាន​ផ្តល់​ថវិកា​ដើម្បី​ទិញ​មុង​ជ្រលក់​ថ្នាំ ​ចំនួន​៦០លានមុង ​និង​ផ្តល់​ការ​ព្យាបាល​ស្រោចស្រង់​ជីវិត​មនុស្ស១៣០លាននាក់​ ដែល​ការណ៍​នេះ​ បាន​ជួយ​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ជាង​ពាក់​កណ្តាល ​កាល​ពី​ទសវត្សរ៍​មុន​នេះ។ នេះ​ជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​មួយ​។ កាល​ពីឆ្នាំ​ទៅ​មិញ អង្គការ​សុខភាព​ពិភព​លោក WHO ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ​ប្រទេស​នីហ្សេរីយ៉ា​គ្មាន​ជំងឺ​គ្រុនស្វិត​ដៃជើង​ទៀត​ទេ។ នេះ​ជា​សមិទ្ធិផល​ល្អ​បំផុត​សម្រេច​ឡើង​ដោយ​ក្រុម​អ្នក​ធ្វើការ​ជួរ​មុខ ​ដែល​ធ្វើ​ការ​មិន​គិត​ពី​ការ​នឿយហត់ ជា​អ្នក​ដែល​សហរដ្ឋអាមេរិក​មានមោទនភាព​បំផុត​ក្នុង​ការ​គាំទ្រ​តាម​រយៈ​គម្រោង​ផ្តួចផ្តើម​សាកល​លុបបំបាត់​ជំងឺ​គុ្រន​ស្វិត​ដៃ​ជើង»។

នៅ​ពេល​នេះ ​ទាំង​សហរដ្ឋអាមេរិកនិង​ប្រទេសនីហ្សេរីយ៉ា​ ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ លោករដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា៖ «សហរដ្ឋអាមេរិក​ ប្តេជ្ញា​ជួយ​បញ្ចប់​ការ​រាតត្បាត​នេះ​ក្នុង​ប្រទេស​ នីហ្សេរីយ៉ា ​និង​នៅ​គ្រប់​កន្លែង​ផ្សេង​ទៀត»។ លោក​បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា៖

«យើង​បាន​ផ្តល់​វិភាគទាន​២ពាន់លានដុល្លារដល់​កម្មវិធី COVAX ដែល​ជា​កម្មវិធី​ផ្តួចផ្តើម​ចែកចាយ​វ៉ាក់សាំង​កូវីដ​នៅ​ទូទាំង​សាកលលោក។ យើង​បាន​សន្យា​ថា ​នឹង​ផ្តល់​ប្រាក់​២ពាន់លានដុល្លារ​ថែម​ទៀត​នៅ​រវាង​ពេល​នេះ​ និង​ឆ្នាំ២០២២ ​នៅ​ពេល​ណា​ដែល​ប្រទេស​ឯទៀតៗ ​បង្កើន​ការ​ធ្វើ​វិភាគទាន​របស់​ពួកគេ។ ខ្ញុំ​ពេញ​ចិត្ត​ណាស់​ដែល​ដឹង​ថា​ វ៉ាក់សាំ​ង​កូវីដ១៩​ដែល​ផ្តល់​ដោយ​កម្មវិធី COVAX បាន​ដឹកជញ្ជូន​ទៅ​ដល់​ប្រទេស​នីហេ្សរីយ៉ា​ហើយ»។

សហរដ្ឋអាមេរិក​និង​ប្រទេសនីហ្សេរីយ៉ា​ បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​គ្នា​ប្រយុទ្ធ​ប្រឆាំង​រោគ​រាតត្បាត ​ចាត់​វិធានការ​ឆ្លើយតប​នឹង​ការ​ផ្ទុះ​រាលដាល​ជំងឺ ​ប្រតិបត្តិការ​ក្នុង​មន្ទីរ​ពិសោធន៍ ​និង​ការ​បញ្ជូន​វ៉ាក់សាំង។ លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា ​នេះ​ជា​ការ​បន្ត​ការ​បណ្តាក់​ទុន​របស់​យើង​ចំនួន​៥ពាន់លានដុល្លារ​ក្នុង​ភាព​ជាដៃគូ​ជាច្រើន​ទសវត្សរ៍​របស់​យើង​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ ហើយ​វា​ក៏​ជា​សក្ខីភាព​នៃ​ទំនាក់ទំនង​រឹងមាំ​ និង​មាន​ការគោរព​ដែល​យើង​បាន​កសាង​ជា​ច្រើន​ឆ្នាំ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ និង​រវាង​ប្រជារាស្ត្រ​នីហ្សេរីយ៉ា និង​ពលរដ្ឋ​អាមេរិកាំង»។

លោករដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា៖ «ក្នុង​ពេល​ច្រើន​ខែ​និង​ច្រើន​ឆ្នាំ​ខាងមុខ ​លទ្ធភាព​របស់​យើង​ក្នុង​ការ​សហការ​គ្នា​ដើម្បី​កែលម្អ​ប្រព័ន្ធ​សុខភាព​សម្រាប់​ពលរដ្ឋ​នីហ្សេរីយ៉ា​ទាំងអស់ ​នឹង​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ខ្ញុំ​សូម​សម្តែង​ការ​ដឹង​គុណ​ដល់​លោក​អ្នក​ទាំង​អស់​គ្នា​និង​មាន​មោទនភាព​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​ ចំពោះ​ភាពជា​ដៃគូ​ខាង​សុខភាព​ជា​មួយ​ប្រទេសនីហ្សេរីយ៉ា»៕

XS
SM
MD
LG