Accessibility links

Breaking News

បទ​វិចារណកថា៖ ជំនួយ​មនុស្សធម៌​បន្ថែម​សម្រាប់​ប្រទេស​នីហ្សេរីយ៉ា


រូប​ឯកសារ៖ សកម្មភាព​​ការងារ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅនីហ្សេរីយ៉ា។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ប្រកាស​កាលពី​ពាក់​កណ្ដាល​ខែ​មីនាថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជិត ១០៤ លាន​ដុល្លារ ដើម្បី​ជួយ​សម្រាល​វិបត្តិ​ដែល​កំពុង​កើតឡើង​ជា​បន្ត​នៅ​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា។

ករណី​នេះ​ធ្វើ​ឲ្យ​ជំនួយ​មនុស្ស​ធម៌​សរុប​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​នីហ្សេរីយ៉ា​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២០ និង ២០២១ មាន​ចំនួន​រហូត​ទៅ​ដល់​ជាង ៥០៥ លាន​ដុល្លារ។

សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ ហើយ​នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដ៏​សំខាន់​ដល់​ប្រជាពលរដ្ឋ​នីហ្សេរីយ៉ា។ សហរដ្ឋ​អាមេរិក​ក៏​ស្វាគមន៍​ផងដែរ​នូវ​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេង​ទៀត ដើម្បី​ជួយ​ផ្ដល់​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ពលរដ្ឋ​នីហ្សេរីយ៉ា​ដែល​ងាយ​រងគ្រោះ និង​សហគមន៍​ដែល​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​ពួកគេ។

អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយ រដ្ឋ Adamawa រដ្ឋ Borno និង​រដ្ឋ Yobe នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​រង​ការ​វាយ​ប្រហារ​ជា​ញឹកញាប់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ក្រុម​បូកូហារ៉ាំ (Boko Haram) និង​ក្រុម​ភេរវជន​អាយស៊ីស​អាហ្វ្រិក​ខាង​លិច (ISIS-West Africa)។ តំបន់​ទាំង​នេះ​ភាគ​ច្រើន​គឺជា​តំបន់​ដាច់​ស្រយាល ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជីវិត​តាម​រយៈ​ការ​ដាំដុះ។

អំពើ​ហិង្សា​ដែល​កើតឡើង​ជា​ញឹកញាប់​បាន​បង្អាក់​ដល់​ការងារ​ស្រែ​ចម្ការ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​ធំធេង​តាំងពី​ឆ្នាំ ២០១៣ មក។ ពលរដ្ឋ​ជិត ២ លាន ៣ សែន​នាក់ បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ដោយសារ​អំពើ​ហិង្សា​និង​ភាព​អត់ឃ្លាន។ ទោះបីជា​អ្នក​ខ្លះ​បាន​រត់​ទៅ​ជ្រកកោន​នៅ​តាម​ប្រទេស​ជិតខាង​ក៏ដោយ ក៏​ភាគ​ច្រើន​នៃ​អ្នក​ខ្ចាត់ព្រាត់​ទាំង​នេះ​រស់នៅ​តាម​ជំរំ និង​សហគមន៍​នានា​ដែល​ទទួល​ពួកគេ​ឲ្យ​ស្នាក់នៅ​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា។

សព្វថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​បាន​ប្រមើល​មើល​ថា មនុស្ស ៨ លាន ៧ សែន​នាក់​នៅ​ទូទាំង​រដ្ឋ Adamawa រដ្ឋ Borno និង​រដ្ឋ Yobe នឹង​ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ ដោយ​ក្នុង​នោះ មនុស្ស ៦ លាន ៤ សែន​នាក់​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត​បន្ទាន់។

ការ​វាយ​ប្រហារ​ពី​ក្រុម​ប្រដាប់​អាវុធ​នានា​បាន​បង្អាក់​ដល់​លទ្ធភាព​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅកាន់​តំបន់​រងគ្រោះ ដោយ​ធ្វើ​ឲ្យ​ស្ថានការណ៍​ដែល​ធ្ងន់ធ្ងរ​ស្រាប់​រួច​ទៅ​ហើយ​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន​បន្ថែម​ទៀត។

កាលពី​ខែ​កុម្ភៈ​និង​ខែ​មីនា ក្រុម​ភេរវជន​បាន​ធ្វើ​ការ​វាយ​ប្រហារ​មួយ​ចំនួន​លើ​ទីតាំង​របស់​រដ្ឋាភិបាល ជំរំ​ស្នាក់នៅ​របស់​ជន​ខ្ចាត់ព្រាត់ និង​ទីតាំង​ជំនួយ​មនុស្សធម៌​នានា ដោយ​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង និង​រឹតតែ​បង្អាក់​ដល់​ប្រតិបត្តិការ​ជំនួយ​មនុស្សធម៌។

ទោះជា​យ៉ាងណា​ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក​និង​ដៃគូ​របស់​ខ្លួន​នៅ​បន្ត​បញ្ជូន​ជំនួយ​ដ៏​សំខាន់​ទៅកាន់​តំបន់​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា។ ជំនួយ​មនុស្សធម៌​ជិត ១០៤ លាន​ដុល្លារ ដែល​បាន​ប្រកាស​កាលពី​ខែ​មីនា​នឹង​ជួយ​ផ្ដល់​នូវ​សេចក្ដី​ត្រូវការ​ចាំបាច់​នានា​ដូចជា​ម្ហូប​អាហារ អាហារ​រូបត្ថម្ភ ទឹក ការ​ផ្គត់ផ្គង់​ខាង​សុខភាព និង​ទី​ជម្រក​ជាដើម។

ថវិកា​ទាំង​នេះ​ក៏​នឹង​ផ្ដល់​សម្រាប់​ការ​កែលម្អ​អនាម័យ ការ​ការពារ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត និង​កម្មវិធី​សម្របសម្រួល​មនុស្សធម៌​សម្រាប់​សហគមន៍​នានា​ដែល​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ផងដែរ។

សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​នេះ ហើយ​នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​ដល់​ប្រជាពលរដ្ឋ​នីហ្សេរីយ៉ា៕

XS
SM
MD
LG