Accessibility links

Breaking News

បទ​វិចារណកថា៖ ជំនួយ​ថ្មី​ដល់​ប្រទេស​ថៃ និង​ប្រជារាស្ត្រ​ភូមា


ពលករ​ចំណាកស្រុក​ម្នាក់ ទទួល​ការចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដូស​ដំបូង ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​កាកបាទ​ក្រហម​ថៃ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ប្តេជ្ញា​ដឹក​នាំការ​ឆ្លើយ​តបជាសាកលដល់​ការរាតត្បាតជា​សាកល​នៃ​ជំងឺ​កូវីដ​១៩។ រហូតមក​ដល់​ពេល​នេះ ​យើង​បាន​ចែកចាយវ៉ាក់សាំង​ជាង១១០លាន​ដូសជាសាកល​ និង​កំពុង​ចាត់​ចែងផ្តល់​ជាង៥០០លាន​ដូស​ទៀតដល់ប្រទេស​ជាង ១០០។ សហរដ្ឋ​អាមេរិក មិន​បានសុំ​ឱ្យ​ប្រទេ​ស​ទាំ​ង​នេះ ​បង់​ប្រាក់​ទេ ​ហើយ​ក៏គ្មានចំណងភ្ជាប់​ជា​មួយការផ្តល់​វ៉ាក់សាំង​ទាំង​នេះ​ដែរ។

នៅ​ក្នុងដំណើរ​ទស្សនកិច្ច​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះទៅ​កាន់​ប្រទេស​ថៃ លោកស្រី Linda Thomas-Greenfield ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួ​យមនុស្សធម៌​ជាង ៥០លាន​ដុល្លារឱ្យប្រជារាស្ត្រ​ភូមា ដោយមានរួម​បញ្ចូលក្រុម​ជន​ត្រូវ​បង្ខំឱ្យ​រត់​គេចខ្លួនពី​អំពើ​ហិង្សា និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផង​ដែរ។ បន្ថែមលើ​នេះ លោកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​ប្រកាស​អំពី​ជំនួយ ៥លាន​ដុល្លារសម្រាប់​ជួយ​ប្រទេស​ថៃ ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ផង​ដែរ។

លោក Ned Price អ្នកនាំពាក្យ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា៖ «ការផ្តល់​ប្រាក់ជំនួយ​នេះ មាន​ឡើង​នៅ​ពេលសំខាន់​មួយនៃកំណើនសេចក្តី​ត្រូវកា​រខាងមនុស្សធម៌​ ហើយ​នឹង​ជួយ​សម្រាលផល​ប៉ះពាល់របស់ជំងឺ​កូវីដ១៩​លើ​ជីវិតប្រជារាស្ត្រនៃ​ប្រទេស​ថៃ​ និងប្រទេស​ភូមា»។

ប្រាក់ ​៥លាន​ដុល្លារក្នុងបណ្តា​ទឹក​ប្រាក់ថ្មី​នេះ នឹង​ផ្តល់ការគាំទ្រ​ដល់​ពួកអ្នក​រាជការខាងសុខាភិបាល​ថៃដែល​ចាក់វ៉ាក់សាំងឱ្យ​ប្រជារាស្ត្រ។ ប្រាក់​នេះ ក៏​ជួយពង្រឹងសមត្ថភាពនៃ​ប្រព័ន្ធ​សុខាភិបាលថៃដើម្បី​ឆ្លើយ​តប​នឹងជំងឺ​កូវីដ១៩​ផង​ដែរ។

លោក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍​ថា ប្រាក់​សល់ពី​កញ្ចប់​ជំនួយ​នេះ​ ៥០លាន​ដុល្លារ នឹង​ផ្តល់ជំនួយមនុស្សធម៌ចាំបាច់​ដល់​ប្រជារាស្ត្រ​ភូមា។ ប្រាក់​នេះ​ ក៏​ជួយ​ក្រុម​ជនខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែង​ដែល​ត្រូវ​បានបង្ខំ​ឱ្យរត់គេច​ខ្លួន​ពី​អំពើ​ឃោរឃៅ​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

លោក​ស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield បាននិយាយ​ថា «ប្រាក់​ ៥០​លាន​ដុល្លារនៃជំនួយ​មនុស្សធម៌ នឹងហូរ​ដោយ​ផ្ទាល់តាមរយៈ​ដៃគូ​ជាអង្គការ​អន្តរជាតិ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលដើម្បី​ផ្តល់ជំនួយ​ម្ហូប​អាហារគ្រាអាសន្ន​ ​ការការពារ​ជីវិត ទីជម្រក ការថែទាំ​សុខភាពចាំបាច់ ទឹកនិង​សេវា​អនាម័យដល់​ក្រុម​ជន​ងាយ​រងគ្រោះមក​ពី​ប្រទេស​ភូមា ដោយ​មានរួម​បញ្ចូលជនភៀសខ្លួន និង​ពួក​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែងជាង ៧​សែន​នាក់ផង​ដែរ។ ទឹកប្រាក់​ទាំង​នេះ នឹង​ជួយ​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា ប្រទេស​ថៃ អង្គការ​ក្រៅរដ្ឋាភិបាល និង​អង្គការអន្តរជាតិ​ អាច​ឆ្លើយ​តប​នឹង​វិបត្តិកូវីដ​ និង​បំពេញ​សេច​ក្តី​ត្រូវ​ការរបស់​ប្រជារាស្ត​ងាយ​រង​គ្រោះ​ ជាពិសេសនៅ​ក្នុងតំបន់ព្រំដែន​ថៃ»។

លោក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ទៀត​ថា «នេះ​ជា​ពេល​វេលា​ពិបាកខ្លាំង​ណាស់នៅ​ទី​នេះ ​និងនៅ​ទូទាំង​ពិភពលោក។ ហើយ​ខ្ញុំ​ចង់ឱ្យ​ប្រជារាស្ត្រ​ថៃ​ដឹង​ថា សហរដ្ឋ​អាមេរិក នឹង​បន្តឈរជា​មួយ​អស់លោកអ្នកត​ទៅ​ទៀត»។

សហរដ្ឋ​អាមេរិក សុំ​ដល់​ប្រទេស​ និង​អង្គការ​ផ្តល់​ជំនួយ​ឯ​ទៀតៗឱ្យគាំទ្រដោយ​ចិត្ត​សប្បុរស​ដល់សេចក្តី​ត្រូវការខាង​មនុស្សធម៌គ្រា​មាន​អាសន្ន​នៃ​ប្រជារាស្ត្រ​ភូមា។ យើង​សុំ​បន្ថែម​ទៀត​ដល់​សហគមន៍អន្តរជាតិ​ឱ្យចូល​រូមជា​មួយ​យើង​ក្នុង​ការចាត់វិធានការ​ថែម​ទៀតដើម្បីប្រយុទ្ធនឹង​ជំងឺ​កូវីដ១៩​ និង​បញ្ចប់​ការរាតត្បាត​ជា​សាកល​នៃជំងឺ​នេះ​នៅក្នុង​ប្រទេស​ថៃ និង​នៅទូទាំង​ពិភពលោក៕

XS
SM
MD
LG