តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ដោយសារតែការលេចឡើងនូវវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) និងការប្រឈមជាបន្តនៃលទ្ធភាពស្មើភាពគ្នានៅក្នុងការទទួលបានសេវាព្យាបាលសង្គ្រោះជីវិត និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិភពលោកកំពុងស្ថិតនៅក្នុងចំណុចសំខាន់មួយនៅក្នុងការទប់ទល់នឹងជំងឺនេះជាសាកល។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
ដោយសារតែមូលហេតុនេះហើយ បានជាសហរដ្ឋអាមេរិកផ្ដល់ជំនួយបន្ថែមទៀតចំនួន ៥៨០ លានដុល្លារ ពីកញ្ចប់ថវិកានៃច្បាប់ផែនការសង្គ្រោះសហរដ្ឋអាមេរិក (American Rescue Plan Act) ដើម្បីគាំទ្រអង្គការអន្តរជាតិចំនួន ៧ ដែលកំពុងធ្វើការជាសាកលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចែកចាយវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៣៥០ លានដូស ដល់ប្រទេសជាង ១១០ នៅលើពិភពលោក។ សហរដ្ឋអាមេរិក កំពុងផ្ដល់ថវិកាចំនួន ១៩ ពាន់ ៦ រយលានដុល្លារ សម្រាប់ជំនួយផ្នែកសុខាភិបាល សេដ្ឋកិច្ច និងមនុស្សធម៌ ទាក់ទិននឹងវិបត្តិជំងឺកូវីដ១៩ ទៅឱ្យដៃគូរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ និងផលប៉ះពាល់របស់វា។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ការឆ្លងរាលដាលលឿនបំផុតនៃវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង បានជំរុញបន្ថែមថា យើងទាំងអស់គ្នា ត្រូវតែបន្តបង្កើនកិច្ចប្រឹងប្រែងរបស់យើងដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ ហើយគ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេ លុះត្រាតែយើងទាំងអស់គ្នាមានសុវត្ថិភាព»។
តាមរយៈជំនួយបន្ថែមចំនួន ៥៨០ លានដុល្លារនេះ សហរដ្ឋអាមេរិក នឹងគាំទ្រដល់ដៃគូដូចនេះចំនួន ៧ ដើម្បីជំរុញទៅមុខនូវកិច្ចការដ៏សំខាន់ដែលពួកគេកំពុងធ្វើនៅក្នុងការជួយបញ្ចប់ជំងឺកូវីដ១៩។
នៅក្នុងថវិកាជំនួយនេះ ថវិកាចំនួន ២៨០ លានដុល្លារ គឺសម្រាប់អង្គការសុខភាពពិភពលោក (WHO) ហើយក្នុងចំណោមថវិកាចំនួន ២៨០ លានដុល្លារនោះ ថវិកាចំនួន ៥០ លានដុល្លារ គឺជាថវិកាបម្រុងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាបន្ទាន់ ដើម្បីជួយទប់ទល់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសតាមរយៈការតាមដាន និងការធ្វើតេស្តនៅមន្ទីរពិសោធន៍។
ថវិកាចំនួន ១៧០ លានដុល្លារទៀត គឺសម្រាប់អង្គការយូនីសេហ្វ (UNICEF) ដើម្បីពង្រីកកិច្ចប្រឹងប្រែងរបស់ខ្លួននៅក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩ នៅជំុវិញពិភពលោក ដែលក្នុងនោះ រួមមានទាំងការចែកចាយដល់ប្រជាពលរដ្ឋដែលប្រឈមនឹងហានិភ័យខ្ពស់ និងងាយរងគ្រោះផងដែរ។
ថវិកាចំនួន ៧៥ លានដុល្លារទៀត គឺសម្រាប់ផ្គត់ផ្គង់ដល់អង្គការ Pan American Health Organization ដើម្បីផ្ដល់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសគាំទ្រដល់ការអនុវត្ត និងការតាមដានការចាក់វ៉ាក់សាំងកូវីដ១៩ នៅទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូង។
រីឯថវិកា ២០ លានដុល្លារទៀត គឺសម្រាប់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីជួយដោះស្រាយផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
ចំណែកឯថវិកា ២០ លានដុល្លារផ្សេងទៀត គឺសម្រាប់ជួយអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយអត្រាខ្ពស់នៃការស្លាប់ និងការធ្លាក់ខ្លួនឈឺរបស់មាតានិងទារក ទាក់ទិនទៅនឹងជំងឺកូវីដ១៩។
ជាងនេះទៀត ថវិកាចំនួន ១០ លានដុល្លារផ្សេងទៀត គឺសម្រាប់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ នៅក្នុងការធ្វើឱ្យប្រសើរឡើងនូវការតាមដានសុខភាព ការព្រមានជាមុន និងមធ្យោបាយវាយតម្លៃអំពីហានិភ័យសម្រាប់ជំងឺដែលឆ្លងពីសត្វទៅមនុស្ស ហើយថវិកា ៥ លានដុល្លារទៀត នឹងផ្ដល់ជូនកម្មវិធីនានារបស់អង្គការសហប្រជាជាតិដែលផ្ដោតលើស្ត្រី ដើម្បីបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាយេនឌ័រ។
ធនធានទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិកដែលចង់ឃើញពិភពលោកមួយមានសុវត្ថិភាពជាងមុន ហើយប្រជាពលរដ្ឋនៅលើពិភពលោកមានសុខភាពប្រសើរជាងមុន ស្របទៅនឹងការតាំងចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការលើកកម្ពស់មហិច្ឆតារបស់ពិភពលោកនៅក្នុងការបញ្ចប់ជំងឺកូវីដ១៩ នៅឆ្នាំ ២០២២ នេះ៕