Accessibility links

Breaking News

បទវិចារណកថា៖ ការគ្រប់គ្រង​ជំងឺ​កូវីដ១៩ នៅ​ពេល​បច្ចុប្បន្ន និង​ការបង្ការ​ជំងឺ​រាតត្បាត​ថ្មី​នៅ​ពេល​អនាគត


រូបឯកសារ៖ ឱសថការី​ម្នាក់​រៀបចំ​ចាក់​វ៉ាក់សាំង Pfizer នៅ​កន្លែង​ចាក់​វ៉ាក់សាំងមួយកន្លែង។
រូបឯកសារ៖ ឱសថការី​ម្នាក់​រៀបចំ​ចាក់​វ៉ាក់សាំង Pfizer នៅ​កន្លែង​ចាក់​វ៉ាក់សាំងមួយកន្លែង។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​នាម​ជា​សហគមន៍​អន្តរជាតិ យើង​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ​ជំងឺ​កូវីដ១៩។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កំពូល​លើក​ទី​ពីរ​ស្ដីពី​ជំងឺ​កូវីដ១៩ ថា៖ «ប៉ុន្តែ​ប្រសិនបើ​គ្មាន​សកម្មភាព​ជា​បន្ត​ទេ ជីវិត​និង​ជីវភាព​រស់នៅ​របស់​មនុស្ស​នឹង​បន្ត​ជួប​ហានិភ័យ។ យើង​ទាំង​អស់​គ្នា​រួម​គ្នា​ទាំង​ពាក្យ​សម្ដី​និង​សកម្មភាព​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ច្បាស់​ថា ភាព​សោមនស្ស​រីករាយ​មិន​មែន​ជា​ជម្រើស​នោះ​ទេ [វា​គឺ​ជា​អ្វី​ដែល​មនុស្ស​គួរតែ​ទទួល​បាន]»។

អ្នកស្រី Harris បាន​ថ្លែង​ថា៖ «យើង​មាន​គោលដៅ​ពីរ។ ទី​មួយ យើង​ត្រូវតែ​បន្ត​ឆ្លើយតប​ចំពោះ​ការ​គំរាមកំហែង។ និង​ទី​ពីរ យើង​ត្រូវតែ​ត្រៀម​លក្ខណៈ​សម្រាប់​ពេល​អនាគត។ ដរាប​ណា​វីរុស​ជំងឺ​កូវីដ១៩ នៅតែ​មាន​នៅ​ក្នុង​ប្រទេស​ណា​មួយ ដរាប​នោះ​វា​នៅតែ​ប៉ះពាល់​ដល់​យើង​ទាំង​អស់​គ្នា»។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​មិត្តភក្តិ សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​បង្កើន​កិច្ច​ប្រឹងប្រែង​ឱ្យ​បាន​ទ្វេ​ដង​ដើម្បី​គ្រប់គ្រង​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​បញ្ហា​អាសន្ន​ផ្នែក​សុខភាព​នៅ​ពេល​អនាគត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​ថា៖ «សន្និសីទ​កំពូល​នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​បន្ត​ឡើង​វិញ​នូវ​កិច្ច​ប្រឹងប្រែង​របស់​យើង ដើម្បី​អនុវត្ត​ឱ្យ​បាន​ឆាប់​ប្រកប​ដោយ​ការ​តាំងចិត្ត​ខ្ពស់ នៅ​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ​ជំងឺ​នេះ​និង​បង្ការ​វិបត្តិ​សុខភាព​ផ្សេង​ទៀត​នៅ​ពេល​អនាគត»។

សហរដ្ឋ​អាមេរិក​កំពុង​នាំមុខ​នៅ​ក្នុង​ការ​វិនិយោគ​លើ​កិច្ច​ប្រឹងប្រែង​ជា​សាកល​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​លើ​ពិភពលោក នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​នៅ​ក្នុង​ការ​លើក​កម្ពស់​សន្តិសុខ​សុខាភិបាល​ដើម្បី​បង្ការ​វិបត្តិ​សុខភាព​នានា​នៅ​ពេល​អនាគត។

ដោយ​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​នឹង​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​កម្មវិធី African Vaccine Acquisition Trust របស់​សហភាព​អាហ្វ្រិក ក៏​ដូចជា​ធ្វើការ​មួយ​ទល់​នឹង​មួយ​ជាមួយ​នឹង​ប្រទេស​នីមួយៗ សហរដ្ឋ​អាមេរិក​បាន​បរិច្ចាគ​វ៉ាក់សាំង​កូវីដ១៩ ជាង ៥៣៩ លាន​ដូស​ដល់​ប្រទេស​ចំនួន ១១៥ នៅ​លើ​ពិភពលោក និង​បាន​ផ្ដល់​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ការ​ព្យាបាល​ជំងឺ​កូវីដ១៩ និង​គ្រឿង​បរិក្ខា​ផ្សេងៗ​ទៀត។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សហរដ្ឋ​អាមេរិក​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ជាច្រើន​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ផ្សេង​ទៀត​នៅ​ពេល​អនាគត។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា នៅ​ថ្ងៃ​អនាគត «សហរដ្ឋ​អាមេរិក​នឹង​ចែក​រំលែក​បច្ចេកវិទ្យា​សំខាន់​ផ្នែក​ជំងឺ​កូវីដ១៩ តាម​រយៈ​កម្មវិធី COVID-19 Technology Access Pool របស់​អង្គការ​សុខភាព​ពិភពលោក»។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ចែក​រំលែក​បច្ចេកវិទ្យា​ផ្នែក​សុខភាព​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រូតេអ៊ីន​បន្លា (spike protein) ដែល​មិន​ប្រែប្រួល​ផង​ដែរ ដែល​គេ​ប្រើ​នៅ​ក្នុង​វ៉ាក់សាំង​កូវីដ១៩ ជា​ច្រើន»។

លោក Biden បាន​បន្ត​ថា៖ «ដោយ​ធ្វើការ​ជាមួយ​នឹង​អង្គការ​មូលនិធិ​សាកលលោក (The Global Fund) យើង​កំពុង​រៀបចំ​បង្កើត​កម្មវិធី​សាកល្បង​ថ្មី​មួយ​ដើម្បី​ពង្រីក​លទ្ធភាព​នៅ​ក្នុង​ការ​ទទួល​បាន​ការ​ធ្វើ​តេស្ត​រហ័ស​និង​ការ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​គេ​ពិបាក​ទៅ​ដល់»។

លោក​បាន​បន្ថែម​ថា៖ «ជាង​នេះ​ទៀត យើង​កំពុង​បង្កើន​ការ​គាំទ្រ​របស់​យើង​ចំពោះ​មូលនិធិ​អន្តរការី​ហិរញ្ញវត្ថុ​សម្រាប់​ការ​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​ថ្មី​និង​សន្តិសុខ​សុខភាព​សាកលលោក ដែល​នឹង​បង្កើត​ឡើង​នៅ​ធនាគារ​ពិភពលោក​នៅ​រដូវ​ក្ដៅ​នេះ​ដោយ​មាន​ថវិកា​ចាប់ផ្ដើម​ដំបូង​ចំនួន ៤៥០ លាន​ដុល្លារ»។

លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ទៀត​ថា៖ «យើង​ទាំង​អស់​គ្នា​នឹង​ប្រឈម​នឹង​វិបត្តិ​សុខភាព​សាកលលោក ...ដោយ​គ្រាន់តែ​មិន​ដឹង​ថា​ពេល​ណា​នោះ​ទេ។ យើង​ត្រូវតែ​ចាប់ផ្ដើម​ធ្វើការ​ដើម្បី​បង្ការ​វីរុស​ជំងឺ​កូវីដ១៩ ប្រភេទ​ថ្មី​និង​ជំងឺ​រាតត្បាត​ថ្មី​ផ្សេង​ទៀត​នៅ​ពេល​ឥឡូវ​នេះ។ ...ករណី​នេះ​តម្រូវ​ឱ្យ...យើង​ទាំង​អស់​គ្នា​ធ្វើ​កិច្ចការ​បន្ថែម​ទៀត»៕

XS
SM
MD
LG