តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Biden បានសន្យាថា នឹងបែងចែកវ៉ាក់សាំងកូវីដ១៩ មួយពាន់ពីររយលានដូសជាមួយពិភពលោក។ កាលពីថ្ងៃទី១៧ មីនា សហរដ្ឋអាមេរិក បានសម្រេចគោលដៅសំខាន់មួយតាមរយៈការឆ្លើយតបជាសាកលរបស់ខ្លួនដល់ការកម្ចាត់ជំងឺកូវីដ១៩។ លោកស្រី Mary Beth Goodman អ្នកសម្របសម្រួលស្តីទីសម្រាប់ការឆ្លើយតបសាកលប្រឆាំងនឹងជំងឺកូវីដ១៩ និងសន្តិសុខសុខភាពបាននិយាយថា «នៅពេលនេះ សហរដ្ឋអាមេរិក បានផ្តល់វ៉ាក់សាំងកូវីដ១៩ ជាង៥រយលានដូសដល់ប្រទេសជាង១១០ នៅទូទាំងពិភពលោកក្នុងភាពជាដៃគូជាមួយកម្មវិធី COVAX»។
លោកស្រី Goodman បាននិយាយថា៖ «ជំនួយវ៉ាក់សាំងនេះ មានបន្ថែមលើប្រាក់ជិត ២០ពាន់លានដុល្លារក្នុងជំនួយខាងសុខាភិបាល មនុស្សធម៌ ខាងសេដ្ឋកិច្ច និងការអភិវឌ្ឍដល់ប្រទេសជាង១២០ ដោយមានរួមបញ្ចូលការឆ្លើយតបរហ័សសម្រាប់សេចក្តីត្រូវការបន្ទាន់ និងជំនួយបច្ចេកទេសដើម្បីឱ្យមានវ៉ាក់សាំងច្រើនជាងមុនផងដែរ»។
ជោគជ័យនៃកម្មវិធីនេះ ជាលទ្ធផលនៃការសម្របសម្រួល និងសហការមិនធ្លាប់មានពីពេលមុនៗជាមួយពួកដៃគូរាប់រយនៅទូទាំងពិភពលោក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរថា «យើងធ្វើការគ្មានហត់នឿយជាមួយរដ្ឋាភិបាល និងអង្គការអន្តរជាតិ ក្រុមហ៊ុនផលិតវ៉ាក់សាំង អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងក្រុមឯទៀតៗ ដើម្បីប្រគល់វ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំង បង្កើនការធ្វើតេស្ត និងការព្យាបាល គាំទ្រ និងការពារក្រុមអ្នកធ្វើការខាងសុខាភិបាល ។ល។ ដោយមានរួមបញ្ចូលតាមរយៈផែនការសកម្មភាពសាកលប្រឆាំងនឹងកូវីដ១៩ ផងដែរ»។
ជាការពិត ចាប់ពីការមានវ៉ាក់សាំងរហូតដល់ការប្រគល់វ៉ាក់សាំងដោយសុវត្ថិភាពដល់មន្ទីរពេទ្យនិងគ្លីនីក រហូតដល់ការចាក់វ៉ាក់សាំង សហរដ្ឋអាមេរិក មានភាពដៃគូជាមួយអង្គការសាកលនិងតំបន់ ដោយមានរួមបញ្ចូល COVAX និងអង្គការ African Vaccine Acquisition Trust ហើយបានទាក់ទងជាមួយពួកមេដឹកនាំក្នុងតំបន់ និងអង្គការសហគមន៍នៅទូទាំងពិភពលោក។ នៅកម្រិតមូលដ្ឋាន ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ប្រាក់ជំនួយរហូតដល់១ម៉ឺនដុល្លារ ចំនួន១០០ ដើម្បីប្រើក្នុងគម្រោងការបញ្ចូលរបៀបថ្មីៗ ដើម្បីដោះស្រាយបញ្ហាកូវីដក្នុងតំបន់។
អ្នកសម្របសម្រួលស្តីទីលោកស្រី Goodman បានថ្លែងថា «វ៉ាក់សាំងទាំងនេះ មានសុវត្ថិភាព ប្រសិទ្ធភាព និងជាជំនួយដោយគ្មានអស់ប្រាក់កាសទេ»។ លោកស្រីបានថ្លែងថា៖ «សហរដ្ឋអាមេរិក ផ្តល់ជំនួយវ៉ាក់សាំងដោយមានគោលដៅមួយ គឺជួយជីវិតមនុស្សនៅទូទាំងពិភពលោក។ ការរាតត្បាតជំងឺនេះ មិនទាន់ចប់ទេ។ ជាការចាំបាច់ដាច់ខាតត្រូវតែមានវ៉ាក់សាំងដើម្បីឱ្យយើងបញ្ចៀសកុំឱ្យវីរុសបំប្លែងថ្មីឆ្លងពាសពេញពិភពលោក ដូចដែលយើងបានឃើញជាមួយវីរុសប្រភេទ Delta (ដែលតា) និងប្រភេទឯទៀតៗ»។
លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា «ការងារនេះ សំខាន់ណាស់ ពីព្រោះការរាតត្បាតជំងឺនេះ មិនទាន់ចប់ទេ។ ជីវិតមនុស្សច្រើននាក់ កំពុងប្រថុយប្រ ថានជាសាកល ពីព្រោះប្រទេសជាច្រើនមានវីរុសប្រភេទ Omicron ហើយយើងប្រឈមនឹងលទ្ធភាពនៃការមានវីរុសប្រភេទផ្សេងៗទៀត»។
លោក Blinken បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយក្រុមដៃគូ និងសហគមន៍នៅគ្រប់កម្រិតទាំងអស់ដើម្បីជួយជីវិតមនុស្ស និងប្រុងប្រៀបឱ្យបានល្អជាងមុនសម្រាប់ទប់ទល់នឹងការរាតត្បាតនៅពេលខាងមុខទៀត»៕