Accessibility links

Breaking News

បទវិចារណកថា៖ ការប្រយុទ្ធ​នឹង​ជំងឺ​អេបូឡា មាន​ធ្វើ​តទៅ​ទៀត


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ដែល​ពាក់​ឯកសណ្ឋាន​ការពារ ពិនិត្យមើល​អ្នកជំងឺ​អេបូឡា​ដែល​បាន​រក្សាទុក​នៅក្នុង​តង់​ដាច់ឆ្ងាយ​ពី​គេ​មួយ​នៅ​ទីក្រុង​បេនី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ដែល​ពាក់​ឯកសណ្ឋាន​ការពារ ពិនិត្យមើល​អ្នកជំងឺ​អេបូឡា​ដែល​បាន​រក្សាទុក​នៅក្នុង​តង់​ដាច់ឆ្ងាយ​ពី​គេ​មួយ​នៅ​ទីក្រុង​បេនី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ចុង​ខែ​មីនា លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​ Antony Blinken បានប្រកាសថា​ ស.រ.អ.​ បាន​ចាត់​ថវិកា​រហូត​ដល់​៣០លានដុល្លារ​ជា​ជំនួយ​គាំទ្រ​ដល់​ការ​ឆ្លើយតប​ឆាប់​រហ័ស​នៃ​ការ​រាតត្បាត​នៃ​ជំងឺអេបូឡា​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ និង​សាធារណរដ្ឋហ្គីណេ។ ប្រាក់​ជំនួយ​នេះ ​ក៏​នឹង​ជួយ​ពង្រឹង​ការ​ប្រុងប្រៀប​ទប់ទល់​នឹង​ជំងឺអេបូឡា​នៅ​ក្នុង​ចំណោម​ប្រទេស​មានហានិភ័យ​ខ្ពស់​ជាប់​ព្រំដែន​គ្នា ​គឺ​ប្រទេសកូដឌឺវ័រ លីបែរីយ៉ា ម៉ាលី រវ៉ាន់ដា សេណេហ្គាល់ សេរ៉ាឡេអូន និង​ប្រទេស​អ៊ូហ្គាន់ដាផងដែរ។

អេបូឡា​ ជា​ជំងឺ​គ្រុន​ក្តៅ​ធ្លាក់​ឈាម​ ហើយ​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាល​ពី​ឆ្នាំ១៩៧៦។ ទីតាំង​ដែល​ជំងឺ​អេបូឡាត្រូវ​បាន​រក​ឃើញ​នៅ​ពេល​នេះ​ ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ​នៅ​តាម​ដង​ទន្លេ​អេបូឡា។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក​ថា​ នៅ​ចន្លោះ​ឆ្នាំ១៩៧៦ ​និង​ឆ្នាំ២០១២ ​មាន​ការ​រាតត្បាត​ជំងឺ​អេបូឡា​ចំនួន២៤​លើក​នៅតំបន់​ភាគខាង​ត្បូងវាលខ្សាច់​សាហារ៉ា ​ដែល​នាំ​ឱ្យ​មាន​ការ​ឆ្លង​ចំនួន​២ពាន់ ​៤រយករណី​ ដោយ​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន១ពាន់ ៥រយ ៩០​នាក់។ បន្ទាប់​មក ​ក៏​មាន​ការ​រាតត្បាត​ខ្លាំង​បំផុត​ដែល​បាន​កើត​ក្នុង​តំបន់​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក ​នៅ​ចន្លោះ​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៣ ​ដល់​ខែ​មករា​ ឆ្នាំ២០១៦​ បណ្តាល​ឱ្យ​មនុស្ស​២ម៉ឺន ៨ពាន់ ៦រយ ៤៦នាក់ ​ឆ្លង​ជំងឺ​នេះ ​ហើយ​មនុស្ស​ចំនួន​១ម៉ឺន ១ពាន់ ៣រយ ២៣នាក់​ បាន​ស្លាប់។ ​ការ​ឆ្លង​រាលដាល​តូចៗ​ក៏​មាន​បន្តបន្ទាប់​ក្នុង​ឆ្នាំ២០១៧ ​និងឆ្នាំ​២០១៨។ ការ​រាតត្បាត​ធំទី​ពីរ​ បាន​កើត​ឡើង​នៅ​ប៉ែក​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​ពី​ឆ្នាំ២០១៨​ ដល់​ឆ្នាំ២០២០។ ​នេះ​ជា​ការ​រាតត្បាត​ធំទីពីរ​នៃ​ជំងឺអេបូឡានៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក និង​ជា​ការ​រាតត្បាត​ទីមួយ​ក្នុង​តំបន់​មាន​សង្គ្រាម។

ជំងឺ​អេបូឡា​ឆ្លង​តាម​វត្ថុរាវ​នៃ​រាងកាយ​សត្វ ​ឬ​មនុស្ស​ដែល​មាន​ផ្ទុក​ជំងឺ​នេះ។ ការឆ្លង​អាច​កើត​មាន​តាម​រយៈ​ការ​ប៉ះពាល់​សព​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​អេបូឡា នៅ​ពេល​រៀបចំ​បញ្ចុះ​សព ​ដែល​មាន​រួម​បញ្ចូល​ការ​ប៉ះពាល់​ ឬ​លាង​សម្អាត​សាកសព​ជាដើម។

អង្គការ​សុខភាព​ពិភពលោក​ ហៅ​កាត់​ថា​ WHO រាយការណ៍​ថា ​ការ​ជួយ​ថែទាំ​នៅ​ពេល​ដំបូង​ និង​ការ​ចូល​រួម​ពី​សហគមន៍​ជា​កត្តា​សំខាន់ ​ក្នុង​ការជួយ​ស្រោចស្រង់ជីវិត​មនុស្ស​ និង​គ្រប់គ្រង​ការរាលដាល​នៃ​ជំងឺ​នេះ​បាន។ ដើម្បី​បង្ការ​មិន​ឱ្យ​មានការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺអេបូឡា តម្រូវ​ឱ្យ​មាន​ការ​ឃ្លាំ​មើល​ជំងឺ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ​និង​ចាត់​វិធានការ​ឆ្លើយតប​ឲ្យ​បាន​ឆាប់​រហ័ស ​និង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ករណី​ឆ្លង​ថ្មីៗ​នៅ​ក្នុង​ និង​ជុំវិញ​តំបន់​ដែល​មានជំងឺ។

ថវិកា​ជំនួយ​រហូត​ដល់​៣០​លាន​ដុល្លា​រ​ពី​រដ្ឋាភិបាល​ស.រ.អ.​ នឹង​គាំទ្រ​ដល់​ការ​តាមដាន​និង​ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​និង​ខាង​ការ​ធ្វើ​រោគវិនិច្ឆ័យ។ ជំនួយ​នេះ​ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បង្កើត​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​អេបូឡា ​និង​សម្រាប់​ពង្រឹង​ការ​បង្ការ​ការ​ឆ្លង ​និង​ការ​គ្រប់គ្រង​នៅ​តាម​មន្ទីរ​សុខភាព​ធំៗ​ផងដែរ។

ជំងឺ​ឆ្លង​ដូច​ជា​ជំងឺ​អេបូឡា​នេះ ​មិន​គោរព​ព្រំដែន​ប្រទេស​ជាតិ​ទេ ​ហើយ​អាច​ឆ្លង​រាតត្បាត​លឿន​បំផុត​ ដោយ​បំផ្លាញ​សុខភាព​ សន្តិសុខ​ និង​ភាពសំបូរ​រុងរឿង​នៃ​ប្រទេស​ទាំង​អស់​ថែម​ទៀត​ផង។ ​រដ្ឋាភិបាល​ស.រ.អ. ​មាន​មោទភាព​ក្នុង​ការ​ធ្វើ​វិភាគទាន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយ​តប​ប្រឆាំង​នឹង​ជំងឺ​ដ៏សែន​អាក្រក់​នេះ​ និង​ដល់​សន្តិសុខ​សុខភាព​សាកល​ទាំង​មូល៕

XS
SM
MD
LG