តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានបើកការិយាល័យថ្មីបំផុតនៃក្រសួងការបរទេស គឺការិយាល័យសន្តិសុខសុខភាពសាកលនិងការទូត។
លោករដ្ឋមន្ត្រី Blinken បានពន្យល់ថា បេសកកម្មសំខាន់របស់ការិយាល័យថ្មីនេះគឺបង្កើនអានុភាពនៃកម្លាំងពេញលេញនិងគោលដៅការទូតអាមេរិកាំងដើម្បីឱ្យប្រទេសក្នុងពិភពលោករួបរួមគ្នាបញ្ចៀសកុំឱ្យមានការរាតត្បាតជំងឺមួយលើកទៀត។ ហើយប្រសិនបើធ្វើដូច្នេះមិនកើតទេ គឺត្រូវប្រុងប្រៀបនិងឆ្លើយតបនឹងមហន្តរាយសុខភាពនៅពេលខាងមុខ។
លោក Blinken បាននិយាយថា៖«យើងបង្កើតការិយាល័យថ្មីមួយដើម្បីផ្តោតការយកចិត្តទុកដាក់ពេញលេញលើសេចក្តីត្រូវការធ្វើការសម្របសម្រួលនៅក្នុងប្រទេសនិងជាអន្តរជាតិនិងបង្កើនការប្រឹងប្រែងរបស់ក្រសួងការបរទេសសម្រាប់ពង្រឹងសន្តិសុខសុខភាពសាកលដើម្បីឱ្យពិភពលោកអាចឆ្លើយតបជាបន្ទាន់នៅពេលមានវិបត្តិសុខភាពលេចឡើង»។
ស.រ.អ.បានដឹកនាំការឆ្លើយតបនឹងការរាលដាលជំងឺជាអន្តរជាតិ ដោយធ្វើការជាមួយប្រទេសនានានៅទូទាំងពិភពលោកដើម្បីប្រយុទ្ធនឹងការរាតត្បាតជំងឺផ្តាសាយជ្រូកកាលពីឆ្នាំ២០០៩ ដើម្បីទប់ទល់នឹងការរាលដាលជំងឺ Ebola ធំបំផុតក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ២០១៤ និងដើម្បីពន្យឺតការរាលដាលជំងឺ Zika កាលពីឆ្នាំ២០១៥។ ហើយកាលពីឆ្នាំទៅ ស.រ.អ.បានប្រមែប្រមូលក្រុមចម្រុះសាកលមួយនៃប្រទេស៣២ នៃសហភាពអឺរ៉ុប សហភាពអាហ្វ្រិក អង្គការសុខភាពពិភពលោក ជាមួយសង្គមស៊ីវិលនិងវិស័យឯកជនដើម្បីដឹកនាំពិភពលោកឱ្យចេញពីដំណាក់កាលធ្ងន់ធ្ងរនៃការរាតត្បាតជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រី Blinken បានពន្យល់ថា ការិយាល័យសន្តិសុខសុខភាពសាកលនិងការទូតមានមុខនាទីធំៗបី។
លោកបានថ្លែងថា៖ «មុខនាទីទីមួយគឺដឹកនាំការទូតស.រ.អ.ក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពសាកលដើម្បីធ្វើឱ្យពិភពលោកប្រុងប្រៀបបានល្អជាងមុនក្នុងការបញ្ចៀស ការរកឱ្យឃើញ ការទប់ទល់និងការឆ្លើយតបនឹងជំងឺឆ្លង។ ការណ៍នេះមានរួម ដោយធ្វើការជាមួយដៃគូដើម្បីធ្វើឱ្យអង្គការដែលមានរួចស្រេចហើយមានភាពទំនើបដូចជាអង្គការសុខភាពពិភពលោកជាដើមសម្រាប់ឱ្យអង្គការទាំងនេះស័ក្តិសមជាងមុនសម្រាប់គោលដៅនេះ និងដោយចាត់ចែងទម្រង់ថ្មីៗដូចជាមូលនិធិសម្រាប់បង្ក្រាបការរាតត្បាតជំងឺផងដែរ»។
មុខនាទីទីពីរគឺបង្កើនអានុភាពជំនួយបរទេសស.រ.អ.សម្រាប់ពង្រឹងប្រព័ន្ធសុខភាពសាធារណៈមានរួមមន្ទីរពិសោធន៍និងសង្វាក់ផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រដើម្បីដោះស្រាយបញ្ហាគំរាមកំហែងខាងសុខភាពក្នុងពេលអនាគតជាមួយដៃគូជាតិ តំបន់ និងក្រុមដៃគូពហុភាគី។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «ហើយមុខនាទីទីបីគឺបង្កើនសន្តិសុខសុខភាពឱ្យទៅជាអាទិភាពសំខាន់មួយនៃគោលនយោបាយការបរទេសស.រ.អ.តាមរយៈការទាក់ទងខាងការទូតរបស់យើងនិងតាមរយៈមុខនាទីរបស់យើងក្នុងការចាត់ចែងគោលនយោបាយសន្តិសុខសុខភាពនៅទូទាំងរដ្ឋាភិបាលស.រ.អ.»។
លោក Blinken បានពោលថា ដោយមានការិយាល័យនេះ «យើងនឹងធ្វើឱ្យមានអនាគតមួយមានសុវត្ថិភាពនិងសន្តិសុខជាងមុនសម្រាប់ពលរដ្ឋយើងនិងមនុស្សនៅទូទាំងពិភពលោក»៕